នាយករដ្ឋមន្ត្រី​ស្រីលង្កា​ដែល​ត្រូវបាន​បណ្តេញចេញ ទទួលបាន​ការបោះឆ្នោត​ផ្តល់​ការទុកចិត្ត​នៅ​សភា​

759
ចែករម្លែក

អតីតនាយករដ្ឋមន្ត្រីនៃប្រទេសស្រីលង្កាដែលត្រូវបានដកចេញពីតំណែងដោយប្រធានាធិបតី កាលពីខែតុលាដែលបានបង្កអោយមានវិបត្តិនយោបាយនោះបានឈ្នះការបោះឆ្នោតផ្តល់ការទុកចិត្តនៅសភាកាលពីថ្ងៃពុធទី១២ធ្នូ។

លោក Ranil Wickremesinghe នាយករដ្ឋមន្ត្រីដែលត្រូវបានបណ្តេញនេះ បានទទួលសំឡេងឆ្នោតគាំទ្រចំនួន១១៧សំឡេងក្នុងចំណោមសមាជិកចំនួន២២៥នាក់។ លទ្ធផលនេះត្រូវបានគេរំពឹងថានឹងបង្កើនសម្ពាធលើប្រធានាធិបតី លោក Maithripala Sirisena ដើម្បីតែងតាំងលោក Ranil Wickremesinghe ជានាយករដ្ឋមន្រី្តឡើងវិញ។ ទោះជាយ៉ាងណាលោក Maithripala Sirisena បានប្តេជ្ញាថានឹង មិនតែងតាំងលោកឡើងវិញទេ ទោះបីជាមានការរិះគន់ថាការបដិសេធរបស់លោក រំលោភបំពានរដ្ឋធម្មនុញ្ញក៏ដោយ។

លោក Sajith Premadasa សមាជិកសភា ដែលបានដាក់សំណើរនេះទៅសភានោះ បាននិយាយថា”ថ្ងៃនេះគឺជាថ្ងៃប្រវត្ដិសាស្ដ្រនិងមានអត្ថន័យដ៏ធំធេងនៅក្នុងប្រវត្តិសាស្រ្តនយោបាយរបស់យើងនៅពេលដែល លទ្ធិប្រជាធិបតេយ្យទទួលបានជ័យជំនះលើរបបផ្តាច់ការ”។

លោក Sajith Premadasa បានស្នើឱ្យប្រធានាធិបតីនេះ គោរពឆន្ទៈរបស់ភាគច្រើននៃសភា ហើយតែងតាំងលោក Ranil Wickremesinghe ជានាយករដ្ឋមន្ត្រីឡើងវិញ។

សូមបញ្ជាក់ថាបន្ទាប់ពីបណ្តេញលោក Ranil Wickremesinghe ចេញពីតំណែងជានាយករដ្ឋមន្រី្តកាលពីថ្ងៃទី២៦ខែតុលាមកនោះ លោក Maithripala Sirisena បានតែងតាំងលោក Mahinda Rajapaksa ដែលជាអតីតគូប្រជែងរបស់លោក ឱ្យធ្វើជានាយករដ្ឋមន្រី្ត។ លោកMaithripala Sirisena បានជំទាស់ប្រឆាំងគោលនយោយបានសេដ្ឋកិច្ចរបស់លោក Ranil Wickremesinghe និងការខំប្រឹងប្រែងរបស់លោកក្នុងការស៊ើបអង្កេតលើការររំលោភបំពាននៅក្នុងសង្រ្គាមស៊ីវិលដ៏យូរអង្វែងរបស់ប្រទេសស្រីលង្កាដែលបានបញ្ចប់នៅក្នុងឆ្នាំ២០០៩ ៕ដោយ៖សុខា/sn


លោក Ranil Wickremesinghe នាយករដ្ឋមន្ត្រីដែលត្រូវបានបណ្តេញចេញដោយប្រធានាធិបតី កាលពីខែតុលា បានឈ្នះការបោះឆ្នោតផ្តល់ការទុកចិត្តនៅសភាកាលពីថ្ងៃពុធ

ទីតាំងផ្សាយពាណិជ្ជកម្ម