អាជ្ញាធរ​ជជែក​ពិភាក្សា​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​និង​វិស័យ​ឯកជន​ ដើម្បី​បង្កើត​សៀវភៅ​មគ្គុទ្ទេសក៍​បង្ហាញ​ភ្ញៀវទេសចរ​និង​អ្នកវិនិយោគ​

819
ចែករម្លែក

ដោយ​:គង់​ហេង​/កំពង់ចាម​ ៖ អាជ្ញាធរខេត្ត​កំពង់ចាម បាន​ជួប​ជជែក​ពិភាក្សា​ជាមួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ និង​ក្រុម​សហគមន៍ សហគ្រិន​វ័យក្មេង​កម្ពុជា ក្នុង​គោលបំណង​ប្រមែប្រមូល​ទិន្នន័យ នៃ​សត្តា​នុព​ល​ពិតប្រាកដ​របស់​ខេត្ត​ជាប់​ដង​ទន្លេមេគង្គ​មួយ​នេះ​។ ដើម្បី​រៀបចំ​ចងក្រង​ជា​សៀវភៅ មគ្គុទ្ទេសក៍​វិនិយោគ និង​ទេសចរណ៍ កាលពី​សប្តាហ៍​កន្លងទៅ​នេះ​។​

លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម​បាន​ថ្លែង​ទៅកាន់​ក្រុម​អ្នកចូលរួម​ចំនួន ១៦​នាក់​នៅក្នុង​សាលាខេត្ត​នេះ​ថា សក្តានុពល​ខេត្តកំពង់ចាម ខុសពី​សក្តានុពល​រាជធានី​ភ្នំពេញ និង​ខេត្ត​សៀម​រាម​គឺ​សក្តានុពល​កន្លែង​ទាំងពីរ​នេះ នៅ​ចំ​កណ្តាល​ក្រុង​តែម្តង​។ ដោយឡែក​កណ្តាល​ក្រុង​កំពង់ចាម​របស់​យើង គឺ​គ្រាន់តែ​បង្ហាញ​ពី​ការប្រមូលផ្តុំ​មនុស្ស​ប៉ុណ្ណោះ​។ ពិសេស គឺជា​ខេត្ត​មាន​សក្តានុពល​លើ​វិស័យ​កសិកម្ម ដែល​កន្លងមក ការបង្ហាញ​ពី​សក្តានុពល មិនសូវ​បានទទួល​ការទាក់ទាញ​ពី​មជ្ឈដ្ឋាន​អ្នកវិនិយោគ​ប៉ុន្មាន​ឡើយ​។​

លោក​អភិបាលខេត្ត​បាន​ថ្លែង​លើកឡើង​ឲ្យ​ដឹង​ទៀតថា ដើមចម​ជំនួប​នា​ថ្ងៃនេះ គឺ​បំណង​ដើម្បី​ប្រមូលផ្តុំ​រិះរក​ពីសារ​:​សំខាន់ នៃ​សក្តានុពល​របស់​ខេត្ត​ទាំងមូល​តែម្តង​។ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ជា​អត្ថប្រយោជន៍​មគ្គុទ្ទេសក៍ សម្រាប់​បង្ហាញ​ដល់​អ្នកវិនិយោគ​នានា ក៏ដូចជា​ការចូលរួម​លើកកម្ពស់ និង​បង្កលក្ខណ​:​ងាយស្រួល​ដល់​អ្នកវិនិយោគ​ទាំងឡាយ​។​

លោក​អភិបាលខេត្ត​កំពង់ចាម​បាន​ថ្លែងបន្តថា ពិតមែន​ហើយ​យើង​ទទួលស្គាល់​អ្នកវិនិយោគ​ទាំងអស់ គឺ​ដើម្បី​ចំណេញ​ប្រាក់​របស់ខ្លួន​។ ក៏ប៉ុន្តែ​សកម្មភាព​របស់​អ្នកវិនិយោគ ទាំងនោះ​ហើយ​ដែល​បាន​ចូលរួមចំណែក​លើកកម្ពស់​គុណ​តម្លៃ​របស់​ខេត្ត​។ មួយវិញទៀត​សកម្មភាព​ទាំង នេះ​កន្លងមក​ហាក់​នៅ​ដាច់ៗ ដោយឡែក​ពីគ្នា​។ កត្តា​នេះ គឺ​ទាមទារ​ឲ្យ​យើង​រិះរក មធ្យោបាយ​បែបណា ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ និង​ធ្វើយ៉ាងណា​ឲ្យ​អ្នកទេសចរ​ក្នុង និង​ក្រៅ​ស្រុក​ទាក់ទាញ​ចិត្ត​ពោល គឺ​ឲ្យ​ពួកគេ​នឹកឃើញ​អ្វី​ដែលមាន​ក្នុង​ខេត្តកំពង់ចាម ពិសេស​កុំ​ឲ្យ​គេ​ខកចិត្ត​ក្នុងការ​ចំណាយ​សោហ៊ុយ​ធ្វើដំណើរ​មកកាន់​ខេត្ត​របស់​យើង​។​

លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា យើង​ត្រូវ​ប្រមូលផ្តុំ​ព័ត៌មាន​ដោយផ្ទាល់ និង​ប្រយោល ដើម្បី​ទំនាក់ទំនង​គ្នា​ពី​សហគ្រាស​មួយ ទៅ​ក្រុមហ៊ុន​មួយ​ ដើម្បី​បង្ក​ការងាយស្រួល ទាំង​អ្នកទេសចរ និង​អ្នកវិនិយោគ​ឲ្យ​មក​ចាប់អារម្មណ៍​ជាមួយ​យើង​។ មួយវិញទៀត គឺ​ជំរុញ​ការសម្របសម្រួល លើ​ការនាំចេញ​នាំចូល​កសិផល ទៅ​ក្រៅប្រទេស​។ ដូចជា​ច្បាប់ទម្លាប់​ទាំងឡាយ គឺ​បង្ក​ភាពងាយស្រួល ជៀសវាង​ប៉ះពាល់​តម្លៃ នៃ​ការលក់​ចេញ និង​ទិញ​ចូល​នោះ​។ កត្តា​សំខាន់បំផុត គឺ​បង្ហាញ​សក្តានុពល នៃ​កសិផល​របស់​ប្រជាកសិករ​យើង​ទាំងមូល​។​

លោក​បន្ថែមថា ជុំវិញ​ការរៀបចំ​ចងក្រង​សៀវភៅ​មគ្គុទ្ទេសក៍ នៃ​ការវិនិយោគ របស់​ខេត្តកំពង់ចាម​នេះ គឺ​ទំនងជា​នឹង​ចេញ​ជា​លទ្ធផល នៅ​ខែក្រោយ​មករា ឆ្នាំ​២០១៩​ខាងមុខនេះ​។ ជាមួយ​នោះ​ដើម្បី​ឲ្យ​កិច្ចការ​ប្រព្រឹត្ត​ទៅដោយរ​លូន យើង​នឹង​ជួបប្រជុំគ្នា​ជា​ទៀងទាត់​រាល់​រយ​:​ពេល បី ខែម្តង ហើយ​បញ្ហា​លើ​ការប្រមូលទិញ លក់ កសិផល​ប្រជាពលរដ្ឋ គឺធ្វើឡើង​ទូទាំងប្រទេស​កម្ពុជា មិនមែន​សម្រាប់តែ​កសិផល​ប្រជាពលរដ្ឋ​ខេត្តកំពង់ចាម​មួយ​ទេ​។ ដោយ​ជ្រើស​រើសយក​ទីតាំង​មន្ទីរ​ពាណិជ្ជកម្ម ខេត្តកំពង់ចាម នៅ​ផ្លូវ​មាត់ទន្លេ​ខាងក្រោម​ស្ពាន​គី​ហ្ស៊ូ​ណា​៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម