ស្ករ​ចេក​និង​ស្រា​ចេក​ផលិត​នៅ​ខេត្តកំពង់ចាម​មាន​គម្រោង​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​

1616
ចែករម្លែក

​ដោយ​:​គង់​ហេង​/​កំពង់ចាម​:​អ្នក​ផលិត​ស្ករ​ចេក​និង​ស្រា​ចេក​នៅ​ស្រុក​ចម្ការលើ​ខេត្តកំពង់ចាម​មាន​គម្រោង​នឹង​នាំយក​ផលិតផល​ទាំងនោះ​ទៅកាន់​ទីផ្សារ​នៅ​បណ្តា​ប្រទេសមួយ​ចំនួន​នាពេល​ខាងមុខនេះ​។​​លោក​លឹម ផា​រ៉ា ម្ចាស់​សហគ្រាស​ផលិត​ស្ករ​ចេក​និង​ស្រា​ចេក នៅ​ភូមិ​តា​អុង ស្រុក​ចម្ការលើ បាន​ឲ្យ​ដឹងថា លោក​ត្រៀម​នឹង​នាំយក​ផលិតផល​ទាំងពីរ​ប្រភេទ​នេះ​ទៅ​លក់​នៅលើ​ទីផ្សារ​អន្តរជាតិ​។

​ផែនការ​នាំចេញ​នេះ​គឺ​បន្ទាប់ពី​ផលិតផល​ទាំងនេះ​ទទួលបាន​ការរីកចំរើន​ជា​បន្តបន្ទាប់​និង​មានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋនៅក្នុង​ប្រទេស​។​លោក​ផា​រ៉ា​បានឱ្យដឹងថា​កន្លងមក​ស្ករ​និង​ស្រា​ចេក​ធ្លាប់បាន​នាំយកទៅ​ចូលរួម​តាំង​ពិ​ព័រ​ណ៌​នៅ​ប្រទេស​ចិន​ជាច្រើន​ដង​និង​បាន​នាំចេញ​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង​និង​ជប៉ុន​ផងដែរ​តែ​ចំនួន​នោះ​មាន​តិចតួច​នៅឡើយ​។​

​ដូច្នេះហើយ​នៅពេល​ខាងមុខ​យើង​នឹងមាន​គម្រោង​នាំចេញ​ឲ្យ​បាន​កាន់តែច្រើន​ហើយ​រំពឹងថា​នឹងមាន​ការគាំទ្រ​ពី​បណ្តា​ប្រទេស​ទាំងនោះ​។​ដ្បិតអី​មានតែ​ប្រទេស​កម្ពុជា​មួយគត់​ដែល​បាន​កែច្នៃ​ផ្លែ​ចេកទុំ​ឲ្យ​ទៅជា​ស្ករ​និង​ស្រា​បែបនេះ​។​ម្ចាស់​សហគ្រាស​រូបនេះ​បានបញ្ជាក់​ថា​ស្រា​ចេក​និង​ស្ករ​ចេក​ដែល​គ្រោង​នាំចេញ​នេះ​គឺ​ផលិត​ចេញពី​ចេកណាំវ៉ា​ទុំ មាន​ក្នុងស្រុក​ចម្ការលើ ខេត្តកំពង់ចាម​។

​ក្នុង​មួយខែ​សហគ្រាស​របស់លោក​អាច​ផលិត​បាន​ស្ករ​ចេក​ពី​៣​ទៅ​៤​តោន​និង​ស្រា​ចេក​ជាច្រើន​ប្រភេទ​ពី​៣​ទៅ​៤​ពាន់​ដប​។​តម្លៃ​ស្ករ​ចេក​ក្នុង​មួយកញ្ចប់​ឬមួយ​កំប៉ុង​តម្លៃ​ពី​៤​ទៅ​១០​ដុល្លារ​,​ចំពោះ​ស្រា​ចេក​តម្លៃ​មាន​ចាប់ពី​៧​ដុល្លារ​កន្លះ​ទៅដល់​១២​ដុល្លារ​ក្នុង​មួយ​ដប​តាម​ប្រភេទ​របស់​ស្រា​និ​មួយៗ​។​

​លោក​បញ្ជាក់ថា​ចំពោះ​ស្រា​និង​ស្ករ​ចេក​ដែលជា​ផលិតផល​កើតចេញពី​ស្នាដៃ​របស់​កូន​ខ្មែរ​នេះ​គឺមាន​រស់ជាតិ​ឈ្ងុយឆ្ងាញ់​និង​មាន​អនាម័យ​ល្អ​ណាស់​។​សហគ្រាស​របស់លោក​បាន​ចុះបញ្ជី​ផលិត​នៅ​នាយកដ្ឋាន​ស្តង់ដារ​របស់​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​ត្រឹមត្រូវ​។​

ម្ចាស់​សហគ្រាស​ផលិត​ស្ករ​និង​ស្រា​ចេក​ក៍​បានស្នើ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ត្រូវ​ជួយ​បង្កលក្ខណ​:​គ្រប់បែបយ៉ាង​ទាំង​បច្ចេកទេស​និង​ផ្លូវច្បាប់​ដើម្បី​ធ្វើយ៉ាងណា​បម្រើ​ឲ្យ​ការនាំចេញ​របស់​វិស័យ​ឯកជន​មាន​ភាពងាយស្រួល​៕S/

ស្ករ​ចេក​និង​ស្រា​ចេក​ផលិត​នៅ​ខេត្តកំពង់ចាម​មាន​គម្រោង​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​

ទីតាំងផ្សាយពាណិជ្ជកម្ម