អភិបាលស្រុក​សង្កែ​ប្រតិកម្ម​ជុំវិញ​រឿង​មេឃុំ​លក់​ស្រះ​រដ្ឋ​ឲ្យ​ឯកជន​

958
ចែករម្លែក
  • 41
    Shares

​ដោយ​: គ្រញូង / បាត់ដំបង​: ថ្មីៗ​នេះ លោក​អភិបាលស្រុក​សង្កែ ទើប​មានប្រតិកម្ម​ចំពោះ​លោក​មេឃុំ​ន​រា​ដែល​ថ្លើមធំ​ហ៊ាន​លក់​ស្រះ​ទឹក ដែល​ប្រជាពលរដ្ឋ​ប្រើប្រាស់​រាល់ថ្ងៃ ទៅឱ្យ​ឈ្មួញ​មាន​លុយ​មានអំណាច​ចាក់ដី​លុប ដើម្បី​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ធ្វើឱ្យ​ប្រជាជន​ក្តៅក្រហាយ​យ៉ាងខ្លាំង​។ ប្រតិកម្ម​របស់លោក ឡុំ សោម អភិបាលស្រុក​សង្កែ​ធ្វើឡើង​កាលពី​ថ្ងៃទី​៩​ខែធ្នូ​ឆ្នាំ​២០១៨ ក្រោយពេល​ទទួល​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​ឃុំ​ន​រា ដែល​មក​តវ៉ា​ដល់​សាលាស្រុក​។​

​ស្រះ​បុរាណ​ដែល​មេឃុំ​លក់​ឱ្យ​ឈ្មួញ​

​គួរ​បញ្ជាក់ថា ករណី​មេឃុំ​ន​រា​ស្រុក​សង្កែ​លក់​ស្រះ​ទឹក​ឱ្យ​ឈ្មួញ​ចាក់ដី​លុប ដើម្បី​សាងសង់​កន្លែង​លក់​គ្រឿងសំណង់ គឺធ្វើឡើង​កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០១៨ មកម្ល៉េះ ស្ថិតនៅ​ចំណុច​ភូមិ​តា​កុក ឃុំ​ន​រា ស្រុក​សង្កែ​។ ស្រះ​ទ​ម្លា​ស់​នេះ​មាន​ឈ្មោះថា ស្រះ​តា​លី​មាន​ប្រវែង​៥៩​ម៉ែត្រ​គុណ​៣៣​ម៉ែត្រ ជាប់​នឹង​ផ្លូវ​ក្រាល​កៅស៊ូ​ខាងលិច​ប៉ុស្តិ៍​រដ្ឋបាលន​រា​។​

​ជាងសំណង់​ម្នាក់​បាន​ប្រាប់ថា ស្រះ​នេះ​គឺ​ម្ចាស់​ដី​បាន​ទិញ​ពី​អាជ្ញាធរ​ឃុំ ដើម្បី​ចាក់ដី​លុប​ធ្វើជា​កន្លែង​លក់​គ្រឿងសំណង់​ដ៏​ធំ​មួយ តែ​ចំពោះ​ការចាក់ដី​លុប​ស្រះ​បុរាណ​នេះ និង​លុប​បិទមុខ​លូទឹក​ហូរ​កាត់​ថ្នល់​នោះ គឺ​មិនដឹង​ទេ​។​

​លោក ជុំ គឹម​សេង មេឃុំ​ន​រា​បាន​ទទួលស្គាល់ថា ពិតជា​បាន​អនុញ្ញាតឱ្យ​មនុស្ស​ម្នាក់​ចាក់ដី​លុប​ស្រះ​នេះ​មែន ដោយមាន​ការឯកភាព​ពី​ក្រុមប្រឹក្សាឃុំ ដើម្បី​ជា​ថ្នូរ​នឹង​ការសាងសង់​ផ្លូវ​បេតុង​មួយ​ខ្សែ សម្រាប់​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ខាងក្រោយ​មាន​ផ្លូវ​ដឹកស្រូវ​ចេញពី​ស្រែ​។​

​ប្រជាពលរដ្ឋ​មួយចំនួន​បាន​បញ្ជាក់ថា ស្រែ​ដែល​នៅ​ខាងក្រោយ​មិន​សំខាន់​ទេ ព្រោះ​រាល់​ឆ្នាំ គឺ​គេ​មាន​ផ្លូវ​សម្រាប់​ដឹកស្រូវ​ចេញចូល​រួចទៅហើយ​។ ចំណែក​ផ្លូវ​បេតុង​នេះ គឺ​គេ​ធ្វើឡើង​សម្រាប់​ចូលទៅ​កាន់​តំបន់​ពុះ​ចែក​ដីឡូត៍​លក់​របស់​ឈ្មួញ​នោះ​តែប៉ុណ្ណោះ នេះ​ជា​លេស​ទេ​។​

​ប្រភព​ដដែល​បន្តថា នៅក្នុង​ភូមិ​តា​កុក​មាន​ស្រះ ឬ​បឹង​តា​លី​ចំនួន​៤​កន្លែង ដែល​កើតមាន​តាំងពី​បុរាណ​មក ដោយ​គ្មាន​អ្នកណា​ហ៊ាន​ចាក់ដី​លុប​ទេ ព្រោះ​ម្តុំ​នេះ​ជា​មុខទឹក​សម្រាប់​រំដោះ​ទឹក​ចេញពី​ក្នុង​ក្រុង​ភាគ​ខាងកើត​។ ពីមុន​មាន​ប្រជាជន​ម្នាក់​មានបំណង​ចាក់ដី​លុប​ស្រះ​មួយផ្នែក តែ​ត្រូវបាន​រារាំង​ពី​សំណាក់​ប្រជាពលរដ្ឋ​តវ៉ា​មិនឱ្យ​លុប​ជាដាច់ខាត ព្រោះ​ជា​សម្បត្តិ​សាធារណៈ ទោះបីជា​បច្ចុប្បន្ន​មានទឹក​រដ្ឋ​ចូលទៅ​ដល់​ក៏ដោយ​។ ពួកគាត់​បញ្ជាក់ថា ស្រះ​ទឹក​ទាំងនេះ មាន​សារៈសំខាន់​ណាស់​ទុក​សម្រាប់​ស្រោចស្រព​ដំណាំ ស្រែ និង​ទុក​សម្រាប់​រំដោះ​ទឹកជំនន់​។​

​ជួប​ជាមួយ​លោក ភឿង ឈុន​លៀង នៅ​ភូមិ​សំរោង​ដែលជា​ម្ចាស់​ដី​បាន​និយាយថា លោក​មាន​ដី​នៅ​ខាងក្រោយ​ស្រះ ហើយ​ហេតុដូច្នេះ​លោក​ត្រូវតែ​ទិញ​ដី​នៅខាងមុខ ដើម្បី​ចាក់​ធ្វើជា​ផ្លូវចេញចូល ដោយមាន​ការយល់ព្រម​ពី​លោក​មេឃុំ​ន​រា​រួចហើយ​។​

​ដោយឡែក​លោក ឡុំ សោម អភិបាលស្រុក​សង្កែ បាន​បញ្ជាក់ថា រឿងនេះ​លោក​ទើបតែ​ដឹង និង​ទទួលបាន​ការចាត់តាំង​ពី​លោក​អភិបាលរង​ខេត្ត​ម្នាក់​ឱ្យ​ចុះទៅពិនិត្យ និង​សាកសួរ​លោក​មេឃុំ​ន​រា​ពាក់ព័ន្ធ​ទៅលើ​រឿង​ចាក់ដី​លុប​ស្រះ​បុរាណ​។ ដោយសារ​ប៉ះចំ​ថ្ងៃអាទិត្យ លោក​មិនទាន់​ទទួលបាន​សេចក្តីរាយការណ៍​របស់​លោក​មេឃុំ​ទេ ហើយ​លោក​សន្យា​នឹង​ចុះ​ធ្វើការ​ងារ​នេះ​រហូត​ចប់​ចុង​ចប់​ដើម​៕

ទីតាំងផ្សាយពាណិជ្ជកម្ម