ក្រុម​ចម្រៀង​កូរ៉េ BTS ជាប់​ជា​បុគ្គល​ឆ្នើម​ប្រចាំឆ្នាំ​២០១៨ របស់​ទស្សនា​វ​ដ្តី TIME

1644
ចែករម្លែក

​ក្រុម​ចម្រៀង​កូរ៉េ BTS បាន​ក្លាយជា​ជ័យលាភី​នៃ​ការស្ទង់មតិ​របស់​អ្នកអាន​តាម​អន​ឡាញ​សម្រាប់​បុគ្គល​ឆ្នើម​ប្រចាំឆ្នាំ​២០១៨​របស់​ទស្សនា​វ​ដ្តី TIME ដោយ​ផ្តួល​តារា​ល្បីៗ​ផ្សេងទៀត មេដឹកនាំ​ពិភពលោក និង​អ្នកនយោបាយ​នានា​ដើម្បី​ឡើងមក​ទី​កំពូល​។​

​ក្រុម​ចម្រៀង K -Pop ដែលមាន​សមាជិក​៧​រូបនេះ​ត្រូវបាន​បង្កើតឡើង​ដោយមាន​តារាចម្រៀង​ដូចជា ជី​មីន អាយុ​២២​ឆ្នាំ ជីន អាយុ​២៥​ឆ្នាំ ស៊ូ​ហ្គា អាយុ​២៥​ឆ្នាំ ជេ​ហូប អាយុ​២៤​ឆ្នាំ អា​អឹម អាយុ​២៤​ឆ្នាំ វី អាយុ​២២​ឆ្នាំ និង ជុង​ស៊ុ​គ អាយុ​២១​ឆ្នាំ​។​

​ពួកគេ​បាន​ស្ថិតនៅលើ​កំពូល​នៃ​ការស្ទង់មតិ ដែល​ត្រូវបាន​រៀបចំឡើង​អស់​ជាច្រើន​សប្តាហ៍​ដើម្បី​ឆ្លុះបញ្ចាំង​ពី​បុគ្គល ដែល​អ្នកអាន​គិតថា​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​លើ​ព្រឹត្តិការណ៍​កាលពី​ឆ្នាំមុន​។ យោងតាម​ទស្សនា​វ​ដ្តី TIME មនុស្ស​រាប់លាន​នាក់​បាន​បោះឆ្នោត​។​

​អ្នក​ដែល​ជាប់​លេខ​២​គឺ​អង្គការ Planet Earth ដែល​ចាញ់ BTS ក្នុង​ការស្ទង់មតិ​ត្រឹមតែ ០,១២ ភាគរយ​ប៉ុណ្ណោះ​។​

​ក្រុម​អ្នក​មុជទឹក​នៅ​ល្អាង​ភ្នំ​ថៃ​បាន​ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ ៣​។​

​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូ​ន ជែ​អ៊ី​ន ជាប់​លេខ​៤ និង អតីត​ជំទាវ​ទីមួយ​លោកស្រី មី​ឆែ​ល អូ​បា​ម៉ា ជាប់​លេខ​៧​។ លោកស្រី​ត្រូវបាន​ផ្តួល​ដោយ​រជ្ជទាយាទ​អា​រ៉ា​ប៊ី​សា​អូឌីត ម៉ូ​ហា​ម៉េ​ត ប៊ី​ន សាល់​ម៉ាន់ ដែល​ល្បី​ពេញ​កាសែត​បរទេស​ជុំវិញ​ការជាប់​ទាក់ទិន​របស់​ទ្រង់​ក្នុងការ​ធ្វើឃាត​អ្នកកាសែត Washington Post លោក ចា​ម៉ា​ល់ ខា​សូក​ជី ដោយ​ដណ្តើមបាន​លេខ ៦​។ លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ជាប់​លេខ ១៨៕ ដោយ៖ កញ្ញាដាលីស

ក្រុម BTS ជាប់​ជា​បុគ្គល​ឆ្នើម​ប្រចាំឆ្នាំ​២០១៨ របស់​ទស្សនា​វ​ដ្តី TIME

ទីតាំងផ្សាយពាណិជ្ជកម្ម