មនុស្ស​រាប់ពាន់នាក់​ធ្វើ​ការតវ៉ា​ប្រឆាំង​ការដាក់​គុក​ក្រុម​សកម្មជន​ប្រឆាំង​សង្គ្រាម​មី​យ៉ាន់​ម៉ា​

1352
ចែករម្លែក
  • 8
    Shares

​ក្រុមអ្នកតវ៉ា​រាប់ពាន់នាក់​កាលពី​ថ្ងៃ​អង្គារ​ទី​១១​ធ្នូ​បានធ្វើ​ដើរ​តវ៉ា​តាម​ដងផ្លូវ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​ភាគ​ខាងជើង​ប្រឆាំងនឹង​ការចាប់​ដាក់គុក​ក្រុម​សកម្មជន​ប្រឆាំង​​សង្គ្រាម​ចំនួន​៣​នាក់ នៅក្នុង​ការបង្ហាញ​ជា​សាធារណៈ​នូវ​កំហឹង​តវ៉ា​ដ៏​កម្រ​។​

​បុរស​៣​នាក់​ឈ្មោះ Lum Zawng លោក Nang Pu និង លោក Zau Jet ត្រូវបាន​ផ្តន្ទាទោស​កាលពី​ថ្ងៃ​សុក្រ​ឱ្យ​ជាប់គុក​៦​ខែ​និង​ពិន័យ​ជា​ប្រាក់ ៣២០​ដុល្លារ​ក្នុង​ម្នាក់ៗ​ ពីបទ​និយាយ​បង្ខូចឈ្មោះ​យោធា បន្ទាប់ពី​បាន​ជួយ​រៀបចំ​បាតុកម្ម​មួយ​នៅ​ទីក្រុង​Myitkyina​នៅ​រដ្ឋ Kachin កាលពី​ខែមេសា​។​

​ពួកគេ​បានលើកឡើង​អំពី​ស្ថានភាព​នៃ​ជន​ស៊ីវិល​រាប់ពាន់នាក់​ដែលជា​ប់​នៅក្នុង​ការប្រយុទ្ធ​គ្នា​រវាង​កងទ័ព​និង​ក្រុម​បះបោរ​ជនជាតិភាគតិច​កា​ឈី​ន​នៅក្នុង​សង្គ្រាម​​មួយ​ក្នុងចំណោម​សង្គ្រាមស៊ីវិល​ដែល​អូសបន្លាយ​ពេល​យូរ​ជាងគេ​លើ​ពិភពលោក​។​

​កាលពី​ថ្ងៃ​អង្គារ ក្រុមបាតុករ​បាន​កាន់​បដា​តវ៉ា​និង​ស្រែក​តវ៉ា​ប្រឆាំង​ការចាប់​ដាក់គុក​ក្រុម​សកម្ម​ជននេះ​និង​ប្រឆាំង​ការសម្រេច​របស់​តុលាការ​។​

​លោក Naw Aung មេដឹកនាំ​ការតវ៉ា​នេះ បាន​និយាយប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​បារាំង ថា ” យើង​ទាមទារ​ឱ្យ​ក្រុម​អាជ្ញាធរ ដោះលែង​មនុស្ស​របស់​យើង​ជាបន្ទាន់ “​។​

​ក្រុម​អ្នករៀបចំ​ការតវ៉ា​នេះ បាន​និយាយថា មនុស្ស​៤.០០០​នាក់ បាន​ចូលរួម​ធ្វើបាតុកម្ម​នេះ ។​

​សហភាព​អឺរ៉ុប​និង​ក្រុម​អង្គការសិទ្ធិមនុស្ស​បាន​ជំរុញ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ​ឱ្យ​លុបចោល​ការផ្តន្ទាទោស​និង​ដោះលែង​សកម្មជន​ទាំង​៣​នាក់​នេះ​។​

​លោកស្រី​Yanghee Lee អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ស្តីពី​សិទ្ធិមនុស្ស​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា បាន​និយាយថា ការកាត់ទោស​ឱ្យ​ជាប់​​គុក​សកម្មជន​ទាំងនេះ គឺ​មិនអាច​ទទួលយក​បានទេ​។​

​លោកស្រី​បាន​និយាយថា “​នេះ​គឺជា​ករណី​មួយទៀត​ដែល​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ខកខាន​មិនបាន លើកកម្ពស់​សិទ្ធិមនុស្ស​និង​គោលការណ៍​ប្រជាធិបតេយ្យ​ហើយ​កំពុង​ប្រើ​ច្បាប់​ចាស់​ដែល​ផ្ទុយ​នឹង​គោលការណ៍​សិទ្ធិមនុស្ស ធ្វើជា​អាវុធ​ប្រឆាំង​ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស ” ៕ដោយ៖សុខា/sn