សម្តេច​ក្រឡាហោម ស ខេងៈ កម្ពុជា​-​វៀតណាម រួមគ្នា​ដោះស្រាយ​ខ្សែបន្ទាត់​ព្រំដែន​

841
ចែករម្លែក

​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហ្វា​ង ស៊ុន​ជៀន មេបញ្ជាការ​កងទ័ព​ការពារ​ព្រំដែន​វៀតណាម​កាលពី​ល្ងាច​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ផាត សុ​ផានិត អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ បាន​ថ្លែងប្រាប់​ក្រុមអ្នកកាសែត​បន្ទាប់ពី​ជំនួប​ចប់​ថា សម្តេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា ក្នុងនាម​ក្រសួងមហាផ្ទៃ សម្តេច​អបរ​អរ​ចំពោះ​ការអញ្ជើញ​មក​ទស្សនកិច្ច​នៅ​កម្ពុជា​របស់​មេបញ្ជាការ​កងទ័ព​ការពារ​ព្រំដែន​វៀតណាម គឺជា​សកម្មភាព​មួយ​ស្តែង​ឲ្យ​ឃើញ​នូវ​ការបន្ត​អនុវត្តតាម​ស្មារតី នៃ​ថ្នាក់ដឹកនាំ​កំពូល​ប្រទេស​ទាំងពីរ ក្នុង​ការបន្ត​រឹតចំណង​សាមគ្គីភាព និង​មិត្តភាព​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​។ ដោយ​សម្តេច​ក្រឡាហោម​អបអរ​ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ក​ន្ល​ង​មក ដែល​មេបញ្ជាការ​កងទ័ព​ការពារ​ព្រំដែន​វៀតណាម​មាន​ជាមួយ​ខាង​ក្រសួងមហាផ្ទៃ ជាពិសេស​ជាមួយ​ខាង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កម្ពុជា ដែលជា​ដៃគូរ​សម​ភាគី​ជាមួយគ្នា​។ ហើយ​សម្តេច​ក៏​គាំទ្រ​ឲ្យ​ភាគី​ទាំងពីរ​បន្តធ្វើ​កិច្ច​ជាមួយគ្នា​ឲ្យ​កាន់តែ​ផុលផុស​ថែមទៀត​។​

​លោក​បន្តថា លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហ្វា​ង ស៊ុន​ជៀន មេបញ្ជាការ​កងទ័ព​ការពារ​ព្រំដែន​វៀតណាម ក៏បាន​អបអរ​ចំពោះ​ការបោះឆ្នោត​នៅ​កម្ពុជា​ដែល​ប្រព្រឹត្តទៅ​ម​ក្រោម​បរិយាកាស​សន្តិសុខ និង​សន្តិភាព ដែល​នេះ​ស្តែង​ឲ្យ​ឃើញ​នូវ​ការបន្ត​ធានា​ដល់​និរន្ត​ភាព នៃ​សន្តិសុខ និង​សន្តិភាព ក៏ដូចជា​ការអភិវឌ្ឍ​ន៍​នៅ​កម្ពុជា​ផងដែរ​។ លោក​ក៏បាន​អបអរ​ចំពោះ​ដំណើរ​ទស្សនកិច្ច​នាពេល​ថ្មីៗ​នេះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ទៅកាន់​ប្រទេស​វៀតណាម ដែលជា​ការរួមចំណែក​រឹតចំណង​សាមគ្គីភាព និង​មិត្តភាព រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​រីកចំរើន​ធំធាត់​ថែមទៀត​។​

​មេបញ្ជាការ​កងទ័ព​ការពារ​ព្រំដែន​វៀតណាម​បាន​ជម្រាបជូន​សម្តេច​ក្រឡាហោម ស ខេង ថា លោក​ក៏ត្រូវ​ជួប​ធ្វើការ​ជាមួយ​ខាង​កងទ័ព​របស់​កម្ពុ​ជា​ផងដែរ ក្នុង​ស្មារតី​សហការ​កសាង​ខ្សែបន្ទាត់​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ ប្រកបដោយ​សន្តិភាព និង​ការអភិវឌ្ឍន៍​នៅតាម​ខ្សែបណ្តោយ​ព្រំដែន​។ លោក​ក៏បាន​អរគុណ​សម្តេច​ក្រឡាហោម ស ខេង ក៏ដូចជា​ខាង​កងទ័ព និង​សម្តេច​តេ​ជោ ហ៊ុន សែន ជានិច្ច​ជា​កាល​តែងតែ​ផ្តល់​កិច្ចសហការ និង​គាំទ្រ​ដល់​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រទេស​ទាំងពីរ ក្នុង​ការកសាង​សន្តិសុខ និង​សន្តិភាព នៅតាម​ខ្សែបន្ទាត់​ព្រំដែន​។ ហើយ​លោក​នឹង​បន្ត​ជជែក​ពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដូចជា អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ប្រកបដោយ​ស្មារតី​មិ​ត្តិ​ភាព និង​ពង្រីក​ចំណងមិត្តភាព​ជាមួយគ្នា​ឲ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត​។​

​សម្តេច​ក្រឡាហោម ស ខេង សង្ឃឹម​ជឿជាក់ថា ភាគី​ទាំងពីរ គឺ​បញ្ជាការ​កងទ័ព​ការពារ​ព្រំដែន​វៀតណាម និង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កម្ពុជា នឹង​ធ្វើការ​ជាមួយគ្នា និង​រួមគ្នា​ដោះស្រាយ​បញ្ហា​ផ្សេងៗ និង​ធ្វើ​ឲ្យ​ខ្សែបន្ទាត់​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ គឺជា​ខ្សែបន្ទាត់​ប្រកបដោយ​កិច្ចសហប្រតិបត្តិការ សន្តិភាព និង​ការអភិវឌ្ឍន៍ ដើម្បី​ការរីកចំរើន​ប្រទេស​ទាំងពីរ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម