ប​.​ស​.​ស​៖ ការយល់ដឹង​ពី​នីតិវិធី​ក្នុងការ​ទទួល​សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺ​របស់​កម្មករនិយោជិត​នៅមានកម្រិត​

775
ចែករម្លែក
  • 25
    Shares

ដោយ​: ពៅ និមល / ភ្នំពេញ​: នាយករង​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អះអាងថា កម្មករនិយោជិត​មួយចំនួន​នៅ​មិនទាន់​យល់ដឹង​ច្បាស់​ពី​នីតិវិធី ក្នុងការ​ទៅ​ទទួល​សេវា​ពិនិត្យ​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ នៅតាម​មន្ទីរពេទ្យ​ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ ប​.​ស​.​ស​នៅឡើយ​ទេ ដែល​ទាមទារ​ឱ្យមាន​ការចូលរួម ដោយ​យកចិត្តទុកដាក់​បន្ថែម​ទៀត ពី​ខាង​មូលដ្ឋាន​សុខាភិបាល​។​

​លោក ស៊ុំ សោភ័ណ នាយករង ប​.​ស​.​ស បាន​ឲ្យ​ដឹង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នាឱកាស​ចូលរួម​បើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​មូលដ្ឋាន​សុខាភិបាល​កម្រិត​ថ្នាក់ជាតិ​ចំនួន​០៥ ក្នុង​រាជធានី​ភ្នំពេញ ស្តីពី​ការកំណត់​តម្លៃ​ឱសថ​ក្រៅពី​បញ្ជី​ឱសថ​សារវន្ត​សម្រាប់​ព្យាបាល​ជំងឺមហារីក ជូន​ដល់​សមាជិក ប​.​ស​.​ស កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៨​កន្លងទៅ​ថា ស្ថិតនៅក្រោម​បទបញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ការងារ បច្ចុប្បន្ន ប​.​ស​.​ស បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​និង​មន្ទីរពេទ្យ​ឯកជន​សរុប​ចំនួន​១.៣៣៥ ក្នុងនោះ​មាន​មន្ទីរពេទ្យ​រដ្ឋ​ចំនួន​១.២៩២ និង​មន្ទីរពេទ្យ​ឯកជន​ចំនួន​៤៣ ដើម្បី​សម្រួល​ដល់​ការផ្តល់សេវា​ជូន​សមាជិក ប​.​ស​.​ស អោយបាន​ទាន់ពេលវេលា​និង​មាន​ប្រសិទ្ធភាព​។​

​ពាក់ព័ន្ធ​នឹង​កិច្ចប្រជុំ​ខាងលើ លោកនាយ​ករង​បាន​លើកឡើងថា ផ្ដោត​សំខាន់​អំពី​ការកំណត់​តម្លៃ​ឱសថ​ក្រៅពី​បញ្ជី ឱសថ​សារវន្ត​សម្រាប់​ព្យាបាល​ជំងឺមហារីក លើ​ការព្យាបាល​ដោយសារ​ធាតុគីមី ការរៀបចំ​ទុកជាមុន (Pré-Chemotherapy) ផល់ប៉ះពាល់​នៃ​សារធាតុ​គីមី (Side Effect of Chemotherapy) ការព្យាបាល​សម្រន់ (Palliative Care) ជូន​ដល់​សមាជិក ប​.​ស​.​ស​។ ជាមួយគ្នានេះ កិច្ចប្រជុំ​ក៏បាន​ពិគ្រោះ​យោបល់​គ្នា​ផងដែរ ដោយ​ជម្រុញ​ឱ្យ​មូលដ្ឋាន​សុខាភិបាល​ទាំង​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ និង​ឯកជន​ទាំងអស់​ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ ប​.​ស​.​ស គប្បី​យកចិត្តទុកដាក់​បន្ថែមទៀត ទាក់ទង​ទៅនឹង​ការ​មក​ទទួល​សេវា​ពិនិត្យ​ព្យាបាល​ជំងឺ​របស់​សមាជិក ប​.​ស​.​ស ប្រកបដោយ​ប្រសិទ្ធភាព និង​ទាន់ពេលវេលា​។​

​លោក ស៊ុំ សោភ័ណ បានបញ្ជាក់​បន្ថែមថា នេះ​គឺជា​ការឆ្លើយតប​ស្របតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេចនាយក​រដ្ឋមន្ត្រី​តេ​ជោ ហ៊ុន សែន ដែល​តម្រូវឱ្យ​កម្មករនិយោជិត​ទាំង​ក្នុង​និង​ក្រៅ​ប្រព័ន្ធ​ទាំងអស់ ទទួលបាន​សេវា​គាំពារ​សង្គម​ដើម្បី​រក្សា​សុខុមាលភាព និង​រួមចំណែក​លើកកម្ពស់​ជីវ​ភាព​រស់នៅរ​បស់បង​ប្អូន​កម្មករនិយោជិត​ឱ្យ​កាន់តែ​ប្រសើរឡើង​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម