​រថយន្ត​បើក​បុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​បុរស​ម្នាក់​ស្លាប់​នៅ​ខណ្ឌចំការមន

858
ចែករម្លែក

ដោយ​៖​ម៉ា​រ៉ា​/​ភ្នំពេញ​៖​បុរស​ម្នាក់​ត្រូវ​រថយន្ត​ហ៊ីយ៉ាន់ដាយ​បើក​កៀរ​បណ្ដាលឱ្យ​ដួល​បោក​ក្បាល​ស្លាប់​ក្នុង​ថ្លុកឈាម​។​សាច់ញាតិ​ក្រុមគ្រួសារ​បានមក​ទ្រហោយំ​ននៀល​ពេញ​ផ្លូវ​គួរ​ឲ្យ​សង្វេក​បំផុត​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​បង្ក​ការភ្ញាក់ផ្អើល​នៅតាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង កែង​ផ្លូវ​លេខ​១៩៣ ក្នុង​សង្កា​ត​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន​កាលពី​វេលា​ម៉ោង​១០ និង​៤០​នាទី​យប់ ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៨ ។​
​ប្រភពព័ត៌មាន​បាន​ប្រាប់​ឲ្យ​ដឹងថា​ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ លឹម បូ​ណា ហៅ​ឆុង អាយុ​២៤​ឆ្នាំ មុខ​របប​សន្តិសុខ រស់នៅ​ក្រោយ​ម្ដុំ​មន្ទី​ពេទ្យរុស្ស៊ី​ក្នុង​សង្កាត់​ទំនប់ទឹក​ខណ្ឌចំការមន​។ មុនពេល​កើតហេតុ​គេ​ឃើញ ជនរងគ្រោះ​(​ស្លាប់​) បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក SUZUKI LET’S ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​1FD-1998 ធ្វើដំណើរ​ម្នាក់ឯង​ទិសដៅ​ពី​ត្បូង​មក​ជើង​។

​ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់​តែមាន​រថយន្ត​បង្ក​ម៉ាក ហ៊ីយ៉ាន់ដាយ ២​តោន​កន្លះ ពណ៌​ស ពាក់​ស្លាក​លេខ ត្បូងឃ្មុំ 3A-1004 បានធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​យ៉ាង​លឿន​មកពី​ក្រោយ ។​បាន​កៀរ​ម៉ូតូ​ជនរងគ្រោះ​ឱ្យ​ដួល​អូស​ជាច្រើន​ម៉ែត្រ​បណ្ដាល​ឲ្យ​ជនរងគ្រោះ​បោក​ក្បាល​និង​ថ្នល់​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោច​អធម៌​។​តៃកុង​រថយន្ត​បង្ក​បាន​ឈប់​រថយន្ត​ចុះ​គេចខ្លួនបាត់ នៅសល់តែ​ព្រូ​រថយន្ត​ត្រូវ​ប្រជាពលរដ្ឋ​ចាប់​ប្រគល់ឱ្យ​សមត្ថកិច្ច​ភ្លាមៗ ។​

​ក្រោយមក សមត្ថកិច្ច​មូលដ្ឋាន​បាន​ទាក់ទង​ទៅ​ជំនាញ​ចរាចរណ៍ ឲ្យ​មក​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក និង​ម៉ូតូ​រង​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕S/

​រថយន្ត​បើក​បុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​បុរស​ម្នាក់​ស្លាប់​នៅ​ខណ្ឌចំការមន

ទីតាំងផ្សាយពាណិជ្ជកម្ម