តាម​ប្រមាញ់​ឃាតករ​បន្ទាប់ពី​ការបាញ់ប្រហារ​នៅ​ផ្សារ​ណូអែល​នៅ​ក្រុង​ស្ត្រា​ស​បួ​ក​សម្លាប់​មនុស្ស​៣​នាក់​

891
ចែករម្លែក

ការតាមស្វែងរកដ៏ធំបានកំពុងប្រព្រឹត្តទៅកាលពីថ្ងៃពុធទី១២ធ្នូសំរាប់ខ្មាន់កាំភ្លើងជ្រុលនិយមម្នាក់ដែលបានបាញ់សម្លាប់មនុស្ស៣នាក់នៅជិតផ្សារណូអែលមួយនៅក្រុង​ស្រ្តាសបួក ប្រទេសបារាំងកាលពីយប់ថ្ងៃអង្គារ។

អាជ្ញាធរបារាំងបានធ្វើការស៊ើបអង្កេតភេរវកម្មមួយចំពោះការបាញ់ប្រហារនេះ ដោយរដ្ឋមន្រ្តីមហាផ្ទៃ គ្រីស្តូប កាស្តានែ និយាយថា មន្រ្តីសន្តិសុខ៣៥០នាក់កំពុងតាមប្រមាញ់រកបុរសម្នាក់ដែលសេវាសន្តិសុខធ្លាប់ស្គាល់កាលពីមុន។

លោកកាស្តានែ បាននិយាយថា ខ្មាន់កាំភ្លើងអាយុ២៩ឆ្នាំនេះ មកពីទីក្រុងនៅបារាំងខាងកើតនេះ ធ្លាប់ជាប់គុកនៅបារាំងនិងអាល្លឺម៉ង់ចំពោះការល្មើសច្បាប់និងការបាញ់ជាមួយមន្រ្តីអនុវត្តន៍ច្បាប់ នៅពេលបុរសនេះ«សាបព្រួសការភ័យខ្លាច»។

ក្រោយពេលបាញ់ប្រហារ ដែលបានបណ្តាលអោយរបួសមនុស្ស១១នាក់ផងដែរ រដ្ឋាភិបាលបារាំងបានបង្កើនការព្រមានសន្តិសុខដល់កំរិតខ្ពស់បំផុត។

លោករដ្ឋមន្រ្តីមហាផ្ទៃបាននិយាយថា«ប៉ូលិស៣៥០នាក់បច្ចុប្បន្នកំពុងស្វែងរកជនសង្ស័យ ជាមួយការគាំទ្រពីឧទ្ធម្ភាគចក្រ២គ្រឿង ប៉ូលិសប្រឆាំងភេរវកម្ម កងអង្គភាពប្រឆាំងឧក្រិដ្ឋជននិងកងកម្លាំងSentinel។រដ្ឋាភិបាលបានសំរេចដំឡើងកំរិតព្រមានជាមួយនឹងការត្រួតត្រាតឹងរឹងឡើងនៅព្រំដែននិងអនុវត្តការត្រួតត្រាបន្ថែមលើបណ្តាផ្សារណូអែលនៅបារាំងដើម្បីបញ្ចៀសហានិភ័យនៃការវាយប្រហារស្រដៀងគ្នានេះ»។

រដ្ឋមន្រ្តីមហាផ្ទៃបារាំង គ្រីស្តូប កាស្តានែ ធ្វើសន្និសីទកាសែតនៅក្រុងស្រ្តាសបួក ក្រោយការបាញ់ប្រហារ

អាជ្ញាធរមិនបានបញ្ចេញឈ្មោះជនសង្ស័យទេ តែសារព័ត៌មានបារាំងបានរាយការណ៍ថា ជននេះត្រូវគេហៅថា សេសេ។

ទូរទស្សន៍បារាំងបាននិយាយថា ជនសង្ស័យត្រូវបានប៉ូលិសយាមផ្សារណូអែលបាញ់អោយរបួស តែបានគេចខ្លួនតាមរថយន្តតាក់ស៊ី។

ក្រោយការបាញ់ប្រហារបន្តិច ពួកអ្នកស្រុកនៅតំបន់នោះត្រូវបានស្នើអោយនៅតាមកន្លែងដែលពួកគេស្នាក់នៅនិងសភាអឺរ៉ុបនៅក្បែរនោះបានបិទទ្វារខណៈការតាមប្រមាញ់កំពុងប្រព្រឹត្តទៅ។ផ្សារណូអែលនៅក្បែរកន្លែងកើតហេតុក៏ត្រូវបិទនៅថ្ងៃពុធនិងទង់ជាតិត្រូវបានបង្ហូតពាក់កណ្តាលដង។

ប្រធានាធិបតី អេមម៉ានុយអែល ម៉ាក្រុង ដែលបានចូលរួមកិច្ចប្រជុំមួយ បានចាកចេញដោយគ្មាននិយាយទៅកាន់អ្នកយកព័ត៌មាន តែក្រោយមកបានសរសេរបង្ហោះថា«សាមគ្គីភាពប្រជាជាតិទាំងមូល»នៅជាមួយក្រុងស្រ្តាសបួក ជនរងគ្រោះនិងក្រុមគ្រួសាររបស់គេ»។

បារាំងធ្លាប់ជួបការវាយប្រហារដោយពួកជ្រុលនិយមជាច្រើននៅប៉ុន្មានឆ្នាំមកនេះ រួមមានការបាញ់ប្រហារនៅក្រុងប៉ារីសនាឆ្នាំ២០១៥ ដែលបណ្តាលអោយស្លាប់មនុស្ស១៣០នាក់និងរបួសរាប់រយនាក់ទៀត។

នៅឆ្នាំ២០១៦ រថយន្តធំមួយត្រូវបានបើកបំបុកចូលហ្វូងមនុស្សនៅក្រុងនីស ដោយបានសម្លាប់មនុស្ស៨៦នាក់៕ដោយ៖វាសនា

ទីតាំងផ្សាយពាណិជ្ជកម្ម