ដាក់ពង្រាយ​ម៉ាស៊ីន​ដើម្បី​បូម​រំដោះ​ទឹក​ដែល​កំពុង​លិច​ស្រែប្រាំង​ជិត​៧០០​ហិកតា

1187
ចែករម្លែក

​ដោយ​៖​សេង​ឃួន​/​ក្រចេះ​៖ផ្ទៃដី​ស្រែប្រាំង​របស់​ប្រជាកសិករ​ជិត​៧០០​ហិកតា​ដែល​បាន​លិចលង់​ដោយ​ទឹកភ្លៀង​។​ខណៈ​ពេលនេះ​ត្រូវបាន​អាជ្ញាធរ​មូលដ្ឋាន​រួម​ជាមួយនឹង​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តក្រចេះ​បានដាក់​ពង្រាយ​ម៉ាស៊ីនបូមទឹក​ជាច្រើន​ក​ន្លែ​ង​ដើម្បី​រំដោះ​ទឹក​ចេញពី​ប្រឡាយ​ជួយសង្គ្រោះ​ដល់​ស្រូវប្រាំង​ដែល​កំពុង​លិចលង់​ទាំងនោះ​។​ស្រូវប្រាំង​កំពុង​លិចលង់​ស្ថិតក្នុង​សង្កាត់​រកា​កណ្តាល​ក្រុង​ក្រចេះ​ខេត្តក្រចេះ​កាលពី​រសៀល​ថ្ងៃទី​៦​ខែធ្នូ​ឆ្នាំ​២០១៨​។​

ប្រជាកសិករ​រស់នៅ​សង្កាត់​រកា​កណ្តាល​ក្រុង​ចេះ​បាន​ស្នើសុំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​អន្តរាគមន៍​ជួយសង្គ្រោះ ឱ្យបាន​ទាន់ពេលវេលា​។​ព្រោះ​ប្រសិនជា​ទឹក​នៅតែ​បន្ត​លិច​នោះ​ស្រូវប្រាំង​នឹងរង​ការខូចខាត​ទាំងស្រុង​តែម្តង​។​លោកស្រី​កុសល​ចៅសង្កាត់​រកា​កណ្តាល​បានឱ្យដឹងថា​ផ្ទៃដី​ស្រែប្រាំង​ដែល​រង​ផលប៉ះពាល​ដោយ​ជំនន់​ទឹកភ្លៀង​គឺមាន​រយៈពេល​ជាង​មួយ​សប្ដាហ៍​មកហើយ​។​លើ​ផ្ទៃដី​ស្រែ​របស់​ប្រជាកសិករ​សរុប​ចំនួន​៦៨០​ហិកតា តែ​ផ្ទៃដី​ទទួលរង​ផលប៉ះពាល​ទាំងស្រុង​មាន​ចំនួន ៥៨០​ហិកតា​។​

​លោក​ក៏បាន​រាយការណ៍​ជូន​អាជ្ញាធរ​ក្រុង​និង​មន្ទីរជំនាញ​ពាក់ព័ន្ធ​ផងដែរ​ដើម្បី​អន្តរាគមន៍​ជួយសង្គ្រោះ​នៅតាម​បណ្តាញ​ប្រព័ន្ធ​ប្រឡាយ​បង្ហូរ​រំដោះ​និង​ឧ​ត្ថ​ម្ភ​ដល់​ដំណើរការ​ជួយសង្គ្រោះ​។​មកដល់ពេលនេះ​ស្ថានភាព​ទឹក​ក៏បាន​ស្រក​ចុះ​ជិត​៥០​ភាគរយ​នៃ​ផ្ទៃដី​៣០០​ហិកតា​។​ឆ្លើយតប​ទៅនឹង​ការស្នើសុំ​របស់​ប្រជាកសិករ​លោក​ហេង​រត្ន​ម៉ូ​លីដា​ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត​បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​ដាក់​ម៉ាស៊ីន​ដើម្បី​បូមទឹក​ជួយ​សង្គ្រោះបាន​ទាន់ពេលវេលា​។​

​លោក​ប្រធាន​មន្ទីរ​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា​ការជួយ​សង្គ្រោះ​នាពេលនេះ​មន្ទីរ​ជួយ​ទៅលើ​ម៉ាស៊ីនបូមទឹក​និង​ប្រេង​ជាដើម​ក្នុងការ​បូម​រំដោះ​រហូត​ទាល់តែ​អស់​ទឹក​ចេញពី​ផ្ទៃដី​ស្រែ​របស់​ប្រជាកសិករ ទោះ​ក្នុង​រយៈពេល​វែង ឬ​ខ្លី​ក៏ដោយ​ដើម្បី​ឲ្យ​ពួកគាត់​ឆាប់​ទទួលបាន​លទ្ធផល​ថា​ត្រូវ​ស្តារ​ក្នុង​កម្រិតណា​។

​លោក​ក៏បាន​ស្នើសុំ​ដល់​អាជ្ញាធរខេត្ត​រួម​សប្បុរសជន​សុំ​ឲ្យ​ជួយឧបត្ថម្ភ​គាំទ្រ​ជា​សម្ភារៈ​និង​ថវិការ​ក្នុងការ​ផ្គត់ផ្គង់​លើ​ដំណើរការ​បូមទឹក​រំដោះ​ចេញពី​ផ្ទៃដី​ស្រែប្រាំង​របស់​បងប្អូន​ប្រជាកសិករ​ដែល​កំពុង​ជួប​ការលំបាក​៕S/

​ដាក់ពង្រាយ​ម៉ាស៊ីន​ដើម្បី​បូម​រំដោះ​ទឹក​ដែល​កំពុង​លិច​ស្រែប្រាំង​ជិត​៧០០​ហិកតា


ទីតាំងផ្សាយពាណិជ្ជកម្ម