​នរណា ជា​អ្នកឈ្នះ​ចុងក្រោយ ក្នុង​ការប្រកួត​ជម្រុះ​ជុំ​ទី​១ ?

895
ចែករម្លែក

ដោយ​:​រ៉ូ​ហ្សា​
​ភ្នំពេញ​: ព្រឹត្តិការណ៍​TV5 Boxing Knock-Out Serie by K-Cement បាន​ឈាន​មក​ដល់​ការប្រកួត ចុងក្រោយ នៃ​វគ្គ​ជម្រុះ​ជុំ​ទី​១ ហើយ ។​

​ក្នុង​ចំណោម​អ្នក​ប្រដាល់ ចំនួន ៣២ រូប មក​ពី​សមាគម​-​ក្លិប​ទាំង ៣២ ទូទាំង​ប្រទេស បាន​ចូលរួម​ប្រកួត ជម្រុះ​ជុំ​ទី​១ ដើម្បី​ចម្រាញ់រ​កជើង​ខ្លាំង ចំនួន ១៦ រូប សម្រាប់​ទៅ​ប្រកួត​ជម្រុះ​ជុំ​ទី​២ បន្តទៀត ។​

​ថ្ងៃទី​១៥ ធ្នូ ជា​ថ្ងៃ​ប្រកួត​ចុងក្រោយ នៃ​វគ្គ​ជម្រុះ​ជុំ​ទី​១ ក្នុង​ខណៈ​ដែល​មាន​អ្នក​ប្រដាល់ ១៤ រូប​ហើយ ដែល​កំពុងតែ​អង្គុយ រង់ចាំ​ប្រកួត​ជុំ​ទី​២ ក្នុង​ខណៈ​ដែល​មាន​អ្នក​ប្រដាល់ ១៤ រូប ដែរ ដែល​ខ្ទាត​ចេញពី​ការប្រកួត ។ ពេលនេះ មាន​អ្នក​ប្រដាល់ ២ រូប​ទៀត ដែលជា​អ្នក​ខ្ទាត​ចេញ​ចុងក្រោយ និង​មាន​អ្នក​ប្រដាល់ ២ រូប​ទៀត ជា​អ្នកឈ្នះ ចុង​ក្រោយ​ដែរ ។​

​ជ័យ ប៊ុន​សង់ ក្លិប​គី​សែ​មាន​រិទ្ធ ត្រូវ​ជួប​ប្រកួត​ជា​មួយ អ្នក​ប្រដាល់ ចាន់ គឹម​លុន ក្លិប​និរោធ​ន៍​មានជ័យ ។ ប៊ុន​សង់ ជា​អ្នក​ប្រដាល់​មួយរូប ដែល​មិនសូវ​ជា​អស្ចារ្យ​ប៉ុន្មាន​ទេ ឯ គឹម​លុន ក៏​មិនសូវ​មាន​នរណា​ស្គាល់​ដែរ ។ តើ​អ្នក​ប្រដាល់​ទាំង ២​រូបនេះ នរណា​ខ្ទាត​ចេញ ពី​ការប្រកួត ហើយ​នរណា កក់​កៅអី​សម្រាប់​ជុំ​ទី​២?​។​

​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​ដែរ អ្នក​ប្រដាល់ ផាន ផា​ត់យុទ្ធ ក្លិប​សាលវ័​ន្ដ​កីឡា ត្រូវ​ជួប​តស៊ូ​ជាមួយ អ្នក​ប្រដាល់ ជ័យ សុផល មក​ពី​ក្លិប​គុហារ​ព្រហ្ម​ជ័យ​ខេត្តសៀមរាប ។​

​អ្នក​ប្រដាល់​ទាំង ២ រូបនេះ សុទ្ធតែ​ធ្លាប់​ចូលរួម​ប្រកួត ក្នុង​ព្រឹត្តិការណ៍​នេះ ដូចគ្នា ហើយក៏​មិន​ធ្លាប់ បាន​ឡើង​ទៅ ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដែរ ។ ចាំ​មើល​ជំនួប រវាង​អ្នកខ្លាំង​ទាំង ២ រូបនេះ នរណា​ជា​អ្នក​ប្រជែង បាន​កៅអី សម្រាប់ ឡើង​ទៅ​ប្រកួត​ជម្រុះ​ជុំ​ទី​២ ហើយ​នរណា ត្រូវ​ខ្ទាត​ចេញពី​ការប្រកួត ?​។​

​ការ​ប្រកួត​ជា​មិត្តភាព​អន្តរជាតិ ជាមួយ​ថៃ​វិញ​នោះ អ្នក​ប្រដាល់​កម្ពុជា សុខ សាវិន ក្លិប​ឆ្មា ស សែន​សុខ ត្រូវ​ជួប​ប្រកួត​ជា​មួយ​អ្នក​ប្រដាល់​ថៃ ពេជ្រ វី​ឈាន (Pich Vichhean) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។​

​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ ក្រៅ​ព្រឹត្តិការណ៍​ដណ្ដើម​ពានរង្វាន់​វិញ​នោះ ណា​ម ម៉ូ​រ៉ាក់ ក្លិប​ពន្លឺ​សាមគ្គី ខេត្ត​បាត់ដំបង ប្រកួត​ជា​មួយ​អ្នក​ប្រដាល់ សុខ សុវណ្ណ សមាគម​ប្រដាល់​ក្រសួង​ការពារជាតិ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។​

​អ្នក​ប្រដាល់ ខេន ភារម្យ ក្លិប​គុហារ​ព្រហ្ម​ជ័យ ប្រកួត​ជា​មួយ​អ្នក​ប្រដាល់​ឡុង ពន្លឺ ក្លិប​សាលវ័​ន្ដ​កីឡា ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៤៨ គីឡូក្រាម ៕v