សំណុំរឿង​លួច​ប្រា​ក់ជាង​៣​លាន​ដុល្លារ​៖ តុលាការ​កំពួ​ល​ដោះលែង​ឪពុក កូន កូរ៉េ​២​នាក់​ឲ្យ​នៅក្រៅ​ឃុំ​

793
ចែករម្លែក
  • 20
    Shares

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: ក្រុមប្រឹក្សាតុលាការ​កំពួ​ល​បានសម្រេច​ដោះលែង​ឱ​ពុក កូន ជនជាតិ​កូរ៉េ​២​នាក់​អោយនៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ដែល​ជាប់ ពាក់ព័ន្ធ​សំណុំរឿង​ឆបោក និង​លួច​ប្រា​ក់ជាង​៣​លាន​ដុល្លារ​អាមេរិក​ពី​ក្រុមហ៊ុន​ចិន​មួយ ។​

​ប្រភពព័ត៌មាន​ពី​តុលាការ​កំពួ​ល​បាន​ឲ្យ​ដឹង​នា​ថ្ងៃទី​១៣​ធ្នូ​ឆ្នាំ​២០១៨​នេះ​ថា លោក ឃឹម ប៉ុណ្ណ អនុប្រធាន​តុលាការ​កំពូល និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សំណុំរឿង​ព្រហ្មទណ្ឌ បានសម្រេច​ឲ្យ​ឪពុក និង​កូន​ជនជាតិ​កូរ៉េ ២​នាក់​បាន​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន​ហើយ​។ ប៉ុន្តែ​បាន​ភ្ជាប់​នូ​វល​ក្ខ័​ណ្ឌ​មួយចំនួន​ដូចជា ដកហូត​លិខិតឆ្លងដែន​រក្សាទុក​ជាប​ណ្ដោះ​អាសន្ន ហាម​មិនអោយ​ចេញពី​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​បង្ហាញមុខ​ក្នុង​រយៈពេល​២​សប្ដាហ៍​ម្ដង និង​ត្រូវ​ចូលខ្លួន​តាម​ការកោះហៅរ​បស់​តុលាការ​ជាដើម​។​

​ជនជាតិ​កូរ៉េ​ដែល​ត្រូវ​តុលាការ​កំពួ​ល​ដោះលែង​អោយនៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ទី​១.​ឈ្មោះ ចូ ស៊ូ​ពិន cho so in ភេទ​ប្រស​អាយុ​២៩​ឆ្នាំ ជនជាតិ​កូរ៉េខាងត្បូង កាន់​លិខិតឆ្លងដែន​លេខ M36107313​។ ទី​២.​ឈ្មោះ ចូ សាម​ហ្សុ​ង cho Samsung ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ជា​ឪពុក ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ ១៥ ផ្លូវ​១១២៦ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​គួររំលឹកថា​តុលាការ​កំពួ​ល​កាលពី​ថ្ងៃទី ០៣​ធ្នូ ឆ្នាំ​២០១៨​នេះ បាន​លើកយក​សំណុំរឿង​សុំ​នៅក្រៅ​ឃុំ​របស់​បុរស​ជនជាតិ​កូរ៉េ​២​នាក់​ឱ​ពុក​កូន​ដែល​ជាប់​ពាក់ព័ន្ធ​និង​អំពើ​ឆបោក​ផង និង​លួច​ប្រាក់​ពី​ក្រុមហ៊ុន​ចិន​ប្រមាណ​ជាង​៣​លាន​ដុល្លារ ។​

​នៅក្នុង​អង្គ​សវនាការ ជនជាប់ចោទ​ទាំង​២​នាក់​ឱ​ពុក​កូន​បាន​ប្រាប់​តុលាការ​ពី​មូលហេតុ​សុខភាព និង​ការ​នឹករលឹក​ស្រុកកំណើត​រប​ស់​ខ្លួន​ទើប​សុំ​តុលា​ការអោយ​ដោះលែង​ពួកគេ​អោយ​ត្រឡប់​ទៅ​ស្រុក​វិញ ។​

​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​ដើមបណ្ដឹង​បានលើកឡើង​ថា ការប្រព្រឹត្ត​បទល្មើស​របស់​ជនជាប់ចោទ​មាន​ព្យសនកម្ម​យ៉ាង​ធំ​ដល់​ជនរងគ្រោះ ដែលមាន​ទឹកប្រាក់រ​ហូ​តដល់​ជាង​៣​លាន​ដុល្លារ​អាមេរិក បើ​គ្រាន់តែ​មូលហេតុ​នឹក​ស្រុកកំណើត​ហើយ​សុំអោយ​តុលាការ​ដោះលែង​ត្រឡប់​ទៅ​ស្រុក​វិញ ចុះ​ព្យសនកម្ម​នរណា​ទទួល​ខុសត្រូវ​?

​ចំណែក​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ កាល​ព្រឹក​ថ្ងៃទី ១២​តុលា ឆ្នាំ​២០១៨​កន្លងទៅ បានសម្រេច​បដិសេធ​មិន​ឲ្យ​បុរស​ជនជាតិ​កូរ៉េ​២​នាក់​ជា​ឳ​ពុក​កូន​នៅក្រៅ​ឃុំ​នោះទេ ដែល​ជាប់​ពាក់ព័ន្ធ​និង​ករណី ឆបោក​និង​លួច​ប្រាក់​ពី​ក្រុមហ៊ុន​ចិន​មួយ​អស់សាច់​ប្រាក់​ជាង​៣​លាន​ដុល្លារ​។​

​ការសម្រេច​នេះ​តុលាការ​សម្អាង​ហេតុថា សំណុំរឿង​ក្ដី​នេះ​កំពុង​ស្ថិតក្នុង​នីតិវិធី​ស៊ើបសួរ​របស់​តុលាការ​ថ្នាក់ក្រោម​ហើយ​ព្យសនកម្ម​មាន​ទំហំ​ធំ​ដែល​តុលា​ការមិន​អនុញាតិ​ឲ្យ​ជន​ត្រូវ​ចោទ​នៅក្រៅ​ឃុំ​ឡើយ ។ ក្នុង​នីតិវិធី​សវនាការ​របស់​សភា​ស៊ើបសួរ​នៃ​សាលាឧទ្ធរណ៍​នេះ​គឺ​មិនមាន​វត្តមាន​របស់​ជ​ន​ជាប់ចោទ​ទាំង​២​នាក់​នោះទេ ។​

​កាលពី​ល្ងាច​ថ្ងៃទី ១៥​កញ្ញា ឆ្នាំ​២០១៨ កន្លងទៅ លោក សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ចោទប្រកាន់​ជា​ផ្លូវការ​លើ​បុរស​ជនជាតិ​កូរ៉េ​២​នាក់​ជា​ឱ​ពុក​និង​កូន​ពីបទ​ឆបោក និង​បទ​លួច ពាក់ព័ន្ធ​ករណី​ឆបោក​ប្រាក់​ទិញ​រថយន្ត​ការពារ​គ្រាប់​និង​លួច​លុយ​ក្រុមហ៊ុន​ចិន​ជាង​៣​លាន​ដុល្លារ​។ ជន​ត្រូវ​ចោទ​ទាំង​២​នាក់​ក៏ត្រូវ​បាន​លោក យិន សារឿន ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន​។​

​ចំណែក​ជនរងគ្រោះ​ដែល​ប្ដឹង​ជនជាតិ​កូរ៉េ​ទាំង​២​នាក់​ឪពុក​កូន​ឈ្មោះ ជិន ជី​ហុង Jin zhehong ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិ​ចិន ជា​ពាណិជ្ជករ តំណាងអោយ​ក្រុមហ៊ុន​Shenyang Aiweiou Healfh Products Co ltd មាន​អ​ស័​យ​ដ្ឋា​ន​ផ្ទះ​លេខ ២៧ ផ្លូវ​លេខ ១០០៧ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ចំពោះ​ពាក្យបណ្ដឹង​របស់​ក្រុមហ៊ុន​ចិន​ដែល​បាន​ប្ដឹង​ជន​ស​ជាតិ​កូរ៉េ​ពីបទ​ឆបោក មាន​ទឹកប្រាក់​ចំនួន ២៩២ ០៤៥ ដុល្លារ ប្រព្រឹត្ត​កាលពី​អំឡុង​ខែ វិច្ឆិកា ឆ្នាំ​២០១៦ និង​បទ​លួច មាន​ទឹកប្រាក់​ចំនួន ៣,២០៥,៨៨២ ដុល្លារ ប្រព្រឹត្ត​ក្នុង​ឆ្នាំ​២០១៧ និង​បទ​ក្លែង​ឯកសារ​សាធារណៈ និង​បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​៕

ទីតាំងផ្សាយពាណិជ្ជកម្ម