អតីត​មេធាវី​របស់លោក​ត្រាំ​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​៣​ឆ្នាំ​

642
ចែករម្លែក
  • 2
    Shares

​អតីត​មេធាវី​របស់លោក​ដូ​ណា​ល់ ត្រាំ​បាន​សុំ​អភ័យទោស​កាលពី​ថ្ងៃ​ពុធ​ទី​១២​ធ្នូ​សម្រាប់​ការ​លាក់បាំង​អំពើអាក្រក់​របស់​អតីត​ចៅហ្វាយ​របស់គាត់ នៅពេល​គាត់​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​៣​ឆ្នាំ​ពីបទ​ឧក្រិដ្ឋ​ជាច្រើន​រួមទាំង​ការទូទាត់​ប្រាក់​សំណង​បំបិទមាត់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ប្រធានាធិបតី​អាមេរិក​។​

លោក​ម៉ៃ​ឃើ​ល ខូ​ហិន ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​៣​ឆ្នាំ

​ដោយ​អំពាវនាវ​សុំ​ការអត់ឱន​នៅក្នុង​បន្ទប់​សវនាការ​នៅ​សង្កាត់​ម៉ាន​ហាត​ថែ​ន​នៅ​ចំពោះមុខ​ចៅក្រម វី​លលៀម អេ​ច ផូ​ល​លី ទី​៣ (William H. Pauley III) លោក​ម៉ៃ​ឃើ​ល ខូ​ហិន បាន​និយាយថា លោក​បាន​ឈ្លក់​វង្វេង​នឹង​ការកោតសរសើរ​ខុស​រឿង​ចំពោះ​លោក​ត្រាំ​។​

​លោក​ខូ​ហិន​អាយុ ៥២ ឆ្នាំ​អតីត​មេធាវី​ការពារ​ក្តី​យូរ​ឆ្នាំ​របស់លោក​ត្រាំ​បាន​ប្រាប់​តុលាការ​ថា លោក​ទទួលយក​ការទទួលខុសត្រូវ​ចំពោះ​បទឧក្រិដ្ឋ​របស់លោក​និង “​បទល្មើស​ដែល​ពាក់ព័ន្ធ​នឹង​ប្រធាន​សហរដ្ឋអាមេរិក​”​។​

​មេធាវី​របស់លោក​ខូ​ហិន​បាន​តវ៉ា​កុំឱ្យ​ដាក់ទោស​ជាប់គុក​បន្ទាប់ពី​គាត់​បាន​សារភាព​ចំពោះ​ការចោទប្រកាន់​ដែល​លើកឡើង​ដោយ​រដ្ឋអាជ្ញា​សហព័ន្ធ​នៅ​ទីក្រុង​ញូវយ៉ក​អំពី​ការ​គេចវេស​ពន្ធ ការផ្តល់​សេចក្តីថ្លែងការណ៍​មិន​ពិត​ទៅ​ធនាគារ និង​ការរួមចំណែក​ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ខុសច្បាប់​។​

​លោក​ខូ​ហិន​ក៏​ត្រូវបាន​រកឃើញថា​មាន​កំហុស​ក្នុង​ការធ្វើ​សេចក្តីថ្លែងការណ៍​ក្លែងក្លាយ​ទៅ​សភា ជាការ​ចោទប្រកាន់​មួយ​កើតចេញពី​ការស៊ើបអង្កេត​របស់​អគ្គ​រដ្ឋអាជ្ញា​លោក​រ៉ូបឺត មូល​ល័​រ អំពី​ថា​តើ​យុទ្ធនា​ការបោះឆ្នោត​ប្រធានាធិបតី​របស់លោក​ត្រាំ ឆ្នាំ ២០១៦ បាន​ឃុបឃិត​ជាមួយ​រុស្ស៊ី​ដើម្បីឱ្យ​គាត់​ជាប់ឆ្នោត​ឬ​យ៉ាងណា​។​

​ប៉ុន្តែ​លោក​ចៅក្រម​ផូ​ល​លី​បាន​និយាយថា លោក​ខូ​ហិន​ក្នុងនាម​ជា​មេធាវី “​គួរតែ​ដឹង​ច្បាស់​ជាងគេ​” ហើយ​បាន​កាត់ទោស​គាត់​ឱ្យ​ជាប់ពន្ធនាគារ​សហព័ន្ធ​រយៈពេល ៣ ឆ្នាំ ដោយ​បង្គាប់​ឱ្យ​គាត់​ប្រគល់​ខ្លួន​ដើម្បី​ជាប់គុក​ត្រឹម​ថ្ងៃទី ៦ ខែមីនា​ឆ្នាំ​២០១៩​។​

​គាត់​ត្រូវបាន​បង្គាប់​ផងដែរ​ឱ្យ​បង់លុយ​ប្រាក់​ពិន័យ​និង​ប្រាក់​សំណង​២​លាន​ដុល្លារ​៕ ដោយ៖ កញ្ញាដាលីស

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ