សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៨

978
ចែករម្លែក

ដោយ​:​វិបុល​/​ភ្នំពេញ : ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៨ រួមមាន​ដូចតទៅ ៖

*​សម្តេច​តេ​ជោ ហ៊ុន សែន អះអាងថា​៖​មេ​សហជីព​បី​រូប​មិន​ជាប់​ពាក់ព័ន្ធ​ក្នុង​ការដឹកនាំ​ធ្វើបាតុកម្ម​នៅ​ផ្លូវ​វ៉េងស្រេង​
​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​ការពារ​មេ​សហជីព​ចំនួន​៣​រូប​ថា​មិនបាន​ពាក់ព័ន្ធ​ទៅនឹង​ព្រឹត្តិការណ៍​បាតុកម្ម​នៅ​ផ្លូវ​វ៉េង​ស្រេ​ដែល​បង្ក​ឲ្យ​មាន​មនុ ស្ស​ស្លាប់​និង​ខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ​និង​ឯកជន​កាលពី​ឆ្នាំ​២០១៣​និង​ដើមឆ្នាំ​២០១៤​។ មេ​សហជីព​ទាំង​៣ រូបនោះ​រួមមាន​លោក ជា មុនី ,​លោក អាត់ ធន និង លោក ប៉ាវ ស៊ីណា ។ សម្តេច​បាន​អះអាង​បែបនេះ​នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករនិយោជិត ជិត​២​ម៉ឺន​នាក់​នៅ​ខេត្ត​កំ​ព​ងើ​ស្ពឺ​នា​ព្រឹក​ថ្ងៃទី​១២ ធ្នួ​នេះ​៕

*​កម្ពុជា​ត្រូវការ​ទីផ្សារការងារ​ខាង​ផ្នែក​បច្ចេកទេស​គ្រប់​ជំនាញ ក្នុង​មួយឆ្នាំ​ជាង​៣​ម៉ឺន​នាក់​
​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ថ្លែងថា បើតាម​ការសិក្សា​ស្រាវជ្រាវ​នោះគេ​បាន​រកឃើញថា​ចាប់ពី​ឆ្នាំ​២០១៨​និង​២០១៩​ខាងមុខនេះ ទៅ​សម្រាប់​ទីផ្សារការងារ​ខាង​ផ្នែក​បច្ចេកទេស​គឺ​កម្ពុ​ជាមាន​តម្រូវការ​ខ្ពស់​ដោយ​ក្នុង​មួយឆ្នាំ​ត្រូវការ​អ្នកជំនាញ​រហូត​ជាង​៣​ម៉ឺន​នាក់​។​
​ការបញ្ជាក់​បែបនេះ​ធ្វើឡើង​ដោយ​លោក ឡៅ ហ៊ីម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន អប់រំ​បណ្តុះបណ្តាល បច្ចេកទេស និង​វិជ្ជាជីវៈ ក្រោយ​បញ្ចប់​ក្នុងជំនួប​ពិភាក្សា​ការងារ​រវាង​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជាមួយ​លោកស្រី Sunniya Durrani Jamal នាយក​ធនាគារ អភិវឌ្ឍន៍អាស៊ី ប្រចាំ​កម្ពុ​ជាថ្មី​(ADB) នា​រសៀល​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៨​កន្លងមក​៕

*​វិនិយោគ​ជាង​៧​លាន​ដុល្លារ​សាងសង់​មជ្ឈមណ្ឌល​សហគមន៍​ធុរកិច្ច និង​អគារ​ការិយាល័យ​ទំនើប THE POINT
​មជ្ឈមណ្ឌល​សហគមន៍​ធុរកិច្ច និង​អគារ​ការិយាល័យ THE POINT ដែលជា​បណ្តុំ​អគារ​ខ្ពស់ៗ ហាង​ទំនិញ ហាង​អាហារ សួន​លំហែ អមដោយ​ដើមឈើ​ធំៗ បាន​ត្រូវ បញ្ចុះបឋមសិលា​បើក​ការដ្ឋាន​សាងសង់ កាលពី​ព្រឹក​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ ២០១៨ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​នៃ​ក្រសួងបរិស្ថាន​។ ការសាងសង់​មជ្ឈមណ្ឌល​សហគមន៍​ធុរកិច្ច និង​អគារ​ការិយាល័យ THE POINT បង្កើតឡើង ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវ​ការចាំបាច់​លើ​អគារ​ការិយាល័យ​សម័យ​ថ្មី ដែល​បំពាក់​ទៅដោយ​បច្ចេកវិទ្យា​និង​ប្រព័ន្ធ​សុវត្ថិ​ភាពទំនើប​មាន​ផាសុខភាព ដែល​ស្ថិតនៅ​ជាមួយ​បណ្តុំ​ហាង​ទំនិញ ហាង​អាហារ និង​ជា​កន្លែង​មាន​កិត្យានុភាព ផលិតភាព​ខ្ពស់​។ វត្តមាន​THE POINT នឹងចូលរួម​កាត់បន្ថយ​អត្រា​នៃ​ភាពក្រីក្រ តាមរយៈ​ការបង្កើត​ការងារ កាត់បន្ថយ​ចំនួន​កម្មករ​ចំណាកស្រុក និង​លើកកម្ពស់​សេដ្ឋកិច្ចជាតិ​របស់​យើង​មួយកម្រិត​ទៀត​៕

*​អ្នកធ្វើអាជីវកម្ម​សម្បុ​ក​ទឹកមាត់​ត្រចៀកកាំ​នៅ​កម្ពុជា​ស្នើ​រាជរដ្ឋាភិបាល​ជួយ​ជំរុញ​ការនាំចេញ​
​អ្នកធ្វើអាជីវកម្ម​សម្បុ​ក​ទឹកមាត់​ត្រចៀកកាំ​នៅ កម្ពុជា​បានស្នើ​រាជរដ្ឋាភិបាល​ឲ្យ​ជួយ​ជំរុញ ការនាំចេញ​ផលិតផល​ដ៍​មានតម្លៃ​នេះ​ទៅកាន់ ទីផ្សារ​អន្តរជាតិ​ជាពិសេស​គឺ​ប្រទេស​ចិន​ដែលជា​ទីផ្សារ​ធំជាងគេ ដើម្បី​រួមចំណែក​បង្កើន​ចំណូល​សេដ្ឋកិច្ចជាតិ​។​
​លោក មៀ​វ សុខ​ទ្រី អគ្គលេខាធិការ នៃ​សហព័ន្ធ​ត្រចៀកកាំ​កម្ពុជា និង​ជា​ប្រធាន​ក្រុមហ៊ុន បេស​ឡាយ​ហ៍​ប្រដាក​ដែល​នាំមុខគេ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹងថា ការធ្វើ​អាជីវកម្ម​សម្បុក​ទឹកមាត់​ត្រចៀកកាំ​នៅ​ទូទាំងប្រទេស​មកដល់ពេលនេះ គឺមាន​ការកើនឡើង​យ៉ាងខ្លាំង​។ ដូច្នេះហើយ​រដ្ឋាភិបាល​ត្រូវ​ជួយ​ជំរុញ​ឲ្យ​មានការ​នាំចេញ​ផលិតផល​ដ៏​កម្រ​នេះ ឲ្យ​បាន​ឲ្យ​បាន​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ជាពិសេស គឺ​ទីផ្សារ​ប្រទេស​ចិន ដើម្បី​បាន​ចំណូល​ដល់​ថវិកាជាតិ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម