សិក្ខាកាម​មកពី​ប្រទេស​ចំនួន​៩​ចូលរួម​រៀន​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការអនុវត្តន៍​ហ្វឹកហ្វឺន​កូនជាង​

928
ចែករម្លែក

​ដោយ​៖​ដេប៉ូ​/​សៀមរាប​៖​ក្រុម​សិក្ខាកាម​ដែល​មកពី​បណ្តា​ប្រទេស​ចំនួន​៩​បាន​ចូលរៀន​វគ្គ​បណ្តុះបណ្តាល​ថ្នាក់​តំបន់​ស្តីពី​ការហ្វឹកហាត់​កូនជាង​នា​ខេត្តសៀមរាប​។​លោក​បណ្ឌិត​អ៊ិត​សំហេង​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានបញ្ជាក់​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ថ្នាក់​តំបន់​ស្តីពី “​គុណភាព​នៃ​ការអនុវត្តន៍​ហ្វឹកហ្វឺន​កូនជាង​សម្រាប់​តំបន់ អាស៊ី​ប៉ាស៊ីហ្វិក​” នា​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៨ ។​

​រៀបចំ​ដោយ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO)​ឱ្យដឹងថា វគ្គ​បណ្តុះបណ្តាល​នេះ​មាន រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​១០-១៤ ខែធ្នូ ឆ្នាំ​២០១៨ ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​៖ ១.​បង្កើន​ការយល់ដឹង​ដល់​សិក្ខាកាម ពី​ការហ្វឹកហ្វឺន​កូនជាង​, ២.​ចែករំលែក​បទពិសោធ​ន៍ ការចុះ​អធិការកិច្ច​ការងារ​ហ្វឹកហ្វឺន​កូនជាង រវាង​ប្រទេស​និង​ប្រទេស ក៍​ដូចជា​ក្នុង​តំបន់​, ៣.​កំណត់​ធាតុ​គន្លឹះ​ដែលជា​ការអនុវត្តន៍​ល្អ​នៃ​ស្ថាប័ន​ក្នុងការ​អភិវឌ្ឍ​និង​អនុវត្ត ហ្វឹកហ្វឺន​កូនជាង​ឱ្យមាន​គុណភាព​, និង ៤.​រៀបចំ​ផែនការ​សកម្មភាព ដើម្បី​លើកកម្ពស់​គុណភាព​នៃ​កម្មវិធី​ហ្វឹកហ្វឺន​កូនជាង​។

​លោក​រដ្ឋមន្ត្រី​បានឱ្យដឹង​បន្ថែមថា​វគ្គ​បណ្តុះបណ្តាល​នេះ មាន​សិក្ខាកាម​ចូលរួម​មកពី​ប្រទេស​ចំនួន​៩ រួមមាន ប្រទេស​បង់​ក្លា​ដេ​ស កម្ពុជា ឥណ្ឌា ឥណ្ឌូនេស៊ី ឡាវ មី​យ៉ាន់​ម៉ា ហ្វីលីពីន ថៃ និង​វៀតណាម ព្រមទាំង​មានការ​ចូលរួម​ពី​ដៃគូ​អភិវឌ្ឍន៍ មកពី​ប្រទេស​កម្ពុជា កូរ៉េ ភូមា ស្វី​ស អ៊ីតាលី ចិន ឥណ្ឌូនេស៊ី ឥណ្ឌា វៀតណាម ថៃ និង​ភ្នាក់ងារ​អភិវឌ្ឍន៍​ផ្សេងទៀត​។

​លោក​រដ្ឋមន្ត្រីក្រសួង​ការងារ​បាន​មានប្រសាសន៍​ដែរ​ថា ដើម្បី​លើកកម្ពស់​ការអភិវឌ្ឍ​ន៍​ជំនាញ និង​ធនធានមនុស្ស និង​ការធ្វើ​ប្រសើរឡើង នៃ​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ឱ្យ​ស្របតាម​តម្រូវការ​ទីផ្សារការងារ រួមទាំង​បង្កើត​វិធានការ​ជំរុញ និង​លើកទឹកចិត្ត​ដល់​អ្នកសិក្សា តាមរយៈ​ធ្វើ​ការងារ ការហាត់​ការ និង​ការហ្វឹកហ្វឺន​កូនជាង​។

ដូច​មានចែង​ក្នុង​ច្បាប់​ស្តីពី​ការងារ​ត្រង់​ជំពូក​ទី​៣ ដែលមាន ១៤ មាត្រា (​មាត្រា​៥១-៦៤) ជាពិសេស​ក្នុង​មាត្រា​៥៧ បាន ចែងថា សហគ្រាស​ទាំងឡាយ​ដែលមាន​ប្រើប្រាស់ កម្មករនិយោជិត​ច្រើនជាង​ហុកសិប​នាក់ ត្រូវតែមាន​កូនជាង​ចំនួន​ស្មើនឹង​មួយ​ភាគ​ដប់ (​មានន័យថា ១០​ភាគរយ​) នៃ​ចំនួន កម្មករនិយោជិត ដែល​ធ្វើការ​ក្នុង​សហគ្រាស​នោះ​។​

​លោក​បាន​រំលឹក​ផង​ថា ចាប់តាំងពី​ឆ្នាំ​២០១៣ ដល់ ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្រសួង​បានធ្វើការ​ហ្វឹកហ្វឺន​កូនជាង​នៅតាម​បណ្តា​សហគ្រាស​គ្រឹះស្ថាន សរុប​ចំនួន ៨៥.៩៩៧ នាក់ ស្រី ៦៣.១៤៥ នាក់ ដោយ​ការអនុវត្ត​កន្លងមកនេះ​បាន​ជួបប្រទះ នូវ​បញ្ហា​ប្រឈម​មួយចំនួន​ដូចជា​៖ ១.​សហគ្រាស គ្រឹះស្ថាន​ខ្លះ​មិនទាន់​យល់​ពី​និយមន័យ នៃ​ការហ្វឹកហ្វឺន​កូនជាង​។

២.​សហគ្រាស​គ្រឹះស្ថាន​ខ្លះ​យល់ថា​ការងារ​នេះ ជា​កាតព្វកិច្ច​របស់រ​ដ្ឋ (៣).​និយោជក​មិន​ចង់​អនុវត្ត ព្រោះ​គាត់​យល់ឃើញថា​ការជ្រើសរើស​កម្មករនិយោជិត​មក​បម្រើ​ការងារ​សុទ្ធ​តែមាន​ជំនាញ ៤.​ការចំណាយ​ច្រើន​លើ​ការអនុវត្ត​កាតព្វកិច្ច​ហ្វឹកហ្វឺន​កូនជាង (៥).​សហគ្រាស​គ្រឹះស្ថាន​ប្តូរ​ឈ្មោះ និង​ទីតាំង​ដោយ​មិនបាន​ជូនដំណឹង​។​៦.​សហគ្រាស​គ្រឹះស្ថាន​ផ្តល់​ទិន្នន័យ​មិន​ច្បាស់លាស់​អំពី​ចំនួន​កម្មករនិយោជិត​៧.​ខ្វះខាត​ថវិកា​និង​មធ្យោបាយ​សម្រាប់​ចុះ​ត្រួតពិនិត្យ​និង​វាយតម្លៃ​កម្មវិធី​ហ្វឹកហ្វឺន​កូនជាង​។​

​ទាក់ទិន​ក្នុង​រឿងនេះ​លោក​រដ្ឋមន្ត្រី​បានឱ្យដឹង​បន្ថែមថា​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ដែល​បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​នាពេល​នេះដែរ​គឺ ពិតជា​មានគុណ​តម្លៃ​យ៉ាងខ្លាំង ចំពោះ​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​ពិសេស​ការអនុវត្ត​ការហ្វឹកហ្វឺន​កូនជាង​នៅ​កម្ពុជា ក៏ដូចជា​ប្រទេស​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ដើម្បី​បំពេញបន្ថែម​នៅ​ចំណុច​ខ្វះខាត​មួយចំនួន​ក្នុងការ អនុវត្ត​ការហ្វឹកហ្វឺន​កូនជាង នៅតាម​សហគ្រាស គ្រឹះស្ថាន​ឲ្យ​កាន់​តែមាន គុណភាព​និង​ប្រសិទ្ធភាព​៕S/

លោក​បណ្ឌិត​អ៊ិត​សំហេង​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជា​ជី​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ថ្នាក់​តំបន់​ស្តីពី “​គុណភាព​នៃ​ការអនុវត្តន៍​ហ្វឹកហ្វឺន​កូនជាង​សម្រាប់​តំបន់ អាស៊ី​ប៉ាស៊ីហ្វិក​” កាលពី​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៨​


ទីតាំងផ្សាយពាណិជ្ជកម្ម