តារា​ប្រុស​បី​ដួង​ពួតដៃគ្នា បើក​ជំនួញ​ខ្នាត​យក្ស

1481
ចែករម្លែក

ដោយ​: បញ្ញា​សាស្ត្រ / ភ្នំពេញ​- តារាចម្រៀង​បី​រូប បានរួម​គ្នា​បង្កើត​ជំនួញ​ដីធ្លី​ដ៏​អស្ចារ្យ​មួយ ក្រោម​ទឹកប្រាក់​ប្រមាណ​២០​លាន​ដុល្លារ​។ នេះ​បើតាម​ការប្រកាស​ឲ្យ​ដឹង​ពី​តារាចម្រៀង ព្រាប សុវត្ថិ លោក ខេមរៈ សិរីមន្ត និង លោក ឡេង ណា​វ៉ា​ត់​ត្រា ជា​តារាចម្រៀង​ក្នុង​ផលិតកម្ម Galaxy និង​ជា​ឧកញ៉ា​ជំនួញ​អចលនទ្រព្យ​ដ៏​ល្បី ដែល​បានប្រកាស​សន្និសីទកាសែត​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​០៨ ធ្នូ ២០១៨ នេះ​។

​តារា​ទាំងបី​បានប្រកាស​យ៉ាង​មុខមាំ​ថា នឹងធ្វើ​ឲ្យ​ជំនួញ​ដីធ្លី និង​បើក​សាងសង់​បុរី​របស់ខ្លួន​ក្លាយជា​គម្រោង​កាន់តែ​ធំ​ក្នុងពេល​បន្តបន្ទាប់ ខណៈដែល​ក្រោយពី​បើក​គម្រោង​យក្ស​នៅ​ម្ដុំ​ផ្សារ​ព្រៃទទឹង​លើ បណ្ដោយ​ផ្លូវជាតិ​លេខ​៣​នេះ ក៏​នឹងមាន​គម្រោង​បន្តបន្ទាប់​ទៀត ដោយ​មិន​បែក​ហ៊ុន​គ្នា​ឡើយ ដើម្បី​ប្រកួតប្រជែង​លើ​ទីផ្សារ​អចលនទ្រព្យ​នេះ អោយ​កាន់​តែមាន​សន្ទុះ​ខ្លាំងក្លា​ផងដែរ​។​

​លោក ព្រាប សុវត្ថិ ថ្លែងថា គម្រោង​ចាប់ដៃ​ជាមួយ លោក ខេមរៈ សិរីមន្ត និង​លោក​ឧកញ៉ា ឡេង ណា​វ៉ា​ត់​ត្រា លើក​នេះ គឺជា​គម្រោង​ធំ​មួយ​សម្រាប់​គម្រោង​ពុះ​ដី​ឡូ​តិ៍លក់ និង​សាងសង់​បុរី ដោយ​គម្រោង​ទាំងមូល ក្រៅពី​ស្ថិតនៅលើ​ទីតាំង​ដែលជា​ទីប្រជុំជន​ល្អ ងាយស្រួល​រស់នៅ មានតម្លៃ​ធូរ​ថ្លៃ ក៏​ជា​គម្រោង​ដែល​បង្ហាញ​ពី​ការ​សាមគ្គី និង​យល់​ចិត្តថ្លើម​គ្នា​រវាង​ពួកលោក​ទាំង​៣ ជាពិសេស​គឺ​លោក​ខេមរៈ សិរីមន្ត កាន់តែ​ល្អ​ផងដែរ​។

​លោក​ថា សប្បាយចិត្ត ដែល​លោក និង​លោក ខេមរៈ សិរីមន្ត បាន​ចាប់ដៃគ្នា​ក្នុង​គម្រោង​ធំដុំ ខណៈដែល​មុខ​ជំនួញ​នេះ គឺ​បាន​កិច្ចសហការ និង​ការ​ដុតដៃដុតជើង​ពី​អ្នកជំនាញ​ដីធ្លី​គឺ​លោក ឡេង ណា​វ៉ា​ត់​ត្រា យ៉ាង​យកចិត្តទុកដាក់​។ លោក​រំពឹង​យ៉ាងខ្លាំង​ថា គម្រោង​ធំ​មួយ​នេះ នឹង​កក្រើក ហើយ​ទទួលបាន​លទ្ធផល​ខ្លាំង​ជាង​មុន ដោយសារតែ​គម្រោង​មួយ​នេះ​ក្រៅពី​ពុះ​ជា​ឡូ​តិ៍​ដាក់លក់ ក៏មាន​គម្រោង​សង់​ជា​ផ្ទះ​វីឡា​សម្រាប់​លក់ ហើយ​ស្ថិតនៅក្នុង​តំបន់​សក្កា​នុព​ល​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣​។

​លោក​ឧកញ៉ា ឡេង ណា​វ៉ា​ត់​ត្រា ប្រកាសថា វត្តមាន​កំពូល​តារាចម្រៀង​ទាំងពីរ​ជា​ដៃគូ​ភាគហ៊ុន មិន​ត្រឹមតែ​ទទួលបាន​ដើមទុន​កើនឡើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​អោយ​មុខ​ជំនួញ​ទាំងមូល​ទទួលបាន​ការ​ចាប់អារម្មណ៍​ក្នុងការ​ប្រកួតប្រជែង​។ ក្នុងនោះ​ចំពោះ​ជំនឿ​ចិត្ត​សម្រាប់​អតិថិជន​ក៏​នឹង​ខ្ពស់​ផងដែរ ដោយសារតែ​តារាចម្រៀង​ទាំងពីរ​គឺជា​តារា​ល្បី ដែល​អតិថិជន​ចង់​ទិញ​ដី​ឡូ​តិ៍ ឬ​ទិញ​ជា​ផ្ទះ មិន​ភ័យ​រឿង​គម្រោង​ដី​នេះ​ជា​គម្រោង​ដី​មិន​ស្របច្បាប់ ឬ​សំណង់ផ្ទះ​ខ្យល់​។ គម្រោង​ទាំងមូល​លោក​ថា ប្រើ​ដើម​ច្រើនជាង​២០​លាន​ដុល្លារ ដោយ​ពួកលោក​ទាំង​៣​សុទ្ធ​តែមាន​ភាគហ៊ុន​ជា​ចំណែក មិនមែន លោក ព្រាប សុវត្ថិ និង​លោក ខេមរៈ សិរីមន្ត មក​ក្នុង​តំណែង​ជា​តំណាង​ក្រុមហ៊ុន​នោះឡើយ​។ លោ​កថា​គម្រោង​នេះ គ្រាន់តែ​ផ្ទៃដី​សម្រាប់​ពុះ​ឡូ​តិ៍ និង​សង់​ជា​បុរី គឺមាន​រហូតដល់​ប្រមាណ​៥០​ហិកតា ខណៈដែល​ទីតាំង​ទាំងមូល​ក៏​ស្ថិតនៅតាម​បណ្ដា​យ​ផ្លូវជាតិ​លេខ​៣ ម្ដុំ​ផ្សារ​ព្រៃទទឹង ត្រង់​វត្ត​អន្លង់​គគី ដែលមាន​ចំណាយ​តែ​ប្រមាណ​១០​គីឡូ​ពី​រង្វង់​ចោមចៅ ងាយស្រួល​អោយ​អតិថិជន​ស្វែងរក​ផលចំណេញ​ពី​ការទិញ​លក់ ឬ​ទិញ​សម្រាប់​រស់នៅ​។​

​លោក ខេមរៈ សិរីមន្ត ថ្លែង​បញ្ជាក់​ក្នុង​វេទិកា​នោះ​ថា បន្ទាប់ពី​រំលេច​គម្រោង​យក្ស​មួយ​នេះ លោក និង​លោក ព្រាប សុវត្ថិ នឹងមាន​គម្រោង​យក្ស​ធំៗ​បែបនេះ​បន្តបន្ទាប់​ទៀត ដោយ​ការបាក់​បែកសាមគ្គី​គឺ​មិនអាច​មាន​ឡើយ ជាពិសេស​នៅក្នុង​កាលៈទេសៈ ដែល​លោក​ក៏ត្រូវ​ការ​ដៃគូ​សហការ និង​ត្រូវ​ការបង្កើន​ដើមទុន​ជាមួយ​ដៃគូ​អោយបាន​ច្រើន​កាន់តែ​ដើម្បី​ប្រកួតប្រជែង​នេះ​។ លោ​កថា​គម្រោង​សង់​បុរី និង​ពុះ​លក់​លើ​ទីតាំង​ថ្មី​នៅ​ម្ដុំ​ផ្សារ​ព្រៃទទឹង​នេះ មិន​ត្រឹមតែ​ផ្ដល់អោយ​អតិថិជន​នៅ​ដី​ឡូ​តិ៍​ល្អៗ និង​សំណង់ផ្ទះ​រឹងមាំ​មិនអោយ​ប៉ះពាល់​មុខមាត់​ជា​តារាចម្រៀង​របស់​ពួកលោក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏មាន​ផ្ដល់​កាដូ​យ៉ាង​ពិសេស​ចំពោះ​អតិថិជន​ដែល​ជាវ​ភ្លាមៗ ក្រោយ​ប្រកាស​សន្និសីទ​នេះ​ផងដែរ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម