សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៨

770
ចែករម្លែក

​ដោយ​:​វិបុល​/​ភ្នំពេញ : ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១០ ខែធ្នូ រួមមាន​ដូចតទៅ ៖

*​ខួប​លើក​ទី​៧០ ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​១០​ធ្នូ ឆ្នាំនេះ ក្រោម​ប្រធានបទ «​រួមគ្នា​រក្សា​សន្តិភាព ដើម្បី​លើកកម្ពស់​សិទ្ធិមនុស្ស​»


​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​អបអរ​សារ​ទរ​ខួប​ទី​៧០ ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​១០​ធ្នូ ក្រោម​ប្រធានបទ រួមគ្នា​រក្សា​សន្តិភាព ដើម្បី​លើក​កំពស់​សិទ្ធិមនុស្ស នៅ សាល​មហា​ស្រ​បកោះ​ពេជ្រ​នៃ​មជ្ឈមណ្ឌល​សន្តិ​បាត​និង​ពិ​ព័​ណ៍​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៨ ដោយមាន​ការចូលរួម​ពី​សំណាក់​សមាជិក សមាជិកា​ព្រឹទ្ធសភា​-​រដ្ឋសភា មន្ត្រីរាជការ​កងកម្លាំង ប្រដាប់អាវុធ តំណាង​សហគមន៍ តំណាង​អង្គការ​ជាតិ និង​អន្តរជាតិ ប្រជាពលរដ្ឋ សិស្ស និស្សិត​ប្រមាណ​ជាង​៣៥០០​នាក់ ៕

*​សម្តេច​តេ​ជោ ៖ របប​ប្រល័យពូជសាសន៍​ប៉ុលពត គ្មាន​ពាក្យ​ថា សិទ្ធិមនុស្ស​ទេ​!


​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា មានប្រសាសន៍ថា នៅក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុលពត​ឆ្នាំ​១៩៧៥-១៩៧៩ គឺ​ប្រជាពលរដ្ឋ​មិនមាន​សិទ្ធិសេរីភាព​អ្វី​ទាំងអស់ សូម្បី​សិទ្ធិ​រស់រានមានជីវិត សិទ្ធិ​ទទួលទាន​អាហារ សិទ្ធិ​ពិនិត្យ​ព្យាបាល​ជំងឺ សិទ្ធិ​ជំនឿ​សាសនា សិទ្ធិ​សិក្សាអប់រំ សិទ្ធិ​ជ្រើសរើស​តំណាង សិទ្ធិ​បញ្ចេញមតិ សិទ្ធិ​រៀប​អាពាហ៍ពិពាហ៍​និង​សិទ្ធិ​ប្រកបការងារ​ជាដើម ។​
​សម្តេច​តេ​ជោ មានប្រសាសន៍​បន្តថា របប​ប្រល័យពូជសាសន៍​ប៉ុលពត​បាន​ដកហូត​សិទ្ធិសេរីភាព​ទាំងអស់ ហើយ​បាន​បង្ខំ​ឱ្យ​ពលរដ្ឋ​ទាំង​ក្មេង​ចាស់​ប្រុស​ស្រី​ធ្វើការ​ហួសកម្លាំង ឈឺ​ស្លាប់​ដោយ​គ្មាន​ពេទ្យ​និង​ថ្នាំ​ព្យាបាល ព្រមទាំង​បានសម្លាប់​ចោល​អស់​ជាង​៣​លាន​នាក់​នៅក្នុង​រយៈពេល​តែ ៣​ឆ្នាំ ៨​ខែ​និង ២០​ថ្ងៃ​ប៉ុណ្ណោះ​។​
​ក្នុង​ទិវា​អបអរសាទរ​ខួប​លើក​ទី​៧០ នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​១០​ធ្នូ ឆ្នាំ​២០១៨ នេះ សម្តេច​តេ​ជោ មានប្រសាសន៍ថា ជា​រៀងរាល់ឆ្នាំ ប្រទេស​កម្ពុជា​តែងតែ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស ១០​ធ្នូ ដែលជា​ទិវា​សិទ្ធិមនុស្ស​សកល (Human Rights Day) ដែល​អង្គការសហប្រជាជាតិ (UN) បានប្រកាស​ឲ្យ​ប្រើ​តាំងពី​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ ១៩៤៨ ដើម្បី​លើកស្ទួយ​សិទ្ធិសេរីភាព​របស់​មនុស្ស​ជាតិ​គ្រប់រូប​នៅលើ​ពិភពលោក​ដែល​កើតមក​មាន​សិទ្ធិសេរីភាព និង​ស្មើភាព​គ្នា​ប្រកបដោយ​សេចក្តីថ្លៃថ្នូរ​៕

*​រកឃើញ​មូលហេតុ​ដែល​នាំ​ឲ្យ​សិស្ស​វិទ្យាល័យ​ថ្មគោល​ដួលសន្លប់​ហើយ​!
​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​បញ្ចា​ក់ថា​មូលហេតុ​ដែលនាំឱ្យ​សិស្ស​វិទ្យាល័យ​ថ្មគោល​ដួលសន្លប់​ជា​បន្តបន្ទាប់ រ​ហូល​ដល់​៧១​នាក់​(​ប្រុស​១​នាក់ )​កាលពី​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៨​ត្រូវបាន​រកឃើញ​ហើយ​គឺ​ផ្តើមចេញពី​សិស្សស្រី​២​នាក់ មាន​ជំងឺ​រ៉ាំរ៉ៃ​ក្នុងនោះ​ម្នាក់​មាន​ជំងឺ​បេះដូង និង​ម្នាក់ទៀត​មាន​ជំងឺ​ប្រកាច់​(​ស្ក​ន់​ជ្រូក​)​។​ ​ដោយ​ឃើញ​សិស្ស​ទាំងពីរ​នាក់​ដួលសន្លប់ ធ្វើ​ឲ្យ​សិស្ស​ដទៃ​ឃើញ​ហើយ​មានការ​ព្រួយបារម្ភ ភ័យរន្ធត់ តក់ស្លុត​ក៏​ងងឹតមុខ​ទន់​ដៃជើង​ដួលសន្លប់​ជា​បន្តបន្ទាប់​៕

*​បុរស​ម្នាក់​ស្លាប់​ភ្លាមៗ ព្រោះ​អគ្គិសនី​ឆក់​ពេល​ច្រៀង​ខារ៉ាអូខេ​
​បុរស​ម្នាក់​បាន​ស្លាប់ មុន​បញ្ជូន​មកដល់​ម​ន្ទីរ​ពេទ្យ ព្រោះ​ឆក់​ចរន្ត​អគ្គីសនី ខណៈ​ស្រ​វ៉ឹ​ង​ស្រា​និង ច្រៀង​ខារ៉ាអូខេ ។ ករណីនេះ​បានកើត​ឡើង នៅ​ភូមិ​ថ្មី ឃុំ​កំពង់​សិលា ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ កាលពី ព្រលប់​ថ្ងៃទី ០៩​ខែធ្នូ​ឆ្នាំ​២០១៨៕

*​ឃាត់​ចិន​៩​នាក់​ករណី​ចែកចាយ​រូបភាព​និង​សម្ភារៈ​អាសអាភាស​នៃ​កុមារ​តាម​អ៊ី​ន​ធើ​ណិ​ត​
​កាលពី​ថ្ងៃទី​៨​ខែធ្នូ​ឆ្នាំ​២០១៨​កម្លាំង​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុង​សៀមរាប​ក្រោម​ការដឹកនាំ​សម្របសម្រួល​នីតិវិធី​ដោយ​លោក​ជួន​សុ​បញ្ញា​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តសៀមរាប​។​បង្ក្រាប​ករណី​ចែកចាយ​រូបភាព​និង​សម្ភារៈ​អាសអាភាស​នៃ​កុមារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​ក្នុង​ទីតាំង​ចំនួន​៣​ផ្សេងគ្នា​ឃាត់ខ្លួន​ជនជាតិ​ចិន​៩​នាក់​។​
​របាយការណ៍​របស់​ន​គ​របាល​នៃ​ស្នងការ​នគរបាល​ខេត្ត​បាន​បង្ហាញថា​ទីតាំង​ទី​-​ផ្ទះ​លេខ​E២១​បុរី​អាក់​ខេ​ត ស្ថិតក្នុង​ភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ ឃាត់ខ្លួន​ម្នាក់ រួម​នឹង​វត្ថុតាង​មួយចំនួន​។​ទី​២-​ផ្ទះ​វីឡា​ជួល ភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ ឃាត់ខ្លួន​៥​នាក់ រួម​នឹង​វត្ថុតាង​មួយចំនួន​។​ទី​៣-​បន្ទប់​លេខ​៣០៥ ផ្ទះសំណាក់​មហា​មាន ក្នុងភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ឃាត់ខ្លួន​មនុស្ស​៣​នាក់ រួម​នឹង​វត្ថុតាង​មួយចំនួន​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម