​ព្រឹត្តិការណ៍​ជាតិ ប្រចាំ​សប្តាហ៍​

926
ចែករម្លែក

ដោយ​: ម៉េង​ឆៃ / ភ្នំពេញ​: កាលពី​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៨ កម្ពុជា​បាន​ប្រារព្ធ​មី​ទ្ទិញ​ជួបជុំ​អបអរសាទរ​ខួប ៤០ ឆ្នាំ ថ្ងៃ​បង្កើត​រណសិរ្ស ២​ធ្នូ ឆ្នាំ​១៩៧៨ នៅ​វិមាន​២​ធ្នូ ស្ថិតក្នុង​ភូមិ​ជើង​ឃ្លូ ឃុំ​ជើង​ឃ្លូ ស្រុក​ស្នួល ខេត្តក្រចេះ​។ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និង​ជា​ប្រធាន​ស្ថាបនិក​រណសិរ្ស ២​ធ្នូ បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ជួបជុំ ខណៈដែល​ក្រុមយុវជន ដឹកនាំ​ដោយ​លោក​ហ៊ុន​ម៉ា​នី បាន​ដើរ​ចម្ងាយ ៤០​គីឡូម៉ែត្រ ដោយ​ចំណាយពេល ២​ថ្ងៃ ១​យប់ ទៅកាន់​វិមាន ២​ធ្នូ ផងដែរ​។​

​កាលពី​ថ្ងៃទី​៣ ខែធ្នូ ក្រសួងការបរទេស បានចេញ​ផ្សាយ​នូវ​សេចក្តីថ្លែងការណ៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្តីពី វិធានការ​នានា ដើម្បី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​លំហរ​នយោបាយ​។ ដើម្បី​រក្សា​ការពារ​សមិទ្ធផល​ដ៏​មានតម្លៃ និង​ក្នុង​គោលដៅ​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​បរិយាកាស​នយោបាយ លំហរ​ប្រជាធិបតេយ្យ ការអនុវត្ត​នូវ​សិទ្ធិសេរីភាព​ស្របច្បាប់រ​បស់​ប្រជាពលរដ្ឋ​គ្រប់រូប និង​ក្នុង​ស្មារតី​បង្រួបបង្រួម​ជាតិ រាជរដ្ឋាភិបាល​កម្ពុជា​បានលើកឡើង​នូវ​វិធានការ ៥ ចំណុច ដែលជា​ជំហរ និង​វិធានការ​ត​ទៅមុខទៀត​។ ក្នុងនោះ មាន​ទាំង​ការពិនិត្យ​ផ្លូវច្បាប់ ដើម្បី​អនុញ្ញាត​ឲ្យ​បុគ្គល ដែល​ជាប់​បម្រាម ហាម​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ អាច​ចាប់ផ្តើម​សកម្មភាព​នយោបាយ​រប​ស់​ខ្លួន​ឡើងវិញ​ផងដែរ​។​

​កាលពី​ម៉ោង ៥ ល្ងាច ថ្ងៃទី​៣ ខែធ្នូ លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា បានធ្វើ​សន្និសីទ​សារព័ត៌មាន ស្តីពី សេចក្តីស្នើច្បាប់ ស្តីពី វិសោធនកម្ម​មាត្រា ៤៥​ថ្មី​(​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។ វិសោធនកម្ម​លើ​មាត្រា ៤៥​ថ្មី​ស្ទួន នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដែល​អ្នកតំណាងរាស្ត្រ ៨៧​រូប បានរៀបចំ​ស្នើឡើង នាពេលនេះ ដើម្បី​បើកផ្លូវ​ឲ្យ​អតីត​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជាប់​បម្រាម មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល ៥​ឆ្នាំ អាចធ្វើ​នយោបាយ​ឡើងវិញ តាមរយៈ​ការផ្តល់​នីតិសម្បទា​ឡើងវិញ ដោយ​ព្រះមហាក្សត្រ តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី តាម​សេចក្តីស្នើសុំ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​
​កាលពី​ព្រឹក​ថ្ងៃទី​៤ ខែធ្នូ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ អំពី​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្សនយោបាយ ដើម្បី​បើកផ្លូវ​ឲ្យ​នាយករដ្ឋមន្ត្រី អាច​ស្នើសុំ​ព្រះមហាក្សត្រ ព្រះរាជទាន​លើកលែង​ដល់​អ្នកនយោបាយ ដែល​តុលាការ​កំពូល ដាក់​បំរាម​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​។ បើតាម​សម្ដេច ស ខេង មិនមែន​អ្នកនយោបាយ​ទាំង ១១៨​រូប របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ សុទ្ធតែ​អាច​ត្រូវ​បានស្នើ​លើកលែង​នោះទេ គឺ​មានតែ​អ្នក​ដែល​គោរព​តាម​សាលក្រម​តុលាការ​កំពូល​បានល្អ​តែប៉ុណ្ណោះ​។

​គណៈកម្មាធិការ​អន្តរជាតិ ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ ហៅ​កាត់​ថា អាយ ស៊ី ស៊ី អង្គរ ( ICC-Angkor ) បានរៀបចំ​កិច្ចប្រជុំ​បច្ចេកទេស លើក​ទី​៣១ និង​កិច្ចប្រជុំពេញអង្គ ឡើ​ក​ទី​២៥ ព្រមទាំង​ប្រារព្ធ​ពិធី​អបអរសាទរ ខួប ២៥​ឆ្នាំ នៃ​ការបង្កើត អាយ ស៊ី ស៊ី អង្គរ នៅ​ថ្ងៃទី​៤ និង​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ទី​រួម​ខេត្តសៀមរាប​។ កិច្ចប្រជុំ​នេះ បាន​បើក​ជា​ផ្លូវការ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ព្រឹក​ថ្ងៃទី​៤ ខែធ្នូ​។ ដោយឡែក ពិធី​បិទ​កិច្ចប្រជុំ និង​ពិធី​អប​សាទរ​ខួប ២៥ ឆ្នាំ នៃ​ការបង្កើត អាយ ស៊ី​ស៊ី អង្គរ ត្រូវបាន​ប្រារព្ធ​ឡើង នៅ​ទី​លា​ព្រះ​ជល់​ដំរី ជិត​ប្រាសាទបាយ័ន ក្នុង​ខេត្តសៀមរាប ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ថ្លៃថ្លា​របស់​ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី នា​ល្ងាច​ថ្ងៃទី​០៥ ខែធ្នូ​។​

​អដ្ឋិធាតុ​របស់លោក​វេ​ជ្ជ​បណ្ឌិត បេ​អាត រិច​ឈ្នឺ ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា ត្រូវបាន​ដឹក​ផ្ទាល់​ពី​ប្រទេស​ស្វី ស មកដល់​ខេត្តសៀមរាប កាលពី​ថ្ងៃទី​០៥ ខែធ្នូ ដើម្បី​តម្កល់​នៅ​ចេតិយ មុខ​មន្ទីរពេទ្យ ជ័យ​វរ្ម័នទី​៧ ឬ​មន្ទីរពេទ្យ​គន្ធបុប្ផា ទី​៣ នៅ​ខេត្តសៀមរាប​។ ក្រោយពី​ដង្ហែ​តាមផ្លូវ​នានា​ក្នុង​ក្រុង​សៀមរាប អដ្ឋិធាតុ​របស់លោក បេ​អាត រិច​ឈ្នឺ ស្ថាបនិក​មន្ទីរពេទ្យ​សង្គ្រោះ​កុមារ គន្ធបុប្ផា ត្រូវបាន​តម្កល់​ក្នុង​ចេតិយ នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ក្នុង​ខេត្តសៀមរាប ដោយនៅ​ព្រឹក​ថ្ងៃទី​០៦ ខែធ្នូ ព្រះករុណា ព្រះមហាក្សត្រ និង​សម្តេចម៉ែ បាន​យាង​ចូលរួម​ពិធីបុណ្យ​តាម​ព្រះពុទ្ធសាសនា នៅមុខ​ចេ​តី​យ​នោះ​ផងដែរ​។
​កាលពី​ព្រឹក​ថ្ងៃទី​៥ ខែធ្នូ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ ជាន់ខ្ពស់​កម្ពុជា អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ រយៈពេល ២​ថ្ងៃ នៅ​ប្រទេស​ឡាវ​។ ពេល​អញ្ជើញ​ដល់ទី​ក្រុង​វៀង​ច័ន្ទ កាលពី​ព្រឹក​ថ្ងៃទី​០៥ ខែធ្នូ សម្តេច​តេ​ជោ ហ៊ុនសែន បាន​ជួបប្រជុំ​ទ្វេភាគី​ជាមួយ​នាយករដ្ឋមន្ត្រី​ឡាវ អស់​រយៈពេល ២​ម៉ោង ក្នុងនោះ បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ ជា​ប្រធានបទ​សំខាន់ ដែល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​-​ឡាវ បានលើកឡើង ហើយនឹង​ចាត់​ឲ្យ​រដ្ឋមន្ត្រីការបរទេស បន្ត​ពិភាក្សា និង​ព្រាង​ឯកសារ ដើម្បី​ស្នើសុំ​អន្តរាគមន៍​ពី​ប្រទេស​បារាំង ក្នុងការ​ចម្លង​ផែនទី​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​។​

​កាលពី​ថ្ងៃទី​៦ ខែធ្នូ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ចាក​ចេញពី​ប្រទេស​ឡាវ ដើម្បី​បន្ត​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ប្រទេស​វៀតណាម រយៈពេល ៣​ថ្ងៃ​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម សម្តេច​ហ៊ុនសែន ជួបពិភាក្សា​ការងារ​ជាមួយ​លោក ង្វៀន ហ្វ៊ូ​ជុង ប្រធាន​រដ្ឋ លោកស្រី ង្វៀន ធី​គឹម​ងិន ប្រធានរដ្ឋសភា និង​លោក ង្វៀន សួន​ហ្វ៊ុ​ក នាយករដ្ឋមន្ត្រី​របស់​វៀតណាម​។ ក្នុង​វេទិកា​ធុរកិច្ច​វៀតណាម​-​កម្ពុជា នៅ​ទីក្រុង​ហាណូយ កាលពី​ល្ងាច​ថ្ងៃទី​០៦ ខែធ្នូ សម្តេច​តេ​ជោ ហ៊ុនសែន បានប្រកាស​ធានា​នូវ​បរិយាកាស​វិនិយោគ​ល្អប្រសើរ​ជូន​អ្នក​វិយោគ​វៀតណាម នៅ​កម្ពុជា​ផងដែរ​។

​កាលពី​ព្រឹក​ថ្ងៃទី​៦ ខែធ្នូ ក្រសួង​ធម្មការ និង​សាសនា រួមជាមួយ​ថ្នាក់ដឹកនាំ​គ្រប់​សាសនា​នៅ​កម្ពុជា បាន​បើក​សិក្ខាសាលា ស្តីពី កិច្ចសន្ទនា​អន្តរ​ជំនឿ​សាសនា ដើម្បី​ពង្រឹង​សុខដុម​នីយកម្ម​សាសនា លើក​ទី​៧ ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ “​សាសនិក គ្មាន​គ្រឿងញៀន និង​ការគោរព​ច្បាប់​ចរាចរណ៍​”​។ សម្ដេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្ដីទី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​សម្ដែង​មោទនភាព ចំពោះ​គ្រប់​ថ្នាក់ដឹកនាំ​សាសនា​ទាំងអស់​នៅ​កម្ពុជា ដែល​បានមក​ជួបជុំគ្នា ដើម្បី​ស្វែងរក​យន្ត​ការល្អៗ​ក្នុងការ​រួមចំណែក​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​គ្រឿងញៀន​។​

​អំឡុងពេល បំពេញ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ប្រទេស​វៀតណាម កាលពី​ថ្ងៃទី​០៧ ខែធ្នូ ឯកសារ​សំខាន់ៗ ចំនួន ៦ ដែលជា​អនុស្សារណៈ និង​កិច្ចព្រមព្រៀង ត្រូវបាន​ថ្នាក់ដឹកនាំ​ប្រទេស​កម្ពុជា​-​វៀតណាម ចុះហត្ថលេខា​ព្រមព្រៀង​ជាមួយគ្នា​។ ឯកសារ​ទាំងនោះ ជា​អនុស្សារណៈ និង​កិច្ចព្រមព្រៀង រវាង​ប្រទេស​ទាំងពីរ រួមមាន​៖ ទី​១.​អនុស្សរណៈ នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ដឹកជញ្ជូន​សម្រាប់​រយៈពេល ៧​ឆ្នាំ ពី​ឆ្នាំ​២០១៨-២០២៥ ,​ទី​២. វិសោធនកម្ម​ពិធីសារ ឆ្នាំ​២០០៥ សម្រាប់​ការអនុវត្ត​កិច្ចព្រមព្រៀង​នៃ​ការដឹកជញ្ជូន​តាមផ្លូវ​គោក ,​ទី​៣.​វិសោធនកម្ម កិច្ចព្រមព្រៀង ស្តីពី ការដឹកជញ្ជូន​ផ្លូវទឹក​ឆ្នាំ​២០០៩, ទី​៤.​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​តាម​ព្រំដែន​កម្ពុជា​-​វៀតណាម​, ទី​៥.​កិច្ចសម្របសម្រួល​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​វៀតណាម សម្រាប់​ឆ្នាំ​២០១៨-២០១៩ ស្តីពី ការអនុគ្រោះ​លើ​ពន្ធ​បន្ទាត់​ពន្ធគយ​ឲ្យ​គ្នា​ទៅវិញទៅមក និង​ទី​៦.​កិច្ចព្រមព្រៀង ស្តីពី ការទប់ស្កាត់​ការជួញដូរ ការជីក​កកាយ​ដោយ​ខុសច្បាប់ និង​ការនាំ​ត្រឡប់មកវិញ​នូវ​សម្បត្តិ​បេតិកភណ្ឌ នៃ​ប្រទេស​ទាំងពីរ កម្ពុជា​-​វៀតណាម​។

​ពិព័រណ៍​សៀវភៅ​ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០១៨​នេះ បាន​ធ្វើឡើង​រយៈពេល ៣​ថ្ងៃ ដោយ​ចាប់ផ្តើម​នៅ​ព្រឹក​ថ្ងៃទី​០៧ ខែធ្នូ នៅ​បណ្ណាល័យ​ជាតិ ក្នុង​រាជធានី​ភ្នំពេញ​។ ពិព័រណ៍​សៀវភៅ​នៅ​ឆ្នាំនេះ កើនឡើង​យ៉ាងខ្លាំង ទាំង​ចំនួន​ស្តង់​សៀវភៅ ទាំង​គុណភាព និង​ទាំង​សោភណភាព​សៀវភៅ ហើយក៏​កើនឡើង​ទាំង​អ្នកចូលរួម​ដែរ​។ ពិព័រណ៍​សៀវភៅ​ឆ្នាំនេះ បានធ្វើ​ឡើង ក្រោម​ប្រធានបទ “​សៀវភៅ​រស់ ចំណេះ​រីក​” ដោយ​ក្នុង​រយៈពេល ៣​ថ្ងៃនេះ សៀវភៅ ៤ ប្រភេទ រួមមាន​៖ “​សៀវភៅ ក្រម​ង៉ុ​យ​” “​បណ្ឌិត អ៊ូ ចុង​” “​ស្រី​ហិ​តោ​បទេស ភាគ​១” និង “​ស្រី​ហិ​តោ​បទេស ភាគ​២” ត្រូវបាន​ចែកជូន​មហាជន​ដោយ​ឥតគិតថ្លៃ​ផងដែរ​។ សៀវភៅ​ចែក​ដោយ​ឥតគិតថ្លៃ​នេះ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​។​

​កាលពី​ម៉ោងជាង ១២​ថ្ងៃត្រង់ ថ្ងៃទី​៨ ខែធ្នូ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ អញ្ជើញ​មកដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ដោយ​សុវត្ថិភាព​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ប្រទេស​វៀតណាម ចាប់ពី​រសៀល​ថ្ងៃទី​០៦ -០៨ ខែធ្នូ ក្រោយពេល​សម្តេច​តេ​ជោ បានបញ្ចប់​ដំណើរ​ទស្សនកិច្ច​ផ្លូវការ នៅ​ប្រទេស​ឡាវ ពីថ្ងៃ​ទី​០៥-០៦ ខែធ្នូ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម