សភា​អាមេរិក​អំពាវនាវ​មី​យ៉ាន់​ម៉ា​ឱ្យ​ដោះលែង​អ្នកកាសែត និង​ហៅ​យុទ្ធនាការ​ប្រឆាំង​ពួក​រ៉ូ​ហ៊ីង​យ៉ា​ថា​ជា​អំពើ​ប្រល័យពូជសាសន៍​

766
ចែករម្លែក
  • 15
    Shares

សភាអាមេរិកបានអំពាវនាវកាលពីថ្ងៃព្រហស្បតិ៍ទី១៣ខែធ្នូ ឱ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាដោះលែងអ្នកកាសែររ៉យទ័រ២នាក់គឺ លោក Wa Lone អាយុ៣២ឆ្នាំនិង លោកKyaw Soe Oo អាយុ២៨ឆ្នាំ ដែលត្រូវបានចាប់ដាក់គុកកាលពីមួយឆ្នាំកន្លងទៅ នៅក្នុងករណីសេរីភាពបញ្ចេញមតិ។

សមាជិកសភាអាមេរិក បានបោះឆ្នោតគាំទ្រដោយមានសំឡេងគាំទ្រ៣៩៤សំឡេងទល់នឹងសំឡេងប្រឆាំងមួយសំឡេង សម្រាប់ការសម្រេចចិត្តមួយដើម្បីអំពាវនាវឱ្យមានការដោះលែងអ្នកកាសែតទាំង២នាក់នេះដែលត្រូវបានតុលាការមីយ៉ាន់ម៉ារកឃើញថាមានទោសកំហុសកាលពីខែកញ្ញាពីបទរំលោភលើច្បាប់សន្តិសុខជាតិរបស់ប្រទេសមីយ៉ាន់ម៉ា ហើយត្រូវបានកាត់ទោសឱ្យជាប់គុក៧ឆ្នាំក្នុងម្នាក់ៗ។

លោក Kyaw Soe Oo និង លោក Wa Lone ត្រូវបាននាំខ្លួនដោយប៉ូលិសនៅពេលចាកចេញពីតុលាការ នៅទីក្រុងយ៉ាងហ្គោន កាលពីថ្ងៃទី២០ខែសីហាឆ្នាំ២០១៨

ករណីនេះបាននាំឱ្យមានការចោទសួរដោយក្រុមមេដឹកនាំនយោបាយជាច្រើននៅសហរដ្ឋអាមេរិក អឺរ៉ុប និងក្រុមអ្នកតស៊ូមតិសិទ្ធិមនុស្ស ព្រមទាំង អង្គការសហប្រជាជាតិអំពីដំណើរជឿនលឿនទៅរកលទ្ធិប្រជាធិបតេយ្យរបស់មីយ៉ាន់ម៉ា។

សេចក្តីសម្រេចនេះក៏បានហៅយុទ្ធនាការយោធាមីយ៉ាន់ម៉ា ប្រឆាំងនឹងក្រុមជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ាថា ជាអំពើប្រល័យពូជសាសន៍។ នៅក្នុងរបាយការណ៍ដែលចេញផ្សាយកាលពីថ្ងៃទី២៧ខែសីហា ក្រុមអ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិបាននិយាយថា យោធាមីយ៉ាន់ម៉ា បានសម្លាប់រង្គាលនិងរំលោភក្រុមជនរ៉ូហ៊ីងយ៉ា ដោយចេតនាប្រល័យពូជសាសន៍ ហើយវាជាលើកដំបូងហើយ ដែលទីភ្នាក់ងារមួយរបស់អង្គការពិភពលោកនេះបានអំពាវនាវឱ្យក្រុមមន្រ្តីមីយ៉ាន់ម៉ាប្រឈមការចោទប្រកាន់ពីបទប្រល័យពូជសាសន៍ក្នុងអំឡុងយុទ្ធនាការបង្ក្រាបរបស់ពួកគេ៕ដោយ៖សុខា/sn

ទាហានមីយ៉ាន់ម៉ា អមការពារជនអ៊ីស្លាមរ៉ូហ៊ីងយ៉ាត្រឡប់ទៅកាន់ជំរំរបស់ពួកគេវិញនៅរដ្ឋរ៉ាឃីន កាលពីថ្ងៃ៣០វិច្ឆិកា ឆ្នាំ២០១៨

ទីតាំងផ្សាយពាណិជ្ជកម្ម