តុលាការ​ថៃ ៖ អតីត​កីឡាករ​ជម្រើសជាតិ​បា​រ៉ែ​ន​នឹង​បន្ត​ជាប់ឃុំ​

1011
ចែករម្លែក

​តុលាការក្រុង​បាងកក​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​១១​ធ្នូ​ថា អតីត​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​បា​រ៉ែ​ន​ដែលមាន​ឋានៈ​ជា​ជនភៀសខ្លួន​នៅ​អូស្ដ្រាលី ត្រូវតែ​បន្ត​ជាប់ឃុំ​នៅក្នុង​ប្រទេស​ថៃ ខណៈ​គាត់​កំពុង​រង់ចាំ​លទ្ធភាព​ធ្វើ​បត្យាប័ន ស្រប​ពេលដែល​ក្រុម​អ្នកធ្វើ​យុទ្ធនាការ​និយាយថា ពួកគេ​បារម្ភ​ថា គាត់​អាច​នឹងត្រូវ “​គេ​ធ្វើ​ទារុណកម្ម​” ប្រសិនបើ​វិលត្រឡប់​ទៅកាន់​រដ្ឋ​ឈូង​សមុទ្រ​ពែ​ក្ស​នេះ​វិញ​។​

​លោក ហា​ឃីម អា​ឡា​រ៉ៃ​ប៊ី (Hakeem Alaraibi) បាន​និយាយថា គាត់​ត្រូវបាន​គេ​ចាប់ខ្លួន​និង​វាយដំ នៅឯ​ការចាប់ផ្តើម​ការ​តវ៉ា​ក្នុង​បដិវត្តន៍​ផ្កាម្លិះ​នៅ​បា​រ៉ែ​ន​ក្នុង​ឆ្នាំ ២០១២ និង ត្រូវបាន​ផ្តល់​ឋានៈ​ជនភៀសខ្លួន​នៅ​អូស្ត្រាលី​នៅ ៥ ឆ្នាំក្រោយ​។​

​កីឡាករ​វ័យ ២៥ ឆ្នាំ​ដែល​បច្ចុប្បន្ន​លេង​ឱ្យ​ក្លិប​ពាក់កណ្តាល​អាជីព Pascoe Vale FC នៅក្នុង​ទីក្រុង​មែ​ល​ប៊​ន ត្រូវបាន​ឃាត់ខ្លួន​ដោយ​មន្ត្រី​អន្តោប្រវេសន៍​ថៃ​កាលពី​ថ្ងៃទី ២៧ ខែវិច្ឆិកា បន្ទាប់ពី​បានមក​ដល់ទី​ក្រុង​បាងកក​សម្រាប់​វិស្សមកាល​ជាមួយ​ប្រពន្ធ​របស់គាត់​និង​ត្រូវបាន​គេ​ឃុំខ្លួន​តាម​ការស្នើសុំ​ពី​រដ្ឋាភិបាល​បា​រ៉ែ​ន ខណៈ​អូស្ត្រាលី​និង​បា​រ៉ែ​ន​កំពុង​ប្រទាញប្រទង់​គ្នា​ដើម្បី​គ្រប់គ្រង​លើ​ជោគវាសនា​របស់គាត់​។​

​មេធាវី​របស់​អា​ឡា​រ៉ៃ​ប៊ី គឺ​លោកស្រី ណាត​ថា​ស៊ី​រី បឺ​ក​មែន (Nadthasiri Bergman) បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP កាលពី​ថ្ងៃ​អង្គា​រថា តុលាការ​បាន​ពន្យារពេល​ឃុំខ្លួន​អា​ឡា​រ៉ៃ​ប៊ី​នៅក្នុង​ពន្ធនាគារ​នៅ​ទីក្រុង​បាងកក​រយៈពេល ៦០ ថ្ងៃ​។​

​លោកស្រី​បាន​និយាយថា ការិយាល័យ​អគ្គ​រដ្ឋអាជ្ញា​ថៃ​បន្ទាប់មក​នឹង​ស្នើសុំ​ធ្វើ​បត្យាប័ន​គាត់​ទៅ​បា​រ៉ែ​ន​។​

​លោកស្រី​បឺ​ក​មែន​បាន​និយាយថា “​ខ្ញុំ​គិតថា​គាត់​មាន​ឱកាសល្អ​ដែល​មិន​ត្រូវគេ​ធ្វើ​បត្យាប័ន ពីព្រោះ​យើង​មាន​ភស្តុតាង​ដែលថា​គាត់​នឹង​ប្រឈម​ការវាយដំ​ធ្វើបាប​នៅក្នុង​ប្រទេស​បា​រ៉ែ​ន​”​។​

​តុលាការ​បាន​បដិសេធ​សំណើសុំ​ធានា​ឱ្យនៅ​ក្រៅ​ឃុំ បន្ទាប់ពី​ចេញ​ដីកាឃុំខ្លួន​។​

​និយាយ​ទៅកាន់​អ្នកយកព័ត៌មាន​នៅពេល​ដែល​គាត់​ត្រូវបាន​នាំទៅ​កាន់​តុលាការ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ដោយ​ប៉ូលិសអន្តោប្រវេសន៍ លោក​អា​ឡា​រ៉ៃ​ប៊ី​បាន​សុំឱ្យ​បញ្ឈប់​ដំណើរការ​នីតិវិធី​របស់​តុលាការ​។​

​លោក​អា​ឡា​រ៉ៃ​ប៊ី​បាន​និយាយថា “​អន្តោប្រវេសន៍​ថៃ​និង​អន្តោប្រវេសន៍​បា​រ៉ែ​ន​ធ្វើការ​រួមគ្នា​ដើម្បី​បញ្ជូន​ខ្ញុំ​ទៅ​បា​រ៉ែ​ន​វិញ ប៉ុន្តែ​អូស្ត្រាលី​បាន​បញ្ឈប់​ពួកគេ​។ ខ្ញុំ​មិន​ចង់​ត្រឡប់​ទៅ​បា​រ៉ែ​ន​វិញ​ទេ​។ ខ្ញុំ​ចង់​ត្រឡប់​ទៅ​អូស្ត្រាលី​។ ខ្ញុំ​មិន​ធ្វើ​អ្វី​នៅ​បា​រ៉ែ​ន​ទេ​។ ខ្ញុំ​ជា​ជនភៀសខ្លួន​នៅ​អូស្ត្រាលី​”​។​

​អា​ឡា​រ៉ៃ​ប៊ី​ត្រូវបាន​ផ្តន្ទាទោស​កំបាំងមុខ​ដោយ​ចោទប្រកាន់​ពីបទ​បំផ្លិចបំផ្លាញ​ស្ថានីយ​ប៉ូលិស​នៅក្នុង​ប្រទេស​បា​រ៉ែ​ន ប៉ុន្តែ​គាត់​និយាយថា​គាត់​កំពុង​នៅក្រៅ​ប្រទេស​លេង​បាល់ នៅពេល​គេ​ចោទ​ប្រព្រឹត្តល្មើស​។​

​បណ្តាញ​សិទ្ធិ​ជនភៀសខ្លួន​អាស៊ី​ប៉ាស៊ីហ្វិក (APRRN) បាន​រិះគន់​អាជ្ញាធរ​ថៃ​ដែល​បន្ត​ទៅមុខ​នូវ “​ផែនការ​គ្មាន​ធម៌​មេត្តា​” របស់ខ្លួន​ដើម្បី​ធ្វើ​បត្យាប័ន​អា​ឡា​រ៉ៃ​ប៊ី​។​

​លោក​អ៊ី​វ៉ាន់ ចូ​ន តំណាង​របស់ APRRN បាន​និយាយថា “​នេះ​គឺ​មនុស្ស​ម្នាក់​ដែល​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​របស់គាត់​បន្ទាប់ពី​ត្រូវបាន​គេ​ធ្វើ​ទារុណកម្ម​ហើយ​មាន​ហានិភ័យ​គ្រប់បែបយ៉ាង​ដែល​គាត់​នឹង​ប្រឈមមុខ​នឹង​ការធ្វើ​ទារុណកម្ម​ម្តងទៀត ប្រសិនបើ​គាត់​ត្រូវបាន​បង្ខំ​ឱ្យ​ត្រឡប់​ទៅវិញ​”​។​

​រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី​លោកស្រី ម៉ា​រី​ស ភេ​ន (Marise Payne) បាន​អំពាវនាវ​ឱ្យ​បញ្ជូន​គាត់​ត្រឡប់មក​អូស្ត្រាលី​វិញ​ជាបន្ទាន់ និង​បាន​និយាយថា ការប្រគល់​អា​ឡា​រ៉ៃ​ប៊ី​ទៅ​បា​រ៉ែ​ន​វិញ​នឹង​រំលោភបំពាន​លើ​ស្តង់ដារ​សិទ្ធិមនុស្ស​អន្តរជាតិ ដោយហេតុថា​គាត់​មាន​ឋានៈ​ជនភៀសខ្លួន​៕ ដោយ៖ កញ្ញាដាលីស

លោក ហា​ឃីម អា​ឡា​រ៉ៃ​ប៊ី ពេល​កំពុង​នាំខ្លួន​ឡើង​តុលាការ​ថៃ​កាលពី​ថ្ងៃ​អង្គារ


ទីតាំងផ្សាយពាណិជ្ជកម្ម