សហជីព​នាំគ្នា​ប្រារព្ធ​ពិធី​ទិវា​សិទ្ធមនុស្ស​អន្តរជាតិ​ និង​បានដាក់​សំណើរ១៩​ចំណុ​ច​ដល់​រាជ​រដ្ឋ​ភិ​បាល​

915
ចែករម្លែក

​ដោយ​: ដេប៉ូ / ភ្នំពេញ​: សហជីព សហភាព​ការងារ​កម្ពុជា​កាលពី​ថ្ងៃ​ទី​១០​ខែធ្នូ​ឆ្នាំ​២០១៨ បាននាំគ្នា​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​សិទ្ធមនុស្ស​អន្តរជាតិ​ខួប​លើក​ទី​៧០​ឆ្នាំ​ក្រោម​ប្រធានបទ “​សិទ្ធិ​សហជីព សន្តិសុខ និង​សុវត្ថិភាព​ការងារ​”​ និង​ព្រមទាំង​បានដាក់​សំណើមួយចំនួន​ជូន​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ​។​

​ពិធី​នេះ​គេ​ឃើញ​មានការ​ចូលរួម​ពី​សំណាក់​មជ្ឈមណ្ឌល​សិទ្ធមនុស្ស​កម្ពុជា សមាគម​អាដហុក មជ្ឈមណ្ឌល​អាមេរិកកាំង​សម្រាប់​សាមគ្គីភាព​ការងារ​អន្តរជាតិ តំណាង​ក្រសួងការបរទេស​ហុ​ល្លង់​
​និង​តំណាង​សហជីព​ជាច្រើនរូប​ទៀត​។​

​គួរបញ្ជាក់​ថា​ពិធី​នេះ​បាន​ដឹកនាំ​និង​រៀបចំឡើង​ដោយ​លោក អាត់​ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​និង​មាន​អ្នកចូលរួម​ប្រមាណ​ជាង​៤០០​នាក់​។​

​ព្រមជាមួយ​គ្នា​ក្នុង​ពិធី​នេះ​ក្រុម​សហជីព​ក៏បាន​ដាក់សំណើរ​ចំនួន​១៩​ចំណុច​ដល់​រាជរដ្ឋាភិបាល​ផងដែរ​។​បើ​យោងតាម​សំណើរ​របស់​តំណាង​សហភាព​សហព័ន្ធ​សហជីព​សមាគម បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​១០ ធ្នូ បានលើកឡើង ក្នុងឱកាស​ទិវា​សិទ្ធិ​អន្តរជាតិ​ខូ​ប​លើក​ទី​៧០ (១៩៤៨-២០១៨) ថា​៖ យើងខ្ញុំ​បាន​ឯកភាពគ្នា​ដាក់សំណើរ​ជូន​រាជរដ្ឋាភិបាល ដើម្បី​ឲ្យ​ឲ្យ​ជួយ​ដោះស្រាយ​ដែលមាន​ចំនួន និង​ខ្លឹមសារ​ដូចជា
១- ស្នើ​រាជរដ្ឋាភិបាល​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​២០៧​ដុល្លារ ក្នុង​មួយខែ ជូន​កម្មករនិយោជិត​ក្នុង​វិស័យ​កាត់​ដែរ​ស្បែកជើង ព្រមទាំង​កំណត់​ប្រាក់​ឈ្នួល​អ​ប្បរមា ឆាប់​ជូន​ដល់​កម្មករនិយោជិត​វិស័យ​សំណង់​ទេ​ចរណ៍​សេវាកម្ម​ដឹកជញ្ជូន និង​វិស័យ​មួយចំនួនទៀត​ដែល​កំពុង​ប្រឈម ។
២- ស្នើ​រាជរដ្ឋាភិបាល​ពង្រឹង និង​ពង្រីក​សេវាកម្ម​របប​សន្តិសុខ​សង្គម ជូន​ដល់ក​ម្មករ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​អនុវត្ត​គោលនយោបាយ​ជាតិ​សន្តិសុខ​សង្គម​ឲ្យ​មាន​ប្រសិទ្ធិភាព និង​តម្លាភាព រួមទាំង​បញ្ចូល​ភាគី​កម្មករនិយោជិត​ឲ្យ​មាន​តួនាទី​ជា​សមាជិក​ក្រុមប្រឹក្សា​ជាតិ​សន្តិសុខ​សង្គម​ផងដែរ ។
៣- ស្នើ​រាជរដ្ឋាភិបាល​ធានា​នូវ​សេរីភាព​សហជីព​ឲ្យ​ស្របតាម​អនុសញ្ញា​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) និង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​
៤-​ស្នើ​រាជរដ្ឋាភិបាល​ធ្វើ​វិសោធនកម្ម​មាត្រាមួយ​ចំនួន​នៃ​ច្បាប់​ស្តីពី​សហជីព​ដូចជា មាត្រា​១០.១២.១៣.១៤.១៧. ២០. ២៤.២៩ .៥៤.៥៦ .៥៩ និង​ទោសពិន័យ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​កម្មករ​ក្នុងការ​រៀបចំ និង​ចូលរួម និង​ធ្វើ​តំណាង​ឲ្យ​សហជីព ។
៥- ស្នើ​រាជរដ្ឋាភិបាល​អនុវត្ត​អនុសាសន៍​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ដែល​បាន​ផ្តល់ជូន​មក​រាជរដ្ឋាភិបាល​កម្ពុ​ជា​នៅក្នុង​សន្និសីទ​អន្តរជាតិ​ការងារ កាលពី​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ទីក្រុង​ហ្ស៊ី​ណែវ ប្រទេស​ស្វី​ស ដោយ​ធ្វើ​ផែនទី​បង្ហាញផ្លូវ​ដោយ​កំណត់​សកម្មភាព​ពេលវេលា​ឲ្យ​ប្រាកដជា​ក់លាក់ ។
៦- ស្នើ​រាជរដ្ឋាភិបាល​អនុវត្ត​អនុសាសន៍​ដែលមាន​ចែង​ក្នុង​របាយការណ៍​បេសកម្ម​ទំនាក់ទំនង​ផ្ទាល់​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ​ដែល​បាន​ចុះមក​បំពេញ​បេសកម្ម​នៅ​កម្ពុជា កាលពី​ថ្ងៃទី​២៧ – ៣១ ខែមីនា ឆ្នាំ​២០១៧ ។ ៧- ស្នើ​រាជរដ្ឋាភិបាល​ចេញប្រកាស​ស្តីពី​សុខភាព និង​សុវត្ថិភាព​នៅ​កន្លែង​ការងារ ដើម្បី​ការពារ​កម្មករនិយោជិត​ងាយ​រងគ្រោះ​នៅក្នុង​វិស័យ​សំណង់​សិប្បកម្ម​ដែក​ឡឥដ្ឋ ឧ​ហ្សា​ហក​ម្ម ដឹកជញ្ជូន និង​សេវាកម្ម​ជាដើម ។
៨- ស្នើ​រាជរដ្ឋាភិបាល​ធានា​កុំ​ឲ្យ​មានការ​បំភិតបំភ័យ​គំរាមកំហែង​អំពើហិង្សា​ការធ្វើ​ទុក្ខ​បុ​ម្នេញ និង​ជួយ​អន្តរាគមន៍​ទម្លាក់​ចោទប្រកាន់ និង​បណ្តឹង​ទាំងឡាយ​ទៅលើ​ថ្នាក់ដឹកនាំ​សហជីព ។​
៩- ស្នើ​រាជរដ្ឋាភិបាល​បញ្ឈប់​និយោជក​កុំ​ឲ្យ​ប្រើប្រាស់​កិច្ចសន្យា​កា​ងារ​ខ្លីៗ​ខុសច្បាប់ និង​កិច្ចសន្យា​ម៉ៅការ​បន្ត ។
១០- ស្នើ​រាជរដ្ឋាភិបាល​រៀបចំ​ទីកន្លែង​ឲ្យ​បាន​សមរម្យ​សម្រាប់​បងប្អូន​កម្មករ​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​បាន​ប្រកបមុខរបរ​ប្រកបដោយ​សុវត្ថិភាព​ផាសុខភាព និង​ឧបត្ថម្ភ​ដើមទុន​សម្រាប់​ពួកគាត់​ប្រកប​មុខ​បរ ។
១១- ស្នើ​រាជរដ្ឋាភិបាល​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​លេខ​១៨៣ ស្តីពី​សិទ្ធិ​កម្មករ​ជា​ស្ត្រី​ពេល​លំហែ​មាតុភាព និង​អនុសញ្ញា​លេខ​១៨៩​ស្តីពី ការការពារ​សិទ្ធិ​កម្មករ​ធ្វើការ​តាម​ផ្ទះ ។
១២- ស្នើ​រាជរដ្ឋាភិបាល​បង្កើត​តុលាការ​ការងារ​មួយ​ដែល​ឯករាជ្យ​អ​ព្យា​ក្រិ​ត្យ និង​យុត្តិធម៌ ដើម្បី​ដោះស្រាយ​វិវាទ​ការងារ​ជូន​កម្មករនិយោជិត​ឲ្យ​បាន​ឆាប់រហ័ស និង​គ្មាន​ការចំណាយ​ថវិការ ហើយ​ត្រូវមាន​តំណាង​កម្មករនិយោជិត នៅក្នុង​តុលាកា​នេះ​ផងដែរ ។
១៣- ស្នើ​រាជរដ្ឋាភិបាល​ផ្តល់ទុន​ដី​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ប្រព័ន្ធធារាសាស្ត្រ និង​រក​ទីផ្សារ​ស្រាប់​កសិផល​កសិកម្ម​ឲ្យ​បាន​ច្រើន​សម្រាប់​កសិករ ហើយ​ជាពិសេស​កសិក​ក្រីក្រ ។
១៤- ស្នើ​រាជរដ្ឋាភិបាល​រៀបចំ​យន្តការ ការពារ​កម្មករ​ចំណាកស្រុក​ទាំង​នៅក្នុង និង​ក្រៅប្រទេស​ឲ្យ​មាន​ប្រសិទ្ធភាព និង​ធានា​ការពារ​សុវត្ថិភាព​សម្រាប់​កម្មក​រ​ចំណាក់ស្រុក​ឲ្យ​ជ្រៀស​ផុតពី​ការ​ជូ​ញ​ដូរ ការ​កេង​ប្រ​វ័​ញ​ផ្លូវភេទ និង​ការរំលោភបំពាន​សិទ្ធិសេរីភាព​ជាដើម ។​
១៥- ស្នើ​រាជរដ្ឋាភិបាល​ចាត់វិធានការ​ឲ្យ​បាន​តឹងរឹង​ចំពោះ​ក្រុមហ៊ុន និង​មន្ត្រី​ខិលខូច​ឃុបឃិត​គ្នា​ធ្វើអំពើ​ទុច្ចរិត​ដោយ​បិទ​រោងចក្រ ហើយ​មិនបាន​ផ្តល់​សំណង និង​អត្ថប្រយោជន​ផ្សេងៗ​ឲ្យ​កម្មករ​ត្រឹមត្រូវ​តាមច្បាប់ ។
១៦-​ស្នើ​រាជរដ្ឋាភិបាល​ពង្រីក និង​ពង្រឹង​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​មុខរបរ និង​ការងារ​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធិភាព​សម្រាប់​យុវជន ជាពិសេស​ស្ត្រី​វ័យក្មេង ដើម្បី​កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក​ដោយ​គ្រោះថ្នាក់ ។
១៧-​ស្នើ​រាជរដ្ឋាភិបាល​មាន​វិធានការ​តឹងរឹង​ដល់​ក្រុមហ៊ុន​ឲ្យ​រៀបចំ​បរិស្ថាន សន្តិសុខ និង​សុវត្ថិភាព​ទីកន្លែង​ការងារ ដើម្បី​ផ្តល់​សេចក្តីសុខ និង​ផាសុខភាព​ដល់ក​ម្មករ​និយោជិត និង​បញ្ឈប់​ការបញ្ចេញ​ការ​កាកសំណល់​ពុល​រឹង រាវ និង​ផ្សែង​ពុល​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខ ភាព​មនុស្ស និង​បរិស្ថាន ។​
១៨-​ស្នើ​រាជរដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ឲ្យ​កម្មករនិយោជិត និង​សហជីព​នៅ​ក្រុមហ៊ុន​ជូ ហ៊ូ​យ ជេ​អេស​ឌី ការ​ពី​តូ​ល ព្រម​លាន​យន្ត ស្នាមញញឹម អង្គរ ហ្វូ​មី បាន​ចូលធ្វើការ​វិញ និង​ផ្តល់ប្រាក់​រំលឹក​ជូន​ពូក​គាត់​ស្របតាម​ច្បាប់ ។
១៩- ស្នើ​រាជរដ្ឋាភិបាល​ជំរុញ​ឲ្យ​និយោជក​ដក​ពាក្យបណ្តឹង​ដែល​បាន​ប្តឹង​ប្រឆាំង​ដឹកនាំ​សហជីព និង​កម្មករនិយោជិត​ទាំងអស់​ដែល​ពួកគេ​តវ៉ា​កន្លងមក និង​បញ្ឈប់​ការប្រើប្រាស់​ប្រព័ន្ធតុលាការ ដើម្បី​ប្រឆាំង​សេរីភាព​សហជីព និង​សមាគម៕

ទីតាំងផ្សាយពាណិជ្ជកម្ម