ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស ចូលរួម​ដាំ​កូនឈើ​ដើម្បី​កម្ពុជា​កាន់តែ​បៃតង​

876
ចែករម្លែក
  • 15
    Shares

ដោយ​: សុផល / ភ្នំពេញ​: កូនឈើ​សរុប​ប្រមាណ ១.០០០ ដើម នឹងត្រូវ​ដាំ​ដោយ​បុគ្គលិក​ស្ម័គ្រចិត្ត នៃ​ក្រុមការងារ​សង្គម​របស់​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ ឬ​ហៅថា “​ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស​” ជាង ១០០ នាក់​នៅតាម​សាលារៀន​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ដែលជា​ផ្នែក​មួយ​នៃ “​គម្រោង​លើកកម្ពស់​ការយល់ដឹង​ស្តីអំពី​បរិស្ថាន និង​ការដាំ​កូនឈើ​” ដែលមាន​ការសហការ​ជាមួយ​ក្រសួងបរិស្ថាន ក្រសួង​អប់រំ យុវជន និង​កីឡា និង​សាលា​រាជធានី​ភ្នំពេញ​។​

​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​ធ្វើឡើង នៅ​សាលា បឋមសិក្សា​សន្ធរម៉ុក​កាលពី​ថ្ងៃ​៧​ខែធ្នូ​ឆ្នាំ​២០១៨ ណាហ្គា​វើ​លដ៍ បានទទួល​នូវ​ការកោតសរសើរ​យ៉ាងខ្លាំង​ចំពោះ​ការដាំ​កូនឈើ ៣.៣០០ ដើម​ចាប់តាំងពី​ឆ្នាំ ២០១៤ បន្ថែម​ទៅលើ​កិច្ចខិតខំ​ប្រឹងប្រែង​លើកកម្ពស់​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​ស្រស់បំព្រង និង​កាន់តែ​បៃតង​។​

​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ណាហ្គា​វើ​ល​ដ៍លោក Pern Chen បាន​មានប្រសាសន៍ថា “​ការការពារ​បរិស្ថាន គឺជា​ការងារ​សង្គម​អាទិភាព​មួយ​នៃ​គម្រោង​អភិរក្ស​បរិស្ថាន​របស់​យើង ។ តាមរយៈ​កម្មវិធី​ដាំ​កូនឈើ និង​ការណែនាំ​ស្តីអំពី​ការថែរក្សា​កូនឈើ​នេះ យើង​សង្ឃឹមថា​សិស្សានុសិស្ស នឹង​ស្វែងយល់​បន្ថែម​អំពី​ការអភិរក្ស​បរិស្ថាន និង​យល់ដឹង​អំពី​វិធី​ជួយ​ធ្វើ​ប្រទេស​កម្ពុជា​កាន់តែ​បៃតង​ក្នុងពេល​អនាគត ។ មិនតែប៉ុណ្ណោះ ពួកគេ​នឹង​ទទួលបាន​ខ្យល់អាកាស និង​ម្លប់​ពី​កូនឈើ ដែល​ពួកគេ​បាន​ដាំ​ផងដែរ​” ។​

​អភិបាលរង​រាជធានី​ភ្នំពេញ លោក ហួត ហៃ បាន​មានប្រសាសន៍ថា “​យើង​ដឹងថា ដើមឈើ​មិន​ត្រឹមតែ​ផ្តល់​សោភ័ណភាព​ស្រស់បំព្រង​នោះទេ ប៉ុន្តែ​ថែមទាំង​ផ្តល់នូវ​ខ្យល់អាកាស​បរិសុទ្ធ និង​ធ្វើ​ឲ្យ​ដី​មាន​ភាព​ត្រជាក់​ទៀតផង ។ ដូច្នេះ យើង​មាន​សេចក្តី សោមនស្ស​រីករាយ​ដែល​កម្មវិធី​ដាំ​កូនឈើ​នេះ នឹងធ្វើ​ឲ្យ​បរិយាកាស​រស់នៅ​របស់​ប្រជាជន​នៅក្នុង​សហគមន៍​កាន់តែ​ប្រសើរ​នៅក្នុង​ពេលអនាគត​” ។​

​លោកស្រី ឃុន រចនា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មានប្រសាសន៍ថា “​ក្រសួង​តែងតែ​លើកទឹកចិត្ត​ឲ្យ​មាន​ការដាំ​ដើមឈើ ដូចជា​ដាំ​ដើមឈើ​ជា​របង​សម្រាប់​ផ្តល់​ជា​ម្លប់​ក្នុង​ទីធ្លា និង​នៅ​កន្លែង​លេង​របស់​សិស្ស និង​អម​សងខាង​ផ្លូវ​ក្នុង​ទីធ្លា​សាលា ជាដើម ។ នៅពេល​សាលា​រៀនមាន​ម្លប់ឈើ​ត្រឈឹងត្រឈៃ វា​នឹង​ទាក់ទាញ​ឲ្យ​សិស្សានុសិស្ស​មានចិត្ត​ចង់​មក​
សាលារៀន និង​មក​រៀន​បាន​ទៀងទាត់ ជាពិសេស​ជួយ​ធ្វើ​ឲ្យ​លទ្ធផល​នៃ​ការសិក្សា របស់​ពួកគេ កាន់តែ​ប្រសើរ​” ។​

​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បានធ្វើការ​កត់សម្គាល់​ថា ព្រៃឈើ “​គឺជា​ដង្ហើម​នៃ​ភពផែនដី​របស់​យើង​” និង​មាន​សារសំខាន់​ណាស់​ក្នុងការ​ថែរក្សា​ប្រព័ន្ធ​អេកូឡូស៊ី​។ “​ដើមឈើ ជួយ​កាត់បន្ថយ​ផលប៉ះពាល់​នៃ​បម្រែបម្រួល​អាកាសធាតុ​ដោយ​វា​ស្រូបយក​ឧស្ម័ន​កាបូ​និ​ច​ពី​បរិយាកាស និង​បញ្ចេញ​មកវិញ​នូវ​អុកស៊ីសែន​ដើម្បី​កាត់បន្ថយ​ការបំពុល​នៃ​ខ្យល់​”​។

​លោក​ក៏បាន​ផ្ញើ​សារ​ឲ្យ​ប្រជាជន​ទាំងអស់​ជួយ​ការពារ​ធនធានធម្មជាតិ និង​អភិរក្ស​ជីវៈចម្រុះ​ផងដែរ​។ “​តាមរយៈ​កម្មវិធី​ដ៏​ល្អ​នេះ យើង​ចង់ឃើញ​និរន្តរភាព​នៃ​ដើមឈើ​ដែល​យើង​ដាំ និង​លើកកម្ពស់​ការដាំ​កូនឈើ​ទូទាំងប្រទេស​ដែល​ស្របទៅនឹង​ទិសដៅ​របស់​អង្គការសហប្រជាជាតិ​ក្នុងការ​ទប់ស្កាត់​កុំ​ឲ្យ​មាន​វាល​រហោស្ថាន​”៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម