​តើ​សិល្បៈ​បាន​ចូលរួមចំណែក​ក្នុងការ​អប់រំ​និង​ទប់ស្កាត់​អំពើ​ប្រល័យពូជសាសន៍​ឬ​យ៉ាងណា​?

3850
ចែករម្លែក
  • 22
    Shares

​ដោយៈ អ៊ុន សុដាវី អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​
​ភ្នំពេញៈ សិល្បៈ​គឺជា​ការងារ​ជំនាញ ឬ​ស្នាដៃ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ចាប់ចិត្ត ចាប់អារម្មណ៍ ចង់​មើល ចង់ឃើញ និង​ចង់​ស្តាប់​។ នៅពេល​ខ្លះ​សិល្បៈ​ក៏បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ម​នុស្ស​ឲ្យ​ក្រៀមក្រំ ភ័យរន្ធត់ និង​រំភើប​រីករាយ​ដែរ​។ សិល្បៈ​បាន​ផ្សាភ្ជាប់​ចំណាប់អារម្មណ៍​របស់​អ្នកទស្សនា​ឲ្យ​កាន់តែ​ខិតចូល​ជិត​ខ្លួន និង​ចង់​ស្វែងយល់​ពី​ខ្លួន​បាន​យ៉ាង​ងាយស្រួល​។ ដូច្នេះហើយ ទើប​មាន​មនុស្ស​មួយចំនួន​បាន​យក​សិល្បៈ​មក​ពន្យល់​ន័យ​ប្រធានបទ​ផ្សេងៗ ទាក់ទង​អំពើ​ប្រល័យពូជសាសន៍ ព្រោះ​សិល្បៈ​បានផ្តល់​នូវ​ចំណុច​ចាប់ផ្តើម​មួយ​ដែល​ជំរុញ​ឲ្យ​អ្នកទស្សនា​បញ្ចេញយោបល់ និង​បង្កើន​ការពិភាក្សាគ្នា​។ សិល្បៈ​បានផ្តល់​ឲ្យ​នូវ​ភាពងាយស្រួល​ក្នុងការ​សិក្សា​ស្វែងយល់ និង​ទទួលបាន​ចំណេះដឹង​អំពី​បទពិសោធន៍​នៃ​អំពើ​ប្រល័យពូជសាសន៍​ខណៈពេលដែល​មនុស្ស​ជាច្រើន​ពិបាក​នឹង​ឲ្យ​និយមន័យ និង​ស្វែងយល់​ដោយផ្ទាល់​លើ​ប្រធានបទ​នៃ​អំពើ​ប្រល័យពូជសាសន៍​។ បន្ថែម​លើ​ការស្វែងរក​យុត្តិធម៌ ការផ្សះផ្សា និង​ការរក្សា​សន្តិភាព​តាមរយៈ​នីតិវិធី​របស់​តុលាការ សិល្បៈ​អាច​ចូលរួម​ដោះស្រាយ និង​បំពេញបន្ថែម​ទៅលើ​ចំណុច​ខ្វះខាត និង​កា​រស​ម្រ​ច​បាន​នូវ​អ្វីដែល​ជាការ​ខ្វះចន្លោះ​រប​ស់​តុលាការ​។ ម្យ៉ាងទៀត សិល្បៈ​ក៏​ជា​និមិត្តរូប​មួយ​ចំពោះ​អ្នក​ដែល​បាន​បាត់​បង់ជីវិត​ដោយសារតែ​អំពើ​ប្រល័យពូជសាសន៍ ហើយក៏​ជាកា​រំឭក​ដល់​មនុស្សជាតិ​ឲ្យ​ចងចាំ​ពី​ព្រឹត្តិការណ៍​ដែល​បានកើត​ឡើង​ដែរ​។

​នៅ​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៨​នេះ សិល្បៈករ​ជនជាតិ​ភូមា​ចំនួន​១៤​នាក់​បានមក​ទស្សនកិច្ច​សាល​សិល្បៈ​សហ​សម័យ​វិទ្យាស្ថាន​ស្លឹករឹត និង​ទស្សនាការ​តាំងពិព័រណ៍​រូបគំនូរ​ចំនួន​១៥​ផ្ទាំង ដែលជា​ស្នាដៃ​របស់​វិចិត្រករ​វ័យក្មេង​មកពី​សាលា​ហ្វា​ពន្លឺ​សិល្បៈ រួមទាំង​រូបគំនូរ​ផ្សេងៗ និង​បាន​ជួបពិភាក្សា​ជាមួយ​លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ការងារ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ផ្តោតទៅលើ​អំពើ​ប្រល័យពូជសាសន៍​ដែល​បាន​កើតឡើង​នៅក្នុង​អំឡុងពេល​នៃ​របប​ខ្មែរក្រហម​។
​គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​របស់​សិល្បៈករ​ភូមា គឺ​ចង់​សិក្សា​អំពី​រឿងរ៉ាវ​របស់​សង្គម​ខាង​ក្រៅ ដែល​ធ្លាប់បាន​ជួបប្រទះ​នឹង​សង្គ្រាម ការកាប់សម្លាប់ និង​ទទួលរង​ផលប៉ះពាល់​ពី​អំពើ​ប្រល័យពូជសាសន៍​។ ប្រទេស​កម្ពុជា គឺជា​ប្រទេសមួយ​ដែល​បាន​ឆ្លងកាត់​អំពើ​ប្រល័យពូជសាសន៍​យ៉ាង​ឃោរឃៅ​នៅក្នុង​អំឡុងពេល​នៃ​ការគ្រប់គ្រង​របស់​ខ្មែរក្រហម និង​កំពុងតែ​ខិតខំ​ដោះស្រាយ​វិបត្តិ​អតីតកាល​របស់ខ្លួន​ដែល​បាន​បន្សល់ទុក​ពី​សង្គ្រាម​។ សិល្បៈករ​ទាំងអស់ សង្ឃឹមថា ខ្លួន​នឹង​អាច​ស្វែងយល់​អំពី​វី​ធី​សាស្ត្រ​នៃ​ការដោះស្រាយ​វិបត្តិ​អតីតកាល​របស់​ប្រទេស​កម្ពុជា​ចំពោះ​អំពើ​ប្រល័យពូជសាសន៍​ដែល​បាន​កើតឡើង​ដើម្បី​ឆ្លុះបញ្ចាំង​ទៅនឹង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ភូមា​ផ្ទាល់ និង​បញ្ហា​ដែល​ប្រទេស​ភូមា​កំពុងតែជួបប្រទះ​សព្វថ្ងៃនេះ​។

​លោក ឈិ​ត មុន្នី អ្នកសម្របសម្រួល​ក្រុម​បាន​និយាយថា សិល្បៈករ​ដែល​មក​ធ្វើ​ទស្សនកិច្ច​នៅថ្ងៃនេះ​មាន​ចំនួន​សរុប​១៤​នាក់ (​ស្រី​៥​នាក់ និង​ប្រុស​៩​នាក់​) ដែល​សិល្បៈករ​ទាំងអស់នេះ​គឺជា​វិចិត្រករ ផលិតករ អ្នកធ្វើការងារ​សង្គម អ្នក​សម្តែង និង​ជាងគំនូរ​។ សិល្បៈករ​ភូមា​ទាំង​១៤​នាក់ មានបំណង​ចង់​ប្រើប្រាស់​ស្នាដៃ​សិល្បៈ​របស់ខ្លួន​សម្រាប់​ការអប់រំ និង​ពន្យល់​អំពី​អំពើ​ប្រល័យពូជសាសន៍ និង​គាំទ្រ​ដល់​កិច្ចការ​សង្គម​នៅក្នុង​ប្រទេស​ភូមា​។ សិល្បៈករ​ទាំងនេះ បាន​ទៅ​ទស្សនា​សារមន្ទី​ទួលស្លែង វាលពិឃាត​ជើងឯក សារមន្ទី​ជាតិ និង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដើម្បី​ស្វែងយល់​អំពី​រឿងរ៉ាវ​ដែល​បាន​កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា​។

​នៅក្នុង​ជំនួប​ជាមួយ​សិល្បៈករ​ជនជាតិ​ភូមា​ទាំង​១៤​នាក់ លោក ឆាំង យុ បានបង្ហាញ​រូបគំនូរ​ជាច្រើន​ផ្ទាំង​នៅក្នុង​បន្ទប់​ប្រជុំ​របស់ខ្លួន ដែល​រូបគំនូរ​ទាំងអស់​នោះបាន​រៀបរាប់​អំពី វប្បធម៌ សិល្បៈ សាសនា និង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា​។ លោក ឆាំង យុ បាន​និយាយថា យើង​ប្រើប្រាស់​ភាពស្រស់ស្អាត​ដើម្បី​ស្វែងយល់​ពី​ភាពឃោរឃៅ​។ លោក​ក៏បាន​បន្ថែមថា សិល្បៈ គឺជា​ផ្នែក​មួយ​បាន​ជួយ​ដល់​ការសិក្សា​ស្រាវជ្រាវ​របស់លោក និង​ការយល់ដឹង​អំពី​ឧក្រិដ្ឋកម្ម​ដែល​ខ្មែរក្រហម​បាន​ប្រព្រឹត្ត​ដែរ​៕


ទីតាំងផ្សាយពាណិជ្ជកម្ម