លោកស្រី ឃួន សុ​ដា​រី ៖ កាកបាទ​ក្រហ​កម្ពុជា នឹង​បន្ដ​បេសកកម្ម ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ឲ្យទាន់ពេល​និង​កាន់តែ​ប្រសើរ​

700
ចែករម្លែក

ដោយ:​សុផល​/ភ្នំពេញ ៖ លោកស្រី ឃួន សុ​ដា​រី អនុប្រធាន​កាកបាទក្រហមកម្ពុជា តំណាង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ថ្លែង​ទៅកាន់​កម្មករ កម្មការិនី ជាង​២​ពាន់​នាក់​ថាៈ​កាកបាទក្រហមកម្ពុជា នឹង​បន្ដ​រួមសុខ រួមទុក្ខ និង​ជួយសង្គ្រោះ​រាល់​ការលំបាក របស់​បងប្អូន​ប្រជាពលរដ្ឋ ឲ្យ​ទាន់ពេលវេលា ទោះ​ក្នុង​កាលៈ ទេសៈ ណាក៏ដោយ​។​

លោកស្រី ឃួន សុ​ដា​រី បាន​ថ្លែង​ដូច្នេះ នៅក្នុង​ឱកាស​ជួប​សំណេះសំណាល សួរ​​សុខទុក្ខ និង​ចែក​អំណោយ​ចែក​អំណោយ​ជា​ស្បៀង សម្ភារ​និង​ថវិកា ជូន​កម្មករ​កម្មការិនី ក្រុមហ៊ុន ស៊ីន​ទ្រី ចំនួន ១,៨០៦​នាក់ និង​កម្មករ កម្មការិនី មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ ចំនួន​៤៥៩​នាក់ ដែល​ប្រ​ព្រឹ​ត្ដទៅ​នាទី​ស្នាក់ការ​កណ្ដាល កាកបាទក្រហមកម្ពុជា នៅ​ព្រឹក​ថ្ងៃ ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៧​។​

លោកស្រី​អនុប្រធាន​កាកបាទក្រហមកម្ពុជា បាន​ពាំនាំ​ប្រសាសន៍​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ផ្តាំផ្ញើ​ក្តី​នឹករលឹក ជា​មនោសញ្ចេតនា​អាណិត​ស្រឡាញ់​ជ្រាលជ្រៅ ព្រមទាំង​សម្តែង​នូវ​ការកោតសរសើរ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​បងប្អូន​កម្មករ​-​កម្មការិនី​អនាម័យ​ទាំងអស់​ដែល​បាន​ខិតខំ​បំពេញ​ការងារ​ប្រកបដោយ​ភាពថ្លៃថ្នូរ ប្រាកដប្រជា សុច្ចរិត ជាពិសេស ធ្វើ​ពលិកម្ម តស៊ូ ប្រឈម​នឹង​ភាព​ស្អុយ​កខ្វក់ ហាល​ក្តៅ ភ្លៀង ខ្យល់ យក​សុខភាព​របស់ខ្លួន​ប្តូរ​ជាមួយ​សុខភាព​អ្នកដទៃ ដើម្បី​ទីក្រុង​មាន​សោភ័ណភាព បរិស្ថាន និង​អនាម័យ​ល្អ ដែលជា​មុខមាត់​ប្រទេសជាតិ​។

សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត តែងតែ​ដឹង​សុខទុក្ខ​របស់​កម្មករ និយោជិត និង​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពួកគេ​ផងដែរ ដោយ​ក្តីមេត្តា ករុណា គិតគូរ​និង​ផ្តល់​ក្តីសង្ឃឹម​ជំនឿ​ចិត្ត​ដល់​ប្រជាជន​ទូទៅ​ជួប​ការលំបាក​ដោយ​គ្មាន​ការរើសអើង មិន​ប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌​សម្បុរ​សាសនា​ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ​ដោយ​កន្លែង​ណា​មាន​ទុក្ខលំបាក​គឺមាន​កាកបាទក្រហមកម្ពុជា ។​

លោក ខួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានឱ្យដឹងថា​ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ក​កន្លងទៅនេះ​បរិមាណ​សំរាម​ដែល​ប្រមូលបាន​មាន​ចំនួន​រហូតដល់​ទៅ​៨.៣២១​តោន​កើនឡើង​ចំនួន​២.០២៥​តោន​ស្មើនឹង​៣២%​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៧​។ ដើម្បី​គ្រប់គ្រង​សំរាម​ទាំង​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានរៀបចំ​ចាត់ចែង​កម្លាំង បុគ្គលិក កម្មករ​របស់​មន្ទី​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ រដ្ឋបាល​ពាក់ព័ន្ធ​សហការ​ជាមួយ​កម្លាំង​បុគ្គលិក កម្មករ របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី សរុប​ចំនួន​២.២៦៥​នាក់​ ដើម្បី​ធ្វើការ​ប្រមូល វេច​ខ្ចប់ ដឹកជញ្ជូន​សំរាម​លាង​សម្អាត​ផ្លូវ កម្រាល​ថ្ម​ម៉ា​ត និង​ថែទាំ​សួនច្បារ​ក្រោយពេល​បញ្ចប់​កម្មវិធី​ជា​រៀងរាល់ថ្ងៃ​។​ការងារ​នេះ​អាជ្ញាធរ​មូលដ្ឋាន​និង​បងប្អូន​កម្មករ កម្មការិនី​យើង បាន​លះបង់​ពេលវេលា​សម្រាក​ពេលយប់​ ដើម្បី​បំពេញ​ការងារ​បាន​ទាន់ពេលវេលា ធ្វើ​ឲ្យ​បញ្ហា​អានា​ម័​យ បរិស្ថាន​មាន​ភាពល្អប្រសើរ​ជាង​បណ្តា​ឆ្នាំកន្លងមក​និង​ទទួលបាន​ការគាំទ្រ​លើកទឹកចិត្ត​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​។​

សូមបញ្ជាក់ថា នេះ​ជា​លើក​ទី ៣ ដែល​កាកបាទក្រហមកម្ពុជា បានរៀបចំ​ពិធី​ចែក​អំណោយ​ជូន​ដល់ កម្មករ​-​កម្មការិនី​អនាម័យ​ក្នុង​រាជធានី​ភ្នំពេញ​។​ក្នុង​ឆ្នាំ ២០១៨ នេះ កម្មករ​-​កម្មការិនី​អនាម័យ ទាំង​២,២៦៥​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន ៖ អង្ករ ៣០​គីឡូក្រាម មី ១​កេស ត្រីខ ១០​កំប៉ុង មុង​១ ភួយ​១ សារុង​១ ក្រមា​១ អាវយឺត​១ នំប៉័ង ១​ដើម ទឹក​សុទ្ធ ១​ដប និង​ថវិកា ១០០,០០០​រៀល​៕B/

លោកស្រី ឃួន សុ​ដា​រី អនុប្រធាន​កាកបាទក្រហមកម្ពុជា តំណាង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​(​រូប:​សុផល​)

ទីតាំងផ្សាយពាណិជ្ជកម្ម