៤​នាក់​ស្លាប់​និង​១១​នាក់​រងរបួស​ក្នុងការ​បាញ់ប្រហារ​នៅ​ផ្សារ​ណូអែល​បារាំង​

919
ចែករម្លែក

ខ្មាន់កាំភ្លើងតែម្នាក់បានបាញ់សម្លាប់មនុស្សយ៉ាងតិច៤នាក់និងបង្ករបួស១១នាក់ផ្សេងទៀតនៅជិតផ្សារណូអែល(គ្រីសម៉ាស)មួយនៅក្រុងស្រ្តាសបួកកាលពីយប់ថ្ងៃអង្គារទី១១ធ្នូ មុនពេលភៀសខ្លួន។

ហេតុផលនាំអោយមានការបាញ់ប្រហារនេះនៅមិនទាន់ច្បាស់តែខណៈវាបានកើតឡើងចំពេលបារាំងនៅមានការប្រុងប្រយ័ត្នខ្ពស់អំពីការវាយប្រហាររបស់ក្រុមរដ្ឋអ៊ីស្លាម(ISIS)ចាប់តាំងពីឆ្នាំ២០១៥មក រដ្ឋអាជ្ញាប្រឆាំងភេរវកម្មបានបើកការស៊ើបអង្កេត។

រដ្ឋមន្រ្តីមហាផ្ទៃ លោកគ្រីស្តូប កាស្ទែនែ( Christophe Castaner) បាននិយាយថាខ្មាន់កាំភ្លើងត្រូវផ្នែកសន្តិសុខស្គាល់និងពីមុនត្រូវបានកំណត់ថាជាជនគ្រោះថ្នាក់ចំពោះសន្តិសុខម្នាក់។

នៅប្រមាណ២ម៉ោងក្រោយការវាយប្រហារ ប៉ូលិសបានឡោមព័ទ្ធជនសង្ស័យនិងសម្លេងបាញ់កាំភ្លើងបានឮឡើង។សារព័ត៌មានបារាំងបាននិយាយថា ឃាតករបានសម្ងំក្នុងហាងមួយ។ប្រជាជននៅតំបន់នូដហ្វ និងឧទ្យានអេធ័ល ត្រូវបានប្រាប់អោយនៅកន្លែងដែលពួកគេកំពុងនៅដើម្បីអោយសមត្ថកិច្ចងាយស្រួលប្រមាញ់ជនល្មើសនៅលើដីនិងតាមអាកាស។

ផ្សារណូអែលត្រូវបានបើកក្រោមការការពារសន្តិសុខយ៉ាងតឹងរឹងនៅឆ្នាំនេះ ដោយរថយន្តគ្មានការអនុញ្ញាតមិនត្រូវបានអោយចូលវិថីជុំវិញក្នុងពេលបើកផ្សារនិងមានការបង្កើតប៉ុស្តិ៍ត្រួតពិនិត្យផង។

ប្រធានាធិបតីបារាំងអេមម៉ានុយអែល ម៉ាក្រុងត្រូវបានគេប្រាប់អំពីការបាញ់ប្រហារនេះ។

សូមបញ្ជាក់ថា បណ្តាទីភ្នាក់ងារសន្តិសុខអឺរ៉ុបបារម្ភខ្លាចក្រែងពួកសកម្មប្រយុទ្ធអ៊ីស្លាមដែលបានចាកចេញពីអឺរ៉ុបទៅប្រយុទ្ធនៅអ៊ីរ៉ាក់និងស៊ីរីវិលមកកាន់អឺរ៉ុបវិញក្រោយក្រុមនិយមជ្រុលនេះជួបបរាជ័យ និងធ្វើការវាយប្រហារ។

កាលពីឆ្នាំ២០១៦ រថយន្តធំមួយបានបើកបំបុកចូលហ្វូងមនុស្សនៅក្រុងនីសដោយសម្លាប់មនុស្សជាង៨០នាក់និងនៅឆ្នាំ២០១៥ការវាយប្រហារនៅក្រុងបាតាយក្លង់និងប៉ារីសបានឆក់យកជីវិតមនុស្សប្រមាណ១៣០នាក់៕ដោយ៖វាសនា

ប៉ូលិសចុះមកកាន់ផ្សារណូអែលនៅស្រ្តាបួកកាលពីថ្ងៃ១១ធ្នូក្រោយមានការបាញ់ប្រហារ

ទីតាំងផ្សាយពាណិជ្ជកម្ម