មន្ត្រី​អាមេរិក ៖ ចិន​យល់ព្រម​កាត់បន្ថយ​ពន្ធ​យានយន្ត និង​ទិញ​សណ្តែកសៀង​

755
ចែករម្លែក

​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​អាមេរិក​លោក​វី​ល​បួ រ៉ូ​សបាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​១២​ធ្នូ​ថា ចិន​បាន​យល់ព្រម​កាត់បន្ថយ​ពន្ធ​លើ​យានយន្ត​ដែល​នាំចូល​ពី​អាមេរិក​និង​បន្ត​ទិញ​សណ្តែកសៀង ដោយ​បញ្ជាក់​អំពី​របាយការណ៍​នានា ដែល​ធ្វើឱ្យ​វិនិយោគិន​សប្បាយចិត្ត​បំផុត​។​

​លោក​រ៉ូ​សបាន​ប្រាប់​ទូរទស្សន៍ CNBC ថា ចំណាត់ការ​របស់​រដ្ឋា​ភិ​បាល​ក្រុង​ប៉េកាំង​នឹង “​សបញ្ជាក់​ថា លោក​ប្រធានាធិបតី​ត្រាំ​គឺ​ត្រឹមត្រូវ នៅពេលដែល​គាត់​បានប្រកាស​សេចក្ដី​សង្ខេបនៃ​កិច្ចចរចា​” ដែល​បាន​ធ្វើឡើង​នាពេល​ថ្មីៗ​នេះ​ជាមួយ​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង​។​

​មេដឹកនាំ​ទាំង​២​បាន​ជួបគ្នា​នៅ​ខាងក្រៅ​កិច្ចប្រជុំ​កំពូល G20 នៅ​ទីក្រុង​ប៊ុ​យ​ណូ​ស៊ែរ​កាលពី​ថ្ងៃទី ១ ខែធ្នូ​និង​បាន​ព្រមព្រៀង​ផ្អាក​សង្គ្រាម​ពាណិជ្ជកម្ម​រយៈពេល ៩០ ថ្ងៃ ខណៈដែល​មេដឹកនាំ​ទាំង​២​ព្យាយាម​ស្វែងរក​ដំណោះស្រាយ​ចំពោះ​ជម្លោះ​ពាណិជ្ជកម្ម​ដែល​កំពុង​កើនឡើង ប៉ុន្តែ​ពួកគេ​បានផ្តល់​នូវ​ទំហំ​ខុសគ្នាៗ​អំពី​វិសាលភាព​នៃ​កិច្ចព្រមព្រៀង​របស់​ពួកគេ​។​

​លោក​រ៉ូ​ស​មិនបាន​និយាយថា​តើ​ពន្ធ​យានយន្ត​នៅ​ចិន​នឹង​ធ្លាក់ចុះ​ឬថា​តើ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បានធ្វើការ​ផ្តល់ជូន​អ្វី​ជា​ថ្នូរ​ឬ​នៅពេលណា​ដែល​ការនាំចេញ​សណ្តែកសៀង​អាច​បន្ត​នោះទេ​។​

​ចិន​បាន​ដំឡើង​ពន្ធ​លើ​យានយន្ត​អាមេរិក​រហូតដល់​ទៅ ៤០ ភាគរយ​ពី​ចំនួន ១៥ ភាគរយ ខណៈ​ការប្រឈមមុខគ្នា​រវាង​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​ទាំង​២​នៅលើ​ពិភពលោក​បាន​កើនឡើង​កាលពីដើម​ឆ្នាំនេះ​និង​បាន​បញ្ឈប់​ការទិញ​សណ្តែកសៀង​ទ្រង់ទ្រាយ​ធំ​។​

​កសិករ​អាមេរិក​ជាពិសេស​កសិករ​ដាំ​សណ្តែកសៀង​បាន​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ពី​ការ​សងសឹក​របស់​ចិន​៕ ដោយ៖ កញ្ញាដាលីស


ទីតាំងផ្សាយពាណិជ្ជកម្ម