សមាជិកសភា​អភិរក្ស​អង់គ្លេស​នាំគ្នា​បោះឆ្នោត​ប្រឆាំង​ការដឹកនាំ​របស់​នាយក​រដ្ឋមន្ត្រី​

825
ចែករម្លែក

ពួកសមាជិកសភានៅក្នុងគណបក្សអភិរក្សរបស់នាយករដ្ឋមន្រ្តី ថេរេសា មេ នាំគ្នាធ្វើការបោះឆ្នោតសម្តែងការមិនទុកចិត្តលើភាពជាអ្នកដឹកនាំរបស់លោកស្រីកាលពីថ្ងៃពុធទី១២ធ្នូ ខណៈផែនការផ្តាច់ខ្លួនចេញពីសហភាពអឺរ៉ុបរបស់អង់គ្លេសធ្លាក់ក្នុងភាពច្របូកច្របល់។

ដោយនៅសល់ពេលមិនដល់៤ខែទៀតសំរាប់អង់គ្លេសចាកចេញនៅថ្ងៃ២៩មីនា ប្រទេសមានសេដ្ឋកិច្ចធំបំផុតទី៥នេះ ធ្វើដំណើរទៅរកវិបត្តិ ដោយបើកឱកាសសំរាប់លទ្ធភាពនៃការផ្តាច់ខ្លួនដោយមិនរៀបរយ ឬលុបចោលវាវិញតាមរយៈការធ្វើប្រជាមតិថ្មីមួយទៀត។

ហ្ក្រាហាម ប្រ៊ែឌី ប្រធានគណៈកម្មការ១៩២២របស់បក្ស បាននិយាយថាកំរិតអ្នកចង់បោះឆ្នោតនេះបានកើនហួសកំរិត។លោកថា«កំរិតអ្នកចង់បោះឆ្នោតសម្តែងការមិនទុកចិត្តភាពជាមេដឹកនាំបក្សនេះមានចំនួន១៥ភាគរយ»។លោកបានប្រាប់លោកស្រីមេអំពីសភាពការណ៍វិវត្តន៍នេះតាមទូរស័ព្ទកាលពីថ្ងៃអង្គារ។ការបោះឆ្នោតនឹងត្រូវធ្វើឡើងនៅយប់ថ្ងៃពុធនៅសភានិងការប្រកាសលទ្ធផលនឹងធ្វើនៅពេលបន្ទាប់។

លោកស្រីមេ អាចត្រូវទម្លាក់ចេញពីតំណែង បើសិនជាសមាជិកសភា១៥៨រូបក្នុងចំណោម៣១៥រូប បោះឆ្នោតប្រឆាំងលោកស្រី ។

ការចាកចេញពីសហភាពអឺរ៉ុបដែលគេហៅថាBrexit ជាការសំរេចចិត្តនយោបាយនិងសេដ្ឋកិច្ចសំខាន់បំផុតមួយរបស់អង់គ្លេសចាប់តាំងពីសង្រ្គាមលោកលើកទី២។លទ្ធផលផ្តាច់ព្រាត់នឹងបង្កើតជារូបសណ្ឋានសេដ្ឋកិច្ចតំលៃ២,៨លានលានដុល្លាររបស់អង់គ្លេស ហើយនឹងកំណត់ថាតើក្រុងឡុងដ៍អាចរក្សាតំណែងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុសកលកំពូលមួយក្នុងចំណោមមជ្ឈមណ្ឌលបែបនេះ២នៅលើលោកបានដែរឬទេ។

ចាប់តាំងពីចាប់ផ្តើមការផ្តាច់ខ្លួនផ្លូវការពីសហភាពអឺរ៉ុបកាលពីខែមីនាឆ្នាំ២០១៧ លោកស្រីមេបានស្វះស្វែងរកវិធីមួយដើម្បីរក្សាទុកអង់គ្លេសមានទំនាក់ទំនងជិតស្និទ្ធជាមួយអឺរ៉ុបបន្ទាប់ពីខ្លួនចាកចេញ។តែកាលពីថ្ងៃចន្ទ លោកស្រីបានលើកពេលបោះឆ្នោតសភាអំពីកិច្ចព្រមព្រៀងរបស់លោកស្រីក្នុងពេលប្រឈមការចំអកពីសមាជិកសភា។លោកស្រីបន្ទាប់មកបានប្រញាប់ទៅកាន់អឺរ៉ុបក្នុងការប៉ុនប៉ងមួយដើម្បីបានការធានាមកពីពួកមេដឹកនាំអឺរ៉ុបអំពីកិច្ចព្រមព្រៀងនេះ។

តែពួកសមាជិកសភាដែលគាំទ្រBrexitបានចោទប្រកាន់លោកស្រីមេថាក្បត់ Brexit នៅក្នុងការចរចាខណៈពួកប្រឆាំងនឹង Brexitនិយាយថាលោកស្រីបានចរចាបង្កើត
កិច្ចព្រមព្រៀងអាក្រក់បំផុតមួយក្នុងលោក។

ពួកសមាជិកសភាដែលគាំទ្រBrexitនៅក្នុងបក្សរបស់លោកស្រីចោទលោកស្រីមេថា លក់Brexit នៅក្នុងការចរចា។សមាជិកសភាចាកូប រីស មុក និងស្ទេវ បាឃឺបាននិយាយថា«ផែនការរបស់ ថេរេសា មេ នឹងទម្លាក់រដ្ឋាភិបាលបើអនុវត្តតទៅទៀត។តែបក្សរបស់យើងនឹងមិនអត់ឱនអោយវាទេ។ពួកអភិរក្សឥឡូវត្រូវតែឆ្លើយ។ដើម្បីផលប្រយោជន៍ជាតិ លោកស្រីត្រូវចាកចេញ»។

តែរដ្ឋមន្រ្តីខ្លះគាំទ្រលោកស្រីមេ ដោយរដ្ឋមន្រ្តីមហាផ្ទៃនិយាយថា«នាយករដ្ឋមន្រ្តីទទួលការគាំទ្រពេញទំហឹងពីខ្ញុំ និងជាបុគ្គលល្អបំផុតដើម្បីធានាថាយើងអាចចាកចេញពីអឺរ៉ុបនៅថ្ងៃ២៩មីនា»៕ដោយ៖វាសនា

ពួកសមាជិកសភាដែលគាំទ្រBrexitបានចោទប្រកាន់លោកស្រីមេថាក្បត់ Brexit 

ទីតាំងផ្សាយពាណិជ្ជកម្ម