បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ដើរ​ឆ្លងផ្លូវ ត្រូវ​រថយន្តបុក​ស្លាប់

949
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ខណៈដែល​កំពុង​ដើរ​ឆ្លងផ្លូវ ត្រូវបាន​រថយន្ត​មិន​ស្គាល់​ម៉ាក បើក​បោះពួយ​លឿន​ជ្រុល​ទៅបុក បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ តែ​ជា​អនិច្ចារ ជនរងគ្រោះ បាន​ដាច់ខ្យល់​ស្លាប់ ក្រោយ​ដឹកបញ្ជូន​ទៅដល់​មន្ទីរពេទ្យ រីឯ​រថយន្ត​បង្ក បាន​បើក​រត់គេច​បាត់ស្រមោល កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី​ព្រឹក ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិតនៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ភូមិ​អង្គ​កែវ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​ជនរងគ្រោះ មិន​ស្គាល់​អត្តសញ្ញាណ សម្បុរ​ស កំពស់​១,៧០​ម៉ ពាក់អាវ​ក្រណាត់​ពណ៌​ស ស្លៀកខោ​ជើង​វៀង ពណ៌​ស​។​

​តាម​ប្រភពពី​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា មុន​កើតហេតុ ជនរងគ្រោះ​ដើរ​ឆ្លងផ្លូវ ត្រង់ចំណុច​ខាងលើ ពី​ត្បូង​ទៅ​ជើង មិនទាន់​ផុត​ផង ត្រូវបាន​រថយន្ត​មិន​ស្គាល់​ម៉ាក បើក​ល្បឿន​លឿន​ពី​កើ​តទៅ​លិច បុក​ពេញទំហឹង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ ឈាម​ហូរ​ជោគ ហើយ​មាន​រថយន្ត​គ្លីនិក​ឯកជន​ចំនួន​២​គ្រឿង​មក មើល​បំណង​ដឹក​យកទៅ តែ​ដល់​ឃើញ​ជនរងគ្រោះ របួសធ្ងន់​ពេក នាំគ្នា​បើកឡាន​រត់គេច​ទៅ​បាត់អស់ អស់​រយៈពេល​ជិត​មួយ​ម៉ោង​ទើប​ពលរដ្ឋ ហៅរក​រថយន្ត​របស់​អង្គភាព​៧១១ ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ ព្រះកុសុមៈ ។​

​ជនរងគ្រោះ ទោះជា​មានការ​សង្គ្រោះ បែបណា​ក្តី ជា​អនិច្ចារ បាន​ដាច់ខ្យល់​ស្លាប់ ហើយ​ត្រូវបាន សមត្ថកិច្ច ដឹក​សាកសព មក​តំកល់ទុក នៅ​វត្ត​ពោធិចិនតុង ដើម្បី​ធ្វើការ​ពិនិត្យ កោសល្យវិច័យ ស្រាវជ្រាវ ប្រកាស​ស្វែងរក​សាច់ញាតិ ។​

​សមត្ថកិច្ច​ធ្វើកា​អំពាវនាវ ប្រកាស ផងដែរ ដល់​សាធារណៈជន បើ​មាន​បាត់​សមាជិក បងប្អូន ក្រុមគ្រួសារ មេត្តា​មក​សាកសួរ នៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​ខណ្ឌ​ពោធិ​សែន​ជ័យ ខណៈដែល​សាកសព​តំកល់ទុក​នៅ​វត្ត​ពោធិចិនតុង ដើម្បី​រងចាំ​បងប្អូន ក្រុមគ្រួសារ មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម