ក្រសួង​ផែនការ​និង​អង្គការក្រៅរដ្ឋាភិបាល​រួមគ្នា​ធ្វើ​ឲ្យ​ប្រសើរ​ឡើងលើ​ការអភិវឌ្ឍន៍​សហគម​ន៍​ដែល​មិន​រៀបរយ​

938
ចែករម្លែក
  • 12
    Shares

​ដោយ​: ពៅ និមល / ភ្នំពេញ​: អគ្គលេខាធិការដ្ឋាន​ប្រជាជន​និង​ការអភិវឌ្ឍ​នៃ​ក្រសួងផែនការ និង​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​កាត់បន្ថយ​ភាពក្រីក្រ (CDF) កាលពី​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​ការងារ​អភិវឌ្ឍន៍​សហគមន៍ ដើម្បី​ចូលរួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ ការលើកកម្ពស់​គុណភាព​ជីវិត និង​សុខុមាលភាព​របស់​ប្រជាជន​កម្ពុជា​។​

​នៅក្នុង​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ខាងលើនេះ លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងផែនកា​រ បាន​មានប្រសាសន៍ថា សកម្មភាព​បាន​កំពុង​ធ្វើ​នាពេលនេះ គឺជា​សកម្មភាព​ដ៏​សមស្រប​និង​ទាន់ពេលវេលា​បំផុត​ក្នុង​ការធ្វើអន្តរាគមន៍​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួបនឹង​ការលំបាក ហើយ​ត្រូវការ​ជំនួយ​សង្គ្រោះ​។ ជាងនេះទៀត គឺ​ពិតជា​ឆ្លើយតប​ទៅនឹង​គោលនយោបាយ ផែនការ និង​យុទ្ធសាស្ត្រ​នានា​របស់​រដ្ឋាភិបាល​ដែល​បាន​ដាក់ចេញ​រយះពេល​កន្លងមក រួមមាន​៖ យុទ្ធសាស្ត្រ​ចតុកោណ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ជាពិសេស​ឆ្លើយតប​ចំ​ទិសដៅ​នៃ​ការតម្រង់ទិស​គោលនយោបាយ​និង​កម្មវិធី​របស់​គោលនយោបាយ​ជាតិ​ប្រជា​ជា​ជន​២០១៦-២០៣០ ក្នុងនោះ​កំណត់​លើ​ការពង្រីក​និង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​, ការគ្រប់គ្រង​ការធ្វើ​ទេសន្តរប្រវេសន៍​និង​នគរូបនីយកម្ម​, ការពង្រីក​វិស័យ​កសិកម្ម​និង​សកម្មភាព​ពាក់ព័ន្ធ និង​ការវិនិយោគ​លើ​វិស័យ​សង្គមកិច្ច​និង​ការអភិវឌ្ឍ​មូលធន​មនុស្ស​។​

​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​បាន​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​សហការ​ជាមួយ​ដៃគូរ​ពាក់ព័ន្ធ​នានា​ក្នុងការ​ចូលរួមចំណែក​អភិវឌ្ឍ​សហគមន៍​នៅ​តំបន់​មិន​រៀបរយ​តាម​បណ្តា​ទីក្រុង​ធំៗ ជាពិសេស​រាជធានី​ភ្នំពេញ​ដែលជា​មជ្ឈមណ្ឌល នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និង​ជា​តំបន់​ដែល​ស្រូបយក​ទេសន្តរប្រវេសន៍​យ៉ាង​ធំ​ពី​តំបន់​ជនបទ​។​

​ស្របគ្នា​នេះដែរ លោក ម៉ាន់ ឈឿន ប្រធាន​ក្រុមប្រឹក្សាភិបាល​អង្គការ​មូល​និ​ធិ​អភិវឌ្ឍន៍​កាត់បន្ថយ​ភាពក្រីក្រ ទទួលស្គាល់ថា ការកើតមាន​តំបន់​មិន​រៀបរយ​នៅតាម​តំបន់​ទីប្រជុំ​នានា គឺ​ដោយសារតែ​ការហូរចូល​យ៉ាងគំហុគ​នៃ​ទេសន្តរប្រវេសន៍​ពី​តំបន់​ជនបទ ស្រប​ពេលដែល​ទីក្រុង​ធំៗ​ទាំងនោះ រួមទាំង​រាជធានី​ភ្នំពេញ​ផង មិនទាន់មាន​ការរៀប​រយ​និង​មិនទាន់មាន​ផែនការមេ​ច្បាស់លាស់​។
​លោក​បន្តទៀតថា យើង​អាច​និយាយបានថា ហេតុ​ការ​មួយចំនួនធំ​បានកើត​មាន​តាំងពី​ក្រោយ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ខែតុលា ឆ្នាំ​២៩៩១​មកម្ល៉េះ ដែល​ពេលនោះ មានការ​ធ្វើ​មាតុភូមិនិវត្តន៍​របស់​ជន​ភាស​ន៍​ខ្លួន​ពី​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ ដែលមាន​ចំនួន​ប្រមាណ​ជាង​៣០​ម៉ឺន​នាក់​។ ហើយ​ហេតុការណ៍​ខ្លះ ក៏​ទើបនឹង​កើតមាន​នាពេល​ថ្មីៗ​ដែរ ដោយសារ​ការធ្វេសប្រហែស​របស់​អាជ្ញាធរ​មូលដ្ឋាន ដែល​ចេះតែ​បណ្តោយ​ឲ្យ​មានការ​តាំងទី​លំនៅ អណាធិបតេយ្យ​តាម​ទីសាធារណៈ ដូចជា​ផ្លូវ​ឬ​សួនច្បារ​ជាដើម ដែល​ទាំងអស់​នេះហើយ​បាន​បន្សល់ទុក​នូវ​បញ្ហា​ប្រឈម​ដល់​រដ្ឋាភិបាល ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន​។​

​លោក ម៉ាន់ ឈឿន លើកឡើងថា ទោះ​យ៉ាងនេះ​ក្តី​ក្រុមមន្ត្រី​ពាក់ព័ន្ធ​មិនបាន​ព្រងើយកន្តើយ​ទេ ដោយ​រួមគ្នា​ដោះស្រាយ​តាមរយះ​ការចូលរួម​អភិវឌ្ឍន៍​សហគមន៍ ការផ្តល់សេវា​សាធារណៈ​ផ្សេងៗ ពិសេស​សេវា​សុខាភិបាល ស្របទៅតាម​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​កម្ពុជា ដោយ​មិន​ទុក​នរណាម្នាក់​ឲ្យ​ស្ថិត​នៅក្រៅ​រង្វង់​នៃ​ការអភិវឌ្ឍ​ឡើយ​ដែល​ស្រប​នឹង​របៀបវារៈ​ឆ្នាំ​២០៣០ ស្តីពី​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម