តម្លៃ​អង្ករ​ឥណ្ឌា​ធ្លាក់ចុះ ខណៈ​ច្បាប់​តឹងរ៉ឹង​របស់​ចិន​ធ្វើឱ្យ​ឈ្មួញ​វៀតណាម​លែង​ហ៊ាន​នាំចេញ​អង្ករ​

981
ចែករម្លែក

​តម្លៃ​អង្ករ​នាំចេញ​បាន​ធ្លាក់ចុះ​នៅ​២​សប្តាហ៍​ជាប់​គ្នា​នៅ​ឥណ្ឌា ខណៈដែល​ការត្រួតពិនិត្យ​យ៉ាង​តឹងតែង​ពី​ចិន​បាន​បិទ​ការនាំ​ចេញពី​វៀតណាម​។​

​អង្ករ​បាក់ ៥ ភាគរយ​របស់​ឥណ្ឌា​គឺមាន​តម្លៃ​ប្រហែល ៣៦៥ ដុល្លារ​ទៅ ៣៦៨ ដុល្លារ​ក្នុង​មួយ​តោន​នៅ​សប្ដាហ៍​នេះ ធៀប​នឹង​សប្តាហ៍​មុន​គឺ ៣៦៦ ដុល្លារ​ទៅ ៣៧០ ដុល្លារ​។​

​អ្នក​នាំចេញ​ម្នាក់​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​កាគី​ណា​ដា (Kakinada) នៅ​ភាគខាងត្បូង​នៃ​រដ្ឋ​អាន់​ដ្រា​ប្រា​ដេ​ស បាន​និយាយថា “​តម្លៃ​បាន​ធ្លាក់ចុះ​ខណៈ​ពួក​ឈ្មួញ​កំពុង​សម្រប​ទៅតាម​ការធ្លាក់ចុះ​តម្លៃ​លុយ​រូពី​។ តម្រូវការ​នៅតែ​ខ្សោយ​ដដែល​”​។​

​ប្រាក់​រូពី​ឥណ្ឌា​បាន​ធ្លាក់ចុះ​ជិត ១ ភាគរយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៦​ធ្នូ​ដល់​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​២​សប្តាហ៍​មកនេះ ដោយ​បង្កើន​គម្លាត​ការលក់​នៅក្រៅ​ប្រទេស​សម្រាប់​ពួក​អ្នក​នាំចេញ​។​

​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ព​ន្លឿ​ន​ការនាំចេញ រដ្ឋាភិបាល​ឥណ្ឌា​កាលពី​ខែ​មុន​បាន​និយាយថា ខ្លួន​នឹង​ផ្តល់​សម​វិធាន​ធន ៥ ភាគរយ​សម្រាប់​ការនាំចេញ​អង្ក​រមូល​មិន​បាក់ សម្រាប់​រយៈពេល​៤​ខែ​ដល់​ថ្ងៃទី ២៥ ខែមីនា​ឆ្នាំ ២០១៩​។​

​ទិន្នន័យ​របស់​ក្រសួង​ស្បៀងអាហារ​របស់​ឥណ្ឌា​បាន​បង្ហាញថា នៅ​ប្រទេសជិតខាង​បង់​ក្លា​ដែ​ស ការ​នាំចូល​អង្ករ​នៅ​ខែកក្កដា​ដល់​ខែវិច្ឆិកា​មាន​ចំនួន ១០៦.៦៤០ តោន​បន្ទាប់ពី​រដ្ឋាភិបាល​បាន​យកពន្ធ ២៨ ភាគរយ​លើ​ការ​នាំចូល​ដើម្បី​គាំទ្រ​ដល់​កសិករ​របស់ខ្លួន បន្ទាប់ពី​ផលិតកម្ម​ក្នុងស្រុក​បាន​ងើប​ឡើងវិញ​។​

​ទន្ទឹមនឹង​នេះដែរ ពួក​ឈ្មួញ​និយាយថា នៅ​វៀតណាម​តម្លៃ​អង្ករ​បាក់ ៥ ភាគរយ​បាន​ធ្លាក់​ចុះមក​នៅត្រឹម ៤០០ ដុល្លារ​ក្នុង​មួយ​តោន​ពី ៤០៨ ដុល្លារ​កាលពី​សប្តាហ៍​មុន ខណៈដែល​ការនាំចេញ​ទៅកាន់​ប្រទេស​ចិន​បាន​ធ្លាក់ចុះ ដោយសារ​ការត្រួតពិនិត្យ​និង​លក្ខខណ្ឌ​កាន់តែ​តឹងតែង​លើ​អង្ករ​វៀតណាម​។​

​ឈ្មួញ​ម្នា​ក់នៅ​ហូជីមិញ​បាន​និយាយថា “​ការនាំ​ចេញទៅ​ចិន​គឺ​ស្ទើរតែ​លែងមាន គ្មាន​នរណាម្នាក់​ហ៊ាន​ទិញ​ឬ​លក់​ទេ​។ មនុស្ស​មួយចំនួន​ដែល​ត្រៀម​អង្ករ​នៅ​កំពង់ផែ​សម្រាប់​នាំចេញ​នោះ ឥឡូវ​ត្រូវ​ដឹក​វា​ត្រឡប់មកវិញ ព្រោះ​ពួកគេ​ខ្លាច​ភាគី​ចិន​មិន​ព្រម​ទិញ​”​។

​នៅ​ថៃ​វិញ តម្លៃ​អង្ករ​បាក់ ៥ ភាគរយ​គឺ ៣៩០-៣៩៣ ដុល្លារ​ក្នុង​មួយ​តោន ធៀប​នឹង​សប្តាហ៍​មុន​គឺ ៣៨០-៣៩៧​ដុល្លារ​៕ ដោយ៖ កញ្ញាដាលីស

កសិករ​ឥណ្ឌា​កំពុង​ស្ទូងស្រូវ​នៅ​រដ្ឋ​អាស​សាម

ទីតាំងផ្សាយពាណិជ្ជកម្ម