វិនិយោគ​ជាង​៧​លាន​ដុល្លារ​សាងសង់​មជ្ឈមណ្ឌល​សហគមន៍​ធុរកិច្ច និង​អគារ​ការិយាល័យ​ទំនើប THE POINT

1497
ចែករម្លែក
  • 1.1K
    Shares

ដោយ​: សុផល / ភ្នំពេញ​: មជ្ឈមណ្ឌល​សហគមន៍​ធុរកិច្ច និង​អគារ​ការិយាល័យ THE POINT ដែលជា​បណ្តុំ​អគារ​ខ្ពស់ៗ ហាង​ទំនិញ ហាង​អាហារ សួន​លំហែ អមដោយ​ដើមឈើ​ធំៗ បាន​ត្រូវ បញ្ចុះបឋមសិលា​បើក​ការដ្ឋាន​សាងសង់ កាលពី​ព្រឹក​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ ២០១៨ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​នៃ​ក្រសួងបរិស្ថាន​។

​ការសាងសង់​មជ្ឈមណ្ឌល​សហគមន៍​ធុរកិច្ច និង​អគារ​ការិយាល័យ THE POINT បង្កើតឡើង ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវ​ការចាំបាច់​លើ​អគារ​ការិយាល័យ​សម័យ​ថ្មី ដែល​បំពាក់​ទៅដោយ​បច្ចេកវិទ្យា​និង​ប្រព័ន្ធ​សុវត្ថិ​ភាពទំនើប​មាន​ផាសុខភាព ដែល​ស្ថិតនៅ​ជាមួយ​បណ្តុំ​ហាង​ទំនិញ ហាង​អាហារ និង​ជា​កន្លែង​មាន​កិត្យានុភាព ផលិតភាព​ខ្ពស់​។ វត្តមាន​THE POINT នឹងចូលរួម​កាត់បន្ថយ​អត្រា​នៃ​ភាពក្រីក្រ តាមរយៈ​ការបង្កើត​ការងារ កាត់បន្ថយ​ចំនួន​កម្មករ​ចំណាកស្រុក និង​លើកកម្ពស់​សេដ្ឋកិច្ចជាតិ​របស់​យើង​មួយកម្រិត​ទៀត​។​

The POINT មាន​ទីតាំងនៅ​ទល់មុខ​ស្ថានទូត​ចិន​ស្ថិតនៅ​កណ្តាល​រាជធានី​ដែល​នឹង​ធ្វី​ឱ្យ​ជីវិត​រស់នៅ ការធ្វើការ និង​ធុរកិច្ច កាន់តែ​ងាយស្រួល ប្រសិទ្ធភាព ផាសុកភាព ចំណេញ​ទាំង​ពេលវេលា​និង​ថិ​កា​។
​លោក ផូ​រ សុធា​រៈ អគ្គនាយក​ក្រុមហ៊ុន 3DS PROPERTY MANAGEMENT បាន​មានប្រសាសន៍​ឱ្យដឹងថាៈ​ដោយ​ស្ថិតនៅ​ចំ​កណ្តាល​ទីក្រុង​ភ្នំពេញ គម្រោង មជ្ឈមណ្ឌល​សហគម​ន៏​ធុរកិច្ច និង​អគារ​ការិយាល័យ THE POINT នឹងត្រូវ​សាងសង់​លើ​ផ្ទៃដី​ទំហំ​ជាង ១ ហិកតា ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​គម្រោង មជ្ឈមណ្ឌល​សហគម​ន៏​ធុរកិច្ច និង​អគារ​ការិយាល័យ THE POINT គឺជា​សំណង់​អាគារ​កំពស់ ៧ ជាន់ ដែលមាន​ទុនវិនិយោគ​សម្រាប់​សំណង់​អាគារ​ចំនួន​ប្រមាណ​ជាង ៧ លាន​ដុល្លារ​អាមេរិក ដែល​ការសាងសង់​នឹងត្រូវ​បញ្ចប់​ជា​ស្ថាពរ ក្នុង​រយៈពេល​មួយឆ្នាំ គិត​ចាប់​ពីថ្ងៃ​បើក​ការដ្ឋាន​នេះ​តទៅ ។​

គម្រោង THE POINT ដែលជា​អគារ​ការិយាល័យ បំពាក់​ដោយ​ឧបករណ៍​ទំនើបៗ​ឆ្លើយតប​តម្រូវការ​រ​បស់​លោកអ្នក ក្នុងការ​រៀបចំ​នូវ​ព្រឹត្តិការណ៍​ធំ និង​កិច្ចប្រជុំ​នានា ព្រោះ​យើង​មាន​ការិយាល័យ​ទំហំ ១០០០០ ម៉ែត្រការ៉េ​ដែល​អាច​ទទួល​បុគ្គលិក​បាន​ដល់ ១០០០ នាក់​ដោយ​គ្មាន​ជា​បញ្ហា​ចោទ​។ THE POINT នឹង​ក្លាយទៅជា​អគារ​ការិយាល័យ​និង​មជ្ឈមណ្ឌល​ធុរកិច្ច​សហគមន៍​ដ៏​សំខាន់ និង​មាន​ប្រយោជន៍​ខ្លាំង​ដែល​នឹង​ធ្វើឱ្យ​ជីវិត​រស់នៅ និង​ការបំពេញ​ការងារ​កាន់​តែមាន​ភាពងាយស្រួល ចំណេញ​ពេលវេលា​និង​ថវិកា​។​

​លោក​បាន​បន្ថែមថា​THE POINT មិន​ត្រឹមតែ​ជា​អគារ​ការិយាល័យ​ទំនើប​នោះទេ តែ​វា​ត្រូវបាន​រចនា​ឡើងជា​គោលដៅ សម្រាប់​ជា​កន្លែង​ទិញ​ទំនិញ មាន​ហាង Supper market កន្លែង​ពិសា​ភោ​ជនី​អាហារ និង​ជា​សួន​លំហែរ ដែលមាន​ដើមឈើ​ធំៗ​ព័ទ្ធជុំវិញ​ដោយ​អគារ​ខ្ពស់ៗ​។ កន្លែង​លក់ទំនិញ​ដ៏​សម្បូរបែប ដែល​ស្ថិតនៅ​ជាន់​ផ្ទាល់​ដី​របស់ THE POINT ធ្វើឱ្យ​អ្នក​មក​ទស្សនា មាន​ភាពងាយស្រួល និង​មាន​អារម្មណ៍​ដូចជា​កំពុង​ដើរ​កំសាន្ត​។ ក្រៅពីនេះ​ភាព​ទាក់ទាញ ផ្សេងទៀត​នឹង​កើតមាន​លើ​អាង​បៃតង​ដ៏​ប្រណិត​អម​ជាមួយ​ដើមឈើ​ធំៗ ដែលជា​ម្លប់​ដល់​កន្លែង​អង្គុយ​សម្រាក​។ អ្វីដែល​សំខាន់បំផុត​នោះ គឺ THE POINT បានគិត​គូរ​យ៉ាង​ម៉ត់ចត់​ទៅលើ​បញ្ហា​ចំណត​យានយន្ត​។ ហេតុ​ដូច្នេះហើយ THE POINT ត្រូវបាន​រៀបចំឡើង​ផ្តល់នូវ​ភាពងាយស្រួល​ជូន​អតិថិជន ដោយ​ចំណត​យានយន្ត អាច​ផ្ទុក​រថយន្ត​បាន​រហូតដល់ ២០០​គ្រឿង និង​ទោចក្រយានយន្ត​រាប់រយ​គ្រឿង​ថែម​ទៀតផង​។​

​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​មានប្រសាសន៍ថា សមិទ្ធផល​របស់​រាជ​រដ្ឋាភិបាល​សម្រេចបាន​គឺ​កំណើនសេដ្ឋកិច្ច​កម្ពុជារ​ក្សា​ស្ថិរភាព ៧​ភាគរយ​ក្នុង​មួយឆ្នាំ និង​បន្ត​រក្សា​កំណើន​នេះ​តទៅទៀត​។ ចំណូល​មធ្យម​សម្រាប់​មនុស្ស​ម្នាក់ ១ ៤៣៤ ដុល្លារ ក្នុង​ឆ្នាំ ២០១៧ នឹង​បន្ត​កើនឡើង​ដល់ ១ ៥៦៨ ដុល្លារ ក្នុង​ឆ្នាំ ២០១៨ ធ្វើ​ឲ្យ​កម្ពុជា​ឆ្លង​ផុតពី​ចំណាត់ថ្នាក់​ជា​ប្រទេស​មាន​ប្រាក់ចំណូល​ទាប ក្លាយជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប និង​កំពុង​បន្តដំណើរ​ឆ្ពោះទៅកាន់​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង​ជា​ប្រទេស​មាន​ប្រាក់ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០​។​

​លោក​រដ្ឋមន្ត្រី​ក៏បាន​មានប្រសាសន៍​គាំទ្រ ក្រុមហ៊ុន 3DS PROPERTY MANAGEMENT ក្នុងការ​វិនិយោគ​ក្នុង​ទី​ផ្សារលើ​វិស័យ​អចលនទ្រព្យ ជួល​អគារ​សម្រាប់​ហាង​ទំនិញ ហាង​អាហារ និង​អគារ​ការិយាល័យ​។​

​លោក​បាន​លើកឡើងថា​៖​បច្ចុប្បន្ន ជំនួប​ជា​លក្ខណៈ​ជំនួញ​របស់​សហគ្រិន​នានា ក្នុង​ការជជែក​ពិភាក្សា កាន់​តែមាន​ភាពងាយស្រួល​ដោយសារ​ទីកន្លែង​អំណោយផល មាន​ភាពងាយស្រួល​សម្រាប់​ចត​យានយន្ត ពិសារ​ភោ​ជ​នា​អាហារ ថែមទាំង​អាច​រីករាយ​នឹង​ការដើរ​កម្សាន្ត​ទិញ​ទំនិញ​ដ៏​សម្បូរបែប ជាក់ស្តែង​ដូចជា​គម្រោង​អគារ​ពាណិជ្ជកម្ម THE POINT ដែល​នឹងត្រូវ​បើក​ដំណើរការ​នាពេល​ឆាប់ៗ ខាងមុខនេះ ដែលមាន​ភាពខុសប្លែក​ពី​ពេលមុន ត្រូវការ​ចំណាយពេល​វេលា​ធ្វើដំណើរ​ពី​កន្លែង​មួយ ទៅ​កន្លែង​មួយ​នាំ​ឲ្យ​ខាត​ពេលវេលា និង​មិនមាន​ភាពងាយស្រួល​ក្នុងការ​ស្វែងរក​ទំនិញ និង​ហាង​អាហារ​ទំនើបៗ នៅ​បណ្តុំ​កន្លែង​តែមួយ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម