​ទឹកត្រី​កំពត​ត្រៀមលក្ខណៈ​ចេញទៅ​ប្រកួតប្រជែង​នៅ​ទីផ្សារ​អន្តរជាតិ​

1874
ចែករម្លែក

​ដោយ​៖​បូកគោ​/​កំ​ពតៈ​ផលិតផល​ទឹកត្រី​ដ៏​ល្បីឈ្មោះ​នៃ​ខេត្តកំពត​កំពុង​ត្រៀមលក្ខណៈ​នាំ​ចេញទៅ​ប្រកួតប្រជែង​និង​ដាក់លក់​នៅលើ​ទីផ្សារ​អន្តរជាតិ​ដូច​ផលិតផល​ម្រេច​ដែល​ល្បីឈ្មោះ​នៃ​ខេត្ត​ភាគ​និរតី​មួយ​នេះដែរ​។​ចំណោម​សិប្បកម្ម​ចំនួន​ប្រាំពីរ​កន្លែង​នៅ​ទូទាំង​ខេត្ត​ក្នុង​មួយឆ្នាំ​ទិន្នផល​នៃ​ការផលិត​ទឹកត្រី​មាន​បរិមាណ​ប្រមាណ​ជិត​មួយ​លាន​ប្រាំ​សែន​លីត្រ​។

​លោក​ចាន់ ស៊ីថា ប្រធាន​ក្រុមហ៊ុន​ផលិត​ទឹកត្រី​ង៉ូ​វ ហេង​កំពត​ដែលមាន​មូលដ្ឋាន​ស្ថិតក្នុង​ភូមិ​តា​អង្គ សង្កាត់​ត្រើយ​កោះ ក្រុង​កំពត​បាន​ប្រាប់​ឱ្យដឹងថា​ក្រុមហ៊ុន​របស់លោក​កំពុង​ត្រៀមលក្ខណៈ​សម្បត្តិ ដើម្បី​នាំ​ទឹកត្រី​ដែលជា​ផលិតផល​ប្រចាំ​ខេត្តកំពត​ចេញទៅ​លក់​នៅលើ​ទីផ្សារ​អន្តរជាតិ​។ កន្លងមក ផលិតផល​របស់លោក​ផ្តោតជាសំខាន់​តែ​លើ​ទីផ្សារ​ក្នុងប្រទេស​ប៉ុណ្ណោះ​។​

​តែ​ឥឡូវ​ក្រុមហ៊ុន​នឹង​បំពេញ​នូវ​លក្ខខណ្ឌ​មួយចំនួន​ដើម្បី​នាំទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​។ ជាមួយនេះ លោក​ក៏​សំណូមពរ​ចំពោះ​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យជួយ​បង្កលក្ខណ​:​និង​គាំទ្រ​ការនាំចេញ​ទឹកត្រី​ដែលជា​ស្នាដៃ​របស់​ខ្មែរ​បាន​ចូលរួម​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​អន្តរជាតិ​នោះ​។​លោក​ប្រធាន​ក្រុមហ៊ុន​បាន​សម្តែង​ក្តី​រំពឹងថា​ការនាំចេញ​នេះ​នឹង​ទទួលបាន​ប្រាក់ចំណេញ​ច្រើន​ហើយ​បង្កើន​ការងារ​សម្រាប់​ប្រជាពលរដ្ឋ​ក្នុងស្រុក​កាន់តែ​ច្រើនឡើង​។

​លោក​ចាន់​ស៊ីថា​បាន​បញ្ជាក់ថា​ទឹកត្រី​របស់លោក​មានឈ្មោះ​នាំមុខគេ​នៅលើ​ទីផ្សារ​ក្នុងប្រទេស​ចាប់តាំងពី​ឆ្នាំ​១៩៩៥​រហូតដល់​សព្វថ្ងៃ​ដោយសារ​ជា​ប្រភេទ​តឹក​ត្រី​ផលិត​ពី​ត្រី​កា​កឺ​ម​ស្រស់​យក​ពី​សមុទ្រ​ដាក់​ត្រាំ​ជាមួយ​អំបិល​ក្នុង​ធុង​ឈើ​ដែល​ធុង​នីមួយៗ​អាច​ផ្ទុក​បាន​ពី​៥​តោន​ទៅ​១៥​តោន​។​នៅពេល​រក្សាទុក​បាន​គ្រប់​មួយឆ្នាំ​ទើប​ធ្វើឱ្យ​ទឹកត្រី​នោះ​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់ និង​ប្រកបដោយ​អនាម័យ​ល្អ​។

លោក​ប្រធាន​ក្រុមហ៊ុន​បាន​បន្តថា​អាជីវកម្ម​ទឹកត្រី​របស់លោក​នៅតែមាន​ការកើនឡើង ដោយ​មួយខែៗ ក្រុមហ៊ុន​អាច​ផលិត​ប្រភេទ​លេខ​មួយ លេខ​ពីរ និង​លេខ​បី​បាន​ជាង​១០​ម៉ឺន​លីត្រ ជាមួយ​មាន​អ្នកជំនាញ ព្រមទាំង​កម្មករ​ផលិត​ផ្ទាល់​សរុប​ជាង​៥០​នាក់​។

​លោក​សុខ​គឹម​ជឿន​ប្រធាន​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម​ខេត្តកំពត​បានឱ្យដឹងថា​នៅ​ទូទាំង​ខេត្ត​មាន​សិប្បកម្ម​ផលិត​ទឹកត្រី​តូចធំ​ចំនួន​ប្រាំពីរ​កន្លែង​ដោយ​មួយឆ្នាំៗ​បរិមាណ​ផលិត​បានជា​មធ្យម​ប្រមាណ​១.៤៥០.០០០​លីត្រ​។​មន្ទីរជំនាញ​តែង​គាំទ្រ​និង​លើកទឹកចិត្ត​ដល់​សហគ្រាស​ផលិត​ទឹកត្រី​ទាំងអស់​ដែលមាន​នៅក្នុង​ខេត្តកំពត​រហូតមកដល់​បច្ចុប្បន្ន​។

លោក​ប្រធាន​មន្ទីរ​បានបញ្ជាក់​ថា​ពេល​មានការ​តាំងពិព័រណ៍​ថ្នាក់ជាតិ​ឬ​អន្តរជាតិ​អាជ្ញាធរខេត្ត​តែងតែ​បង្កលក្ខណៈ​ដល់​ម្ចាស់​សហគ្រាស​ផលិត​ទឹកត្រី​ទាំងនោះ​បាន​នាំយក​ផលិតផល​របស់ខ្លួន​ចូលរួម​ផ្សព្វផ្សាយ​ដើម្បី​ឱ្យគេ​ស្គាល់​នូវ​លក្ខណៈពិសេស​ក៏ដូចជា​រសជាតិ​របស់​ទឹកត្រី​ខេត្តកំពត​ទៀតផង​៕S/​

​ទឹកត្រី​កំពត​ត្រៀមលក្ខណៈ​ចេញទៅ​ប្រកួតប្រជែង​នៅ​ទីផ្សារ​អន្តរជាតិ​

ទីតាំងផ្សាយពាណិជ្ជកម្ម