ព្រឹត្តិការណ៍​រត់​ចម្ងាយ​ឆ្ងាយ​លើក​ទី​៤ អ្នកចូលរួម​មាន​សន្ទុះ​ខ្លាំង​

958
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា / ភ្នំពេញ​: ព្រឹត្តិការណ៍​រត់ប្រណាំង​ចម្ងាយ​ឆ្ងាយ នៅ​អង្គរវត្ត​លើក​ទី​៤ (4Th Angkor Ultra Trail) នឹងធ្វើ​រយៈពេល​២​ថ្ងៃ នៅ​តំបន់​សៀមរាប​អង្គរ​។​

​ក្នុង​សន្និសីទកាសែត​នា​វេលា​ថ្ងៃត្រង់​ថ្ងៃទី​១១​ធ្នូ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា បានធ្វើការ​កត់សំគាល់​ថា ឆ្នាំនេះ​អ្នក​ចុះឈ្មោះ​ចូលរួមបាន​កើន​ដល់​ក្នុង​រង្វង់​១.០០០​នាក់ ហើយ​ដែល​មកពី​៤២​ប្រទេស​។ កាលពី​ឆ្នាំ​កន្លងទៅ​មាន​អ្នកចូលរួម​ប្រមាណ​ក្នុង​រង្វង់​ជាង​៧០០​នាក់​ប៉ុណ្ណោះ​។​

​ព្រឹត្តិការណ៍​នេះ អ្នក​ដែល​រត់​ខ្លាំង​នឹង​ប្រើ​ថិរវេលា​មិនតិចជាង​២៤​ម៉ោង​នោះឡើយ​។ Ultra Trail មានន័យថា រត់​ចម្ងាយ​ឆ្ងាយ ហេតុនេះ​សុវត្ថិភាព​នៃ​អ្នកចូលរួម គឺ​កម្ពុជា​សហការគ្នា​ការពារ​ដល់​ពួកគេ​។ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ក្រសួងទេសចរណ៍ អាជ្ញាធរ​អប្សរា អាជ្ញាធរ​ខេត្តសៀមរាប ត្រូវតែ​ធានារ៉ាប់រង​សុ​វត្ថ​ភាព​លើផ្លូវ​រត់​សម្រាប់​ពួកគេ​។​

​ការរត់​នឹង​ប្រើ​រយៈពេល​២​ថ្ងៃ ដោយ​ចាប់ផ្ដើម​ពី​យប់​ថ្ងៃទី​១៩ ហើយ​បញ្ចប់​នៅ​យប់​ថ្ងៃទី​២០​មករា​ឆ្នាំ​២០១៩​។ សម្រាប់​ចម្ងាយ​ឆ្ងាយ​នេះ មានតែ​ជនបរទេស​ទេ ដែល​ចូលរួម​រត់​ចម្ងាយ​ឆ្ងាយ​នេះ​ច្រើន​។​

​លោក Edouard George ដែលជា​ប្រធាន​ក្រុមហ៊ុន Phoenix Voyages ដែលជា​ក្រុមហ៊ុន​ឧបត្ថម្ភ​ធំ​នោះ បាន​អះអាងថា ឆ្នាំនេះ​ជនជាតិ​បារាំង​មាន​អ្នកចូលរួម​រត់​ច្រើនជាងគេ​។ ការរត់​នេះ​មាន​ចម្ងាយ​១២៨​គីឡូម៉ែត្រ ៦៤​គីឡូម៉ែត្រ ៣២​គីឡូម៉ែត្រ និង ១៦​គីឡូម៉ែត្រ​។ លោក​បន្តថា ក្នុងចំណោម​ប្រទេស​ជាង​២០០ ក្នុង​ពិភពលោក​មាន​ប្រទេស​ជាង​២០​ប៉ុណ្ណោះ ដែល​បានរៀបចំ និង​ចូលរួម​លេង​ក្នុង​ព្រឹត្តិការណ៍​នេះ ដែល​ក្នុងនោះ​ក៏មាន​កម្ពុជា​ដែរ​។​

​លោក វ៉ា​ត់ ចំរើន មាន​ជំនឿ​ចិត្ត​ថា សម្រាប់​ការរត់​ចម្ងាយ​១៦​គីឡូម៉ែត្រ នឹងមាន​អ្នករត់​ជា​ជនជាតិ​កម្ពុជា​ចូលរួម​ច្រើន តែ​សម្រាប់​ចម្ងាយ​១២៨​គីឡូម៉ែត្រ ក៏​អាច​នឹងមាន​អ្នកចូលរួម​ជា​ជនជាតិខ្មែរ​ចូលរួម​តែ​មិន​ច្រើន​ឡើយ ហើយក៏​មិន​សង្ឃឹម​នឹង​បាន​ចំណាត់ថ្នាក់​ល្អ​ដែរ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម