តម្លៃអំពៅស្ករ​មានការ​ធ្លាក់ចុះ ​ខណៈ​ទិវា​ប្រមូល​ផលដំណាំ​អំពៅស្ករ​ឆ្នាំ​២០១៧.២០១៨​នៅ​ខេត្តស្វាយរៀង​បានមក​ដល់​

1736
ចែករម្លែក


ដោយ:វ៉ៃកូ/ស្វាយរៀង ៖ លោក សុខ រស់ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង តំណាង​លោក ម៉ែន វិបុល អភិបាលខេត្ត កាលពី​ព្រឹក​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៨​នេះ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើ​ក​ការប្រមូល​ផល​អំពៅស្ករ នៅ​ភូមិ​តា​ប៉ោ​ញ ឃុំ​ព្រៃ​តា​អី ស្រុក​ស្វាយទាប ខេត្តស្វាយរៀង ។​

​ក្នុង​ពិធី​នេះ​មានការ​អ​ញ្ជើ​ញ​ចូលរួម​ពី​លោក​ប្រធាន​នាយកដ្ឋាន ក​សិ​-​ឧស្សាហកម្ម នៃ​អគ្គនាយកដ្ឋាន​កសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត លោក​អភិបាលស្រុក​ស្វាយទាប លោក​មេឃុំ​មនោ​រម្យ ពពែ​ត ព្រៃ​តា​អី ឃុំ​គគីរ​សោម ក្រុមហ៊ុន​សហប្រតិបត្តិ​ការ​ស្វាយរៀង​-​តៃនិញ សមត្ថកិច្ច​តាម​ព្រំដែន ប្រជាពលរដ្ឋ ជា​ពលករ​កាប់​អំពៅ ប្រមាណ ៣៥០​នាក់​។

​លោក កុយ សា​រ៉េ​ន តំណាងឱ្យ​ក្រុមហ៊ុន អើ​ស​ធើ​ន​រ៉ា​យស៍​ហ្វៀ​ល​ឌី​វេឡុ​ប​មេន​ខូ​អិ​ល​ធី​ឌី​ដាំ​ដំណាំ​អំពៅស្ករ​បានឲ្យដឹងថា ដោយ​អនុវត្តតាម​ផែនការ​គម្រោង​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​ចុះកិច្ចសន្យា​វិនិយោគ​ដាំ​ដំណាំ​កសិឧស្សាហកម្ម កសិកម្ម លើ​ដំណាំ​អំពៅស្ករ ដំឡូង​មី សណ្តែក ល្ង ឳ​ឡឹ​ក និង​ដំណាំ​ស្រូវ​ដែល​ក្រុមហ៊ុន​របស់លោក​បានរៀបចំ​ចុះកិច្ចសន្យា​តាម​បណ្តា​ក្រុមហ៊ុន​ដៃគូរ​បាន​ចំនួន​១៦ ​ដើម្បី​ធ្វើ​ការដាំ​ដំណាំ​ដោយ​គម្រោង​ខាងលើ ​ដោយមាន​ការជួយ​ផ្តល់ទុន​វិនិយោគ​ពី​រោងចក្រ​អំពៅស្ករ​ថា​ញ់​ថា​ញ់​កុង​ខេត្ត​តៃនិញ​ប្រទេស​វៀតណាម​។​

​លោក កុយ ស​រ៉េ​ន បានឲ្យដឹង​ទៀតថា ​នៅក្នុង​ស្រុក​របស់​លោកមា​ន​ក្រុមហ៊ុន​ចំនួន​៥​ដែល​កំពុង​អនុវត្ត​ចំនួន​២​ស្រុក​គឺ​ស្រុក​ស្វាយទាប​មាន​៣​ក្រុមហ៊ុន​ និង​ស្រុក​រំដួល​មាន​២​ក្រុមហ៊ុន​ដោយមាន​ផ្ទៃដី​សរុប​ទាំង​២​ស្រុក​ចំនួន​៤១១៦​ហិកតា​ហើយ​ពូជអំពៅ​ ដែល​ត្រូវ​រក្សា​ពូជ​ដាំ​នៅក្នុង​តំបន់​នេះ ​នៅសល់តែ​២​ពូជ​ទេ​ដែល​សមស្រប​តាម​ភូមិសាស្ត្រ​ដី​គឺមាន ១.​ពូជ K.K3 ២.​ពូជ L.K 92.11 ។​

​លោក​តំណាង​ក្រុមហ៊ុន​បាន​មានប្រសាសន៍​បន្ថែមទៀត​ថា គម្រោង​បាន​អនុវត្ត​ជោគជ័យ​ទៅបាន​ដោយសារ​បានការ​គាំទ្រ​ចង្អុលបង្ហាញ​ពី​លោក​អភិបាលខេត្ត​ ដើម្បី​ធ្វើការ​អភិវឌ្ឍ​នៅ​តំបន់​ភូមិសាស្ត្រ​ឃុំ​ជាប់​ព្រំដែន ឲ្យទៅជា​តំបន់​ពណ៍​បៃតង​ហើយ​មានការ​គាំទ្រ​នូវ​បច្ចេកទេស​ពី​មន្ទីរ​កសិកម្ម​ខេត្តស្វាយរៀង អាជ្ញាធរ​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុង​ខេត្ត​និង​ក្នុង​មូលដ្ឋាន​ជួយ​បង្កលក្ខណៈ​ងាយស្រួល ​ដើម្បីឲ្យ​ក្រុមហ៊ុន​បានអភិវឌ្ឍ​ពី​ដី​វាល​ទំនេរ ដី​វាលទំនាប​តំបន់​លិច​ទឹក​ត្រូវបាន​រៀបចំ​កសាង​នូវ​ប្រព័ន្ធ​ផ្លូវ​ដឹកជញ្ជូន​.​ប្រព័ន្ធ​ផ្លូវទឹក​ហូរ​ឆ្លងកាត់ បាន​បង្កើត​ការងារ​ឱ្យ​កូនចៅ​ប្រជាពលរដ្ឋ​មានការ​ងារ​ធ្វើ​ទទួលបាន​ប្រាក់​កំ​រ៉ៃ​ប្រចាំថ្ងៃ​ ដូច្នេះ​ការអភិវឌ្ឍ​នៅ​តំបន់​នេះ​មាន​រយៈពេល​៨​ឆ្នាំ​មក​ហើយ​ចាប់ពី​ឆ្នាំ​២០១១​មកដល់​ឆ្នាំ​២០១៨​នេះ​។​

​លោក កុយ សា​រ៉េ​ន បាន​សង្កត់ធ្ងន់ថា នៅ​ចំពោះមុខ​តំលៃ​អំពៅ​ក្នុង​ឆ្នាំ​២០១៨​នេះ​រោងចក្រ​ថា​ញ់​ថា​ញ់​កុង​តៃនិញ​បានទទួល​ទិញ​អំពៅស្ករ​ក្នុង​១​តោន​ចំនួន​៣០​ដុល្លារ ​បើ​ប្រៀបធៀប​ឆ្នាំ​២០១៧​ឃើញថា​ខុសគ្នា​៨​ដុល្លារ​ក្នុង​១​តោន​នេះ ​(​ថោក​ជាង​) បើ​គិត​ជាតិ​ស្ករ​បាន ១០.ccs តែបើ​កំ​រឹត​ជាតិ​ស្ករ​ទាប​គឺ​កាន់តែ​ខាត​តែម្តង ។ ដូចនេះ​នៅ​ឆ្នាំ​២០១៩​ខាងមុខ​ផ្ទៃដី​មួយចំនួន​ត្រូវបាន​ប្តូរ​ពី​ដាំ​អំពៅស្ករ​មក​ដាំ​ដំណាំ​ផ្សេងៗ​វិញ​ហើយ​ផ្ទៃដី​មួយចំនួនទៀត​គឺ​ត្រូវ​បោះបង់ចោល​ទាំងស្រុង​។​

​ក្នុងឱកាស​នោះ លោក សុខ រស់ អភិបាលរង​ខេត្ត ក៏បាន​​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ខាង​ក្រុមហ៊ុន​ជា​ដៃគូរ​ដែល​បានមក​ធ្វើការ​វិនិយោគ​នៅតាម​តំបន់​ព្រំដែន ​បង្កើតបានការអភិវឌ្ឍន៍​ទៅជា​តំបន់​បៃតង​បង្កើត​ការងារឲ្យ​កូនចៅ​ប្រជាពលរដ្ឋ​មានការ​ងារ​ធ្វើ​ទទួលបាន​ប្រាក់​កំ​រ៉ៃ​ប្រចាំថ្ងៃ​។​

​លោក​អភិបាលរង​ខេត្ត​បាន​មានប្រសាសន៍​បន្តទៀតថា ​យើង​មិនត្រូវ​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​ការដាំ​ដំពៅ​ស្ករ​តែមួយ​មុខ​ប៉ុណ្ណោះ​ទេ​ យើង​ត្រូវ​បង្កើន​ការដាំដុះ​នូវមុខ​ដំណាំ​ផ្សេងៗ​ទៀត​មាន​ជាអាទិ៍ ដំឡូង​មី សណ្តែក ល្ង ឳ​ឡឹ​ក ជាដើម​ដើម្បី​បង្កើន​ចំណូល​ក្នុង​គ្រួសារ ។​

​នាឱកាស​នោះ​លោក​អភិបាលរង​ខេត្ត​ក៏បាន​នាំយក​អំណោយ​របស់លោក​អភិបាលខេត្ត ចែកជូន​ប្រពល​រដ្ឋ​ដែល​បាន​ចូលរួម ក្នុង​ម្នាក់ៗ​ទទួលបាន សា​រ៉ុង​១ និង​ស្ករស ១​គីឡូក្រាម ផងដែរ ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម