យាន​របស់​ក្រុមហ៊ុន Virgin Galactic ហោះ​ទៅដល់​គន្លង​ផែនដី​ជា​លើកដំបូង​

1042
ចែករម្លែក

​យាន SpaceShipTwo របស់​ក្រុមហ៊ុន Virgin Galactic បាន​ហោះហើរ​ខ្ពស់ជាង​មុន​មិន​ធ្លាប់មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣​ធ្នូ គឺ​លើសពី​អ្វីដែល​កងទ័ពអាកាស​អាមេរិក​ចាត់ទុកជា​ព្រំប្រទល់​នៃ​អវកាស​ហើយ​បានកត់សម្គាល់​ពី​ការហោះហើរ​មាន​មនុស្ស​បើក​ជា​លើកដំបូង​ទៅកាន់​លំហ​អាកាស​ពី​ដី​សហរដ្ឋអាមេរិក​តាំងពី​ឆ្នាំ ២០១១​។​

​ជើងហោះហើរ​លើ​គន្លង​ផែនដី​កម្ពស់​ទាប​រយៈពេល​ខ្លី ដែលមាន​អ្នកបើកបរ​ពីរ​នាក់​នៅលើ​យន្តហោះ គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​សម្រាប់​ក្រុមហ៊ុន​ដែល​ដឹកនាំ​ដោយ​មហាសេដ្ឋី​អង់គ្លេស​លោក រី​ឆាត ប្រ៊ែ​ន​សុន ដែល​កំពុង​ព្យាយាម​បញ្ជូន​ភ្ញៀវទេសចរ​ទៅ​ទី​អវកាស​ក្នុងតម្លៃ ២៥០.០០០ ដុល្លារ​អាមេរិក​សម្រាប់​១​កៅអី​។​

​គ្មាន​យានអវកាស​ដែលមាន​មនុស្ស​បើក​ណាមួយ​បាន​ហោះ​ចេញពី​ទឹកដី​សហរដ្ឋអាមេរិក​ទេ​ចាប់តាំងពី​កម្មវិធី​យានអវកាស​ដឹក​អ្នកដំណើរ​របស់​អាមេរិក​បានបញ្ចប់​តាម​ការគ្រោងទុក​កាលពី​៧​ឆ្នាំមុន​។​

​ចាប់តាំងពី​ពេលនោះ​មក ទីភ្នាក់ងារ​អវកាស​របស់​ពិភពលោក​បាន​ពឹង​ផ្អែកលើ​រ៉ុក្កែត Soyuz របស់​រុស្ស៊ី​ដើម្បី​ដឹក​អវកាសយានិក​ទៅកាន់​ស្ថានីយ​អវកាស​អន្តរជាតិ​។​

​ទន្ទឹមនឹង​នេះដែរ​ឧស្សាហកម្ម​អវកាស​កំពុង​ប្រញាប់ប្រញាល​បន្ថយ​គម្លាត ខណៈ​ក្រុមហ៊ុន​នានា​កំពុង​ប្រជែង​គ្នា​ធ្វើ​យានអវកាស​ដែល​អាច​ដឹក​អវកាសយានិក​និង​អ្នកទេសចរ​ចូលទៅក្នុង​លំហ​អាកាស​។​

​លោក​ប្រ៊ែ​ន​សុន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ថ្ងៃនេះ​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ យានអវកាស​ដែល​បង្កើតឡើង​ដើម្បី​ដឹក​អ្នកដំណើរ​ឯកជន​បាន​ឡើងដល់​លំហ​អាកាស​។ នេះ​គឺជា​ថ្ងៃ​ដ៏​សំខាន់​មួយ​ហើយ​ខ្ញុំ​ពិតជា​មាន​មោទនភាព​ខ្លាំងណាស់​ចំពោះ​ក្រុម​របស់​យើង​ដែល​បាន​បើក​នូវ​ទំព័រ​ថ្មី​នៃ​ការរុករក​អវកាស​”៕ ដោយ៖ កញ្ញាដាលីស

យាន SpaceShipTwo របស់​ក្រុមហ៊ុន Virgin Galactic បាន​ហោះហើរ​ខ្ពស់ជាង​មុន​មិន​ធ្លាប់មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍
យាន SpaceShipTwo របស់​ក្រុមហ៊ុន Virgin Galactic បាន​ហោះហើរ​ខ្ពស់ជាង​មុន​មិន​ធ្លាប់មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍


ទីតាំងផ្សាយពាណិជ្ជកម្ម