រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​និង​ក្រុមហ៊ុន​បារាំង ចុះហត្ថលេខា​លើ​គម្រោង​ស្តារឡើងវិញ​និង​ពង្រីក​សមត្ថភាព​រោងចក្រ​ប្រព្រឹត្ត​កម្ម​​ទឹកស្អាត​

2329
ចែករម្លែក
  • 1
    Share

(​ភ្នំពេញ​)៖ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ (​រទស​ភ​) និង​ក្រុមហ៊ុន Vinci Construction នា​រសៀល​ថ្ងៃទី​៨ ខែសីហា​ឆ្នាំ​២០១៧​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​លើ​គម្រោង​ស្តារឡើងវិញ និង​ពង្រីក​សមត្ថភាព​រោង ចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​ចំការមន​ដែលមាន​ទឹកប្រាក់​​សរុប​ចំនួន ២៣,៥៦ លាន​ដុល្លារ​អាមេរិក​ដែលជា​ជំនួយ​របស់​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍន៍​។

​គម្រោង​នេះ​នឹងត្រូវ​អនុវត្ត​ដោយ​ក្រុមហ៊ុន​Vinci Construction Grands Projets (VCGP)​មកពី​ប្រទេស​បារាំង ក្នុង​ខែកញ្ញា ឆ្នាំ​២០១៧ ដោយ​សង្ឃឹមថា​គម្រោង​នេះ នឹង​ប្រើ​រយៈពេល​សាងសង់​២៤​ខែ​។​

MOU​នេះ បាន​ត្រូវ​ចុះហត្ថលេខា​ដោយ​លោក ស៊ឹម ស៊ីថា អគ្គនាយក​នៃ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ និង​លោក Julien Rayssinguiter តំណាង​VCGP នៅ​ទីស្នាក់ការ​រដ្ឋាករទឹក​ស្វ័យ​ត​ភ្នំពេញ​។​

​លោក ស៊ឹម ណា​រ៉ា ប្រធាន​ក្រុមប្រឹក្សាភិបាល រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បាន​ថ្លែងថា​រាជធានី​ភ្នំពេញ​បាន​រីកចំរើន​យ៉ាង​ឆាប់រហ័ស​គួរឱ្យកត់សំគាល់ ជាហេតុ​ធ្វើ​ឲ្យ​តម្រូវការ​ទឹក​មានការ​កើនឡើង​យ៉ាងគំហុក​។ រ​.​ទ​.​ស​.​ភ មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​ទទួលខុសត្រូវ​នូវ​កំណើន​តម្រូវការ​ទឹក​នេះ ដោយ​ត្រូវ​រៀបចំ​កម្មវិធី​វិនិយោគ​របស់ខ្លួន ក្នុងនោះ​រួមមាន​ការពង្រីក​សមត្ថ​ភាព​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត និង​ផ្ទៃ​សេវា​ផ្គត់ផ្គង់​ទឹក ។​

​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​និរោធ​ជំហាន​ទី​១ បានដាក់​ដំណើរការ នា​ខែ មិថុនា ឆ្នាំ​២០១៣ និង​ជំហាន​ទី​២ បានដាក់​ដំណើរការ​នា​ខែ មេសា ឆ្នាំ​២០១៧​។ ការដាក់ឱ្យ​ដំណើរការ រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​និរោធ​ទាំងពីរ​ជំហាន​នេះ បានធ្វើឱ្យ​សមត្ថភាព​ផលិតកម្ម​របស់ រ​.​ទ​.​ស​.​ភ កើនឡើង​ទ្វេ​រដង ពី​សមត្ថភាព ៣០០.០០០​ម៉ែត្រគូប​/​ថ្ងៃ កើន​រហូតដល់ ៥៦០.០០០​ម៉ែត្រគូប​/​ថ្ងៃ​។ កត្តា​នេះ​បាន​បង្កើន​អតិ​ថិ​ជន​ពី​ចំនួន ២៣០.០០០​អតិថិជន​ទៅដល់​ជាង​៣៣០.០០០​អតិថិជន និង​បណ្តាញ​ចែកចាយ​ទឹក​កើន​ពី ២.០០០​គីឡូ​ម៉ែត រហូតដល់ ៣.២២០ គីឡូម៉ែត្រ​៕​ដោយ​៖​សុផល​/sn

ទីតាំងផ្សាយពាណិជ្ជកម្ម