​អភិបាលខេត្ត​ដឹកនាំ​មន្ត្រីក្រោមឱវាទ​ចុះជួយ​ច្រូតស្រូវ​ពលរដ្ឋ​

1287
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​ថ្ងៃទី​៩​ខែធ្នូ​ឆ្នាំ​២០១៨​អភិបាលខេត្ត​ព្រះវិហារ​និង​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱ្យ​វាទ​ជាច្រើនរូប​បាន​ចុះជួយ​ច្រូតស្រូវ​ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ខ្វះខាត​កម្លាំង​ពលកម្ម នៅ​ភូមិ​គូលែន​ជើង ឃុំ​គូលែន ស្រុក​គូលែន ខេត្តព្រះវិហារ​។​

​នៅក្នុង​ឱកាស​នោះ លោក អ៊ុន ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ បាន​ថ្លែង​អរគុណ​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ដែល​បានរួម​ចំណែក​ជាមួយ​អាជ្ញាធរខេត្ត​ចុះជួយ​ច្រូតស្រូវ​ជូន​ប្រជាពលរដ្ឋ​នៅពេលនេះ ដែលជា​ហេតុ​ធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ បាន​កាត់បន្ថយ​ការចំណាយ​ថវិកា​មួយផ្នែក ក្នុង​ការជួល​កម្លាំង​ពលកម្ម​ផងដែរ​។​

​លោក អ៊ុន ចាន់​ដា បាន​បន្តទៀតថា ឆ្នាំនេះ​ផ្ទៃដី​ស្រែ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន ៩០.០០០​ហិកតា កើន​ជាង​ឆ្នាំមុន ហើយ​ទិ​ន្និ​ផល​ស្រូវ ក៏​កើន​ជាង​ឆ្នាំមុន​ដែរ​។ ការកើនឡើង​នូវ​ផ្ទៃដី​ស្រែ​របស់​ប្រជាពលរដ្ឋ​នេះ គឺ​ផ្អែកទៅលើ​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល ក្នុងការ​កសាង​ប្រព​ន្ធ័​ធារាសាស្ត្រ និង​ផ្លូវ​គមនាគមន៍​។​

​ជាមួយគ្នា​នោះ លោក អ៊ុន ចាន់​ដា ក៏​ថ្លែង​កោតសរសើរ​ដល់​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តព្រះវិហារ ដែល​បាន​យកចិត្តទុកដាក់​ខ្ពស់ ជួយ​ប្រជាកសិករ ចុះ​ផ្ទាល់​ជាមួយ​ប្រជាកសិករ ចងក្រង​បង្កើតជា​សហគម​និង​រក​ទីផ្សារ​ជូន​ប្រជាកសិករ​ថែមទៀត​ផង​។​ដោយឡែក​នៅក្នុង​រដូវ​ប្រាំង​នេះ លោក​អភិបាលខេត្ត អ៊ុន ចាន់​ដា បាន​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ ត្រូវធ្វើ​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ហា​និ​ភ​យ័​ផ្សេងៗ ដែល​កើតឡើង​ជាយថាហេតុ ដូចជា​គ្រោះរាំងស្ងួត និង​អគ្គិភ័យ​។​

​លោក​បាន​បញ្ជាក់ទៀតថា ជាពិសេស​ត្រូវ​ចេះ​ថែរក្សា​ប្រភពទឹក ដើម្បី​ស្រោចស្រព​ដំណាំ និង​ការប្រើប្រាស់​ប្រចាំថ្ងៃ​ផ្សេងៗ ហើយ​លោក​សង្កត់ធ្ងន់ថា បើ​កន្លែង​ណាមួយ​ត្រូវការ​សង្គ្រោះបន្ទាន់ ពេល​ជួប​ភាពរាំងស្ងួត បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​រាយការណ៍ ជូន​អាជ្ញាធរ​ភូមិ ឃុំ ស្រុក​ឲ្យ​បាន​លឿន ដើម្បី​ខេត្ត​ចុះជួយ​អន្តរាគមន៍ បាន​ទាន់ពេលវេលា​។​

​ដោយឡែក​លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា ឆ្នាំនេះ​មាន​ក្រុមហ៊ុន​ចំនួន​៤ បាន​ចុះកិច្ចសន្យា​ទិញស្រូវ​សរីរាង្គ ពី​បងប្អូន​ប្រជាពលរដ្ឋ​មាន​ចំនួន ២៧.០០០​តោន មានការ​កើនឡើង​បើ​ប្រៀបធៀប​ឆ្នាំ​២០១៧​។ តម្លៃ​ស្រូវ​ឆ្នាំនេះ ក៏មាន​ការកើនឡើង​ដែរ ដែល​ស្រូវ​ល្អ​តម្លៃ ១,៥២០​រៀល ទៅ​តម្លៃ ១,៥៨០​រៀល ចំណែក​ស្រូវ​ធម្មតា​តម្លៃ ១.១០០​រៀល ទៅ​១.២០០​រៀល​ផងដែរ​។​

​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តព្រះវិហារ បាន​បន្តទៀតថា គិត​ត្រឹម​ថ្ងៃនេះ ក្រុមហ៊ុន​ទិញស្រូវ​តាម​កិច្ចសន្យា ទើបតែ​ប្រមូល​ទិញ​បាន​ត្រឹម​៣០​ភា​គរុ​ប៉ុណ្ណោះ​៕S/​

អភិបាលខេត្ត​ដឹកនាំ​មន្ត្រីក្រោមឱវាទ​ចុះជួយ​ច្រូតស្រូវ​ពលរដ្ឋ​

ទីតាំងផ្សាយពាណិជ្ជកម្ម