ជ័យលាភី​ណូបែល​សន្តិភាព រិះគន់ ដូ​ណា​ល់ ត្រាំ ចំពោះ​ការ​ព្រឹ​ត្ត​ទៅលើ​ជនអន្តោប្រវេសន៍​នៅតាម​ព្រំដែន​ម៉ិ​ក​ស៊ិ​ក​

812
ចែករម្លែក

នាង Malala Yousafzaiជ័យលាភីពានរង្វាន់ណូបែលសន្តិភាព កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនបានរិះគន់ការព្រឹត្តរបស់រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកទៅលើក្រុមជនអន្តោប្រវេសន៍នៅតាមព្រំដែនអាមេរិក-ម៉ិកស៊ិក ដោយនិយាយថា “កុំស្វាគមន៍ជនភៀសខ្លួនជាមួយនឹងឧស្ម័នបង្ហូរទឹកភ្នែក” ។

អ្នកធ្វើយុទ្ធនាការសំរាប់ការសិក្សាអប់រំកុមារមកពីប៉គីស្ថានរូបនេះ បាននិយាយដូច្នេះនៅពិធីមួយនៅមជ្ឈមណ្ឌលភាពជាអ្នកដឹកនាំសាធារណៈនៃសាលា Harvard Kennedy នៅសហរដ្ឋអាមេរិក ។

បន្ទាប់ពីទទួលបានពានរង្វាន់សកម្មជនអន្តរជាតិGleitsman ពីសកលវិទ្យាល័យHarvardចំពោះការគាំទ្ររបស់នាងក្នុងការលើកស្ទួយការអប់រំស្រ្តី មកនោះ កញ្ញាMalala Yousafzai បាននិយាយថា ” ខ្ញុំគិតថា ដំបូងកុំស្វាគមន៍ជនភៀសខ្លួនជាមួយនឹងឧស្ម័នបង្ហូរទឹកភ្នែក។យើងមិនគួរសន្មត់ថា វាជាកំហុសនៃមនុស្សទាំងនោះ ដែលពួកគេជាជនភៀសខ្លួននោះទេ “។

នាងបានបន្តថា ” យើងមើលពួកគេក្នុងនាមជាមនុស្ស ហើយផ្តល់ការស្វាគមន៍ដល់ពួកគេនិងចាត់ទុកពួកគេ ដូចជាបងប្អូនប្រុសស្រីរបស់យើង”។

ការអត្ថាធិប្បាយរបស់នាងបានកើតឡើងបន្ទាប់ពីជនអន្តោប្រវេសន៍ជិត៥០០នាក់បានព្យាយាមឆ្លងកាត់ព្រំដែនអាមេរិកនៅជិតក្បែរក្រុងTijuana ប្រទេសម៉ិកស៊ិកកាលពីថ្ងៃទី២ខែធ្នូ ដោយចោលរបស់របរផ្សេងៗទៅលើក្រុមអ្នកល្បាតព្រំដែនអាមេរិក ដោយនាំឱ្យក្រុមអាជ្ញាធរអាមេរិកប្រើឧស្ម័នបង្ហូរទឹកភ្នែកនិងបាញ់គ្រាប់កាំភ្លើងជ័រប្រឆាំងក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោន ។

Malala Yousafzai ជនជាតិប៉ាគីស្ថាន អាយុ២១ឆ្នាំនេះ ជាជ័យលាភីពានរង្វាន់ណូបែលសន្តិភាពវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្រដែលទទួលបានរង្វាន់នៅឆ្នាំ២០១៤ចំពោះការតស៊ូប្រឆាំងនឹងការគាបសង្កត់លើកុមារនិងយុវជននិងសិទ្ធិកុមារ ដើម្បីឱ្យទទួលបានការអប់រំ” ជាពិសេសនៅប្រទេសកំណើរប៉ាគីស្ថានរបស់នាងដែលការអប់រំសំរាប់ស្រ្តីត្រូវហាមឃាត់នៅតំបន់គ្រប់ដោយដោយពួកនិយមជ្រុលអ៊ីស្លាម៕ដោយ:សុខា/sn

Malala Yousafzai ជ័យលាភីពានរង្វាន់ណូបែលសន្តិភាព

 

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ