បច្ចេកទេស​ដាំ​ល្ហុង​ឲ្យ​បាន​ជោគជ័យ​បាន​ផល​ច្រើន​

4744
ចែករម្លែក
  • 3
    Shares

ខាងក្រោម​នេះ ជា​បច្ចេកទេស​ដាំ​ល្ហុង​ឲ្យ​បាន​ជោគជ័យ​បាន​ផល​ច្រើន ដែល​បងប្អូន​កសិករ យើង​បាន​អនុវត្ត​ហើយ​ទទួលបាន​ជោគជ័យ ។

១- ការរៀបចំ​ដី​ដាំ​ល្ហុង​៖

  • យើង​ត្រូវ​ភ្ជួរ​ហាល​ដី​ទុកចោល​ចំនួន ១​ខែ​ទៅ ១​ខែ​កន្លះ​សិន ដើម្បីអោយ​ងាប់​សត្វល្អិត និង​ស្មៅ​រលួយ​បានល្អ ។ យើង​ត្រូវ​ភ្ជួរ​ដី​មួយលើកទៀត នៅពេលដែល​ជិត​ដាំ​កូន​ល្ហុង ។​
  • យើង​ត្រូវ​ទាញ​ខ្សែ​អោយ​ត្រង់ ដើម្បី​ងាយស្រួល​ក្នុង​ការដាំ​ដំណាំ​ផ្សេងទៀត ក្រោម​ដើម​ល្ហុង ។​
  • ចន្លោះ​ពី​ដើម​មួយ​ទៅ​ដើម​មួយទៀត ប្រវែង ៣​ម៉ែត្រ ។​
  • យើង​ត្រូវ​ដោត​បង្គោល​ចំណាំ​រណ្ដៅ​ដែល​យើង​វាស់​រួចហើយ យក​ជី​វែគ ចំនួន​៥០០cc លាយ ទឹក ២០L មក​បាញ់​ឲ្យ​ជោគ ចំ​បង្គោល​រណ្ដៅ​ទំហំ​២​តឹក ៤​ជ្រុង រួច​ទុក​រយៈពេល ៧​ថ្ងៃ ទើប​យើង​កាប់​រណ្ដៅ ។ មុន​បាញ់​ជី ត្រូវ​ស្រោច​ទឹក​ចំ​កន្លែង​រណ្ដៅ​អោយ​ជោគ​សិន​ទើប​បាញ់ ជី​វែគ ដើម្បីអោយ ជី​ជ្រាបចូល​ទៅក្នុង​ដី​បានល្អ​វា​ធ្វើ​ឲ្យ​ដី​ផុស​ល្អ​សំបូរ​ជីជាតិ និង​សត្វ​ជន្លេន ។​

២-​ការដាំ​កូន​ល្ហុង​:

  • កាប់​រណ្ដៅ​ដែល​យើង​ស្រោច​ជី​ហើយ ទំហំ​២​តឹក ជំរៅ​២​តឹក កាប់​បំផុសដី​ឲ្យ​ម៉ត់ ដោយ​លាយ​ជាមួយ​ជី​អាចម៍គោ​ពុក​ល្អ ។​
  • កូន​ល្ហុង​អាយុ​ពី​១​ខែ​កន្លះ ទៅ​២​ខែ មាន​ប្រវែង​មួយ​ច​ង្អា​ម​ដៃ​។ យើង​ត្រូវ​ស្រោច​ទឹក​ឲ្យ​ជោគ មុន​យកទៅ​ដាំ ។​
  • យក​ថង់​ចេញ ដោយ​កុំអោយ​បែក​អាចម៍ដី និង​ដាច់​ឫស​ល្ហុង​បណ្ដាល​ឲ្យ​កូន​ល្ហុង​ងាប់​បាន ។​
  • កប់​កូន​ល្ហុង​អោយ​លិច​ដី​ក​ន្តោ​ង រួច​យក​អាចម៍ដី​មក​ពូន​សង្កត់​អោយ​ណែន បន្ទាប់មក​ស្រោច​ទឹក​អោយ​ជោគ ។​
  • ត្រូវ​ស្រោច​ទឹកជា​រៀងរាល់ថ្ងៃ នៅពេល​ល្ងាច​អោយ​ជោគ​ល្មម ។​

៣- ការថែទាំ​ដើម​ល្ហុង​:

  • ក្រោយ​ដាំ​រួច​យើង​ត្រូវ​បាញ់ថ្នាំ​ការពារ​សត្វល្អិត ណា​តូ ក្នុង​កំរិត​ប្រើ ៣០cc លាយ​ជាមួយ​ទឹក ១៦L បាញ់​ទៅលើ​កូន​ល្ហុង ដើម្បី​ការពារ​កុំ​ឲ្យ​សត្វល្អិត​ស៊ី ឬ​កាត់​ដើម​ល្ហុង ចោល រៀងរាល់​៥​ទៅ​៧​ថ្ងៃ​ម្ដង​រហូតដល់​កូន​ល្ហុង​មាន​ដើម​ប៉ុន​ចង្កឹះ ។​
  • ដាំ​បាន​រយៈពេល ១​ខែ បើ​មាន​ស្មៅ​ដុះ​ជុំវិញ​គល់​ល្ហុង យើង​ត្រូវ​ដក​វា​ចេញ​ឲ្យ​អស់ ពីព្រោះ បើ​ទុក​វា​ធ្វើ​ឲ្យ​ដើម​ល្ហុង​មានការ​លូតលាស់​យឺត ។​
  • ក្រោយពេល​សំអាត​ស្មៅ​រួចហើយ​យើង​ត្រូវ​ប្រជុំ និង​ពូន​គល់​ល្ហុង​ម្ដង ។ រយៈពេល ២​ខែ​បន្ទាប់ពី​ដាំ​ដើម​ល្ហុង​មាន​កំពស់​ត្រឹម​ជង្គង់ យើង​ត្រូវធ្វើ​ស្មៅ តាម​គល់​ល្ហុង និង​ជ្រុំ​ពូន​គល់ ម្ដងទៀត​ជាការ​ស្រេច ព្រោះ​ល្ហុង​ជិត​ចេញ​ផ្កា​ហើយ ។​
  • បន្ទាប់ពី​ជ្រុំ​ពូន​គល់​លើក​ទី​២​រួចហើយ យើង​ត្រូវ​ស្រោច​ទឹក​តាម​គល់​ល្ហុង​អោយ​ជោគ​សិន ទើប​យើង​យក​ជី​វែគ​មក​បាញ់​ម្ដងទៀត ។ បាញ់​ម្ដងនេះ គឺ​ធ្វើ​ឲ្យ​ដើម​ល្ហុង​ធំ​រឹងមាំ ហើយ​ជំនួយ ដល់​ការចេញ​ផ្កា ធ្វើ​ឲ្យ​ផ្កា​ច្រើន មិន​រុះ ហើយ​កាន់​ផ្លែ​ល្អ និង​អោយ​ល្ហុង​មាន​រសជាតិ​ផ្អែម មួយកំរិត​ទៀត ។ ត្រូវ​លាយ​ជី​វែគ ១០០cc ជាមួយ​ទឹក ២០L ដូច​មុន​បាញ់​ឲ្យ​សព្វ​ត្រួយ​ដើម និង​គល់​ល្ហុង​អោយ​សើម​ជោគ ។​
  • រយៈពេល ២​ខែ​កន្លះ​ទៅ ៣​ខែ​ល្ហុង​ចាប់ផ្ដើម​ចេញ​ផ្កា​ហើយ នៅពេល​ចេញ​ផ្កា យើង​អាច​កំណត់ថា​ដើម​មួយណា​មាន​ផ្លែ​វែង ហើយ​ដើម​មួយណា​មាន​ផ្លែ​ខ្លី ។ បើ​ដើម​ណា មាន​ផ្កាល្ហុង​រាង​ទ្រវែង​ដូច​កដប​យើង​ទុក​វា បើ​ផ្កាល្ហុង​មាន​រាង​មូល​ខ្លី​ធំ យើង​កាប់​ដើម​នោះ​ចេញ នោះ​ទើប​ល្ហុង​ក្នុង​ចំការ​មាន​សុទ្ធតែ​ផ្លែ​វែង​ទាំងអស់ ។ ក្នុង​មួយ​គុម្ព យើង​ទុក​តែមួយ​ដើម​ទេ ។​
  • នៅពេល​ចេញ​ក្ដិ​ប តែងតែមាន​ត្រួយ​ល្ហុង​ដុះ​ចេញ តាម​ធាង​នៃ​ដើម​ល្ហុង ។ យើង​ត្រូវ​បេះ​វា ចេញ ដើម្បីអោយ​ផ្លែ​ល្ហុង​រីក​ធំ​ល្អ និង​ផ្លែ​ច្រើន ។​

៤-​ការប្រមូល​ផល​៖

  • រយៈពេល​ពី ៥-៦ ខែ​យើង​អាច​ប្រមូល​ផល​បាន ចំពោះតែ​ល្ហុង​ពូជ​ផ្លែ​ខ្ចី ។ បើ​ចង់​បេះ​ទុំ គឺ​យើង​ទុក​រយៈពេល​៧​ខែ​ទើប​អាច​បេះ​ទុំ​បាន ។​
  • ពេល​បេះ​ផ្លែ​អស់ហើយ​យើង​ត្រូវ​បាញ់​ជី​វែគ​ម្ដងទៀត​ក្នុង​កំរិត​ប្រើ ១០០cc លាយ​ជាមួយ​ទឹក ២០L បាញ់​តែ​គល់​ល្ហុង​ទេ ហាម​បាញ់​លើ​ផ្កា និង​ក្ដិ​ប​ដែល​អាច​បណ្ដាលអោយ​រុះ​ផ្កា និង​ផ្លែ​ក្ដិ​ប ។ មុនពេល​បាញ់​ជី​យើង​ត្រូវ​ស្រោច​ទឹក អោយ​ជោគ​គល់​សិន​ទើប​យើង​បាញ់​ជី​នេះ​តាម​ក្រោយ ។ ការបាញ់​ជី ក្រោយពេល​ប្រមូល​ផល សំរាប់​ជំនួយ ដល់​ការចេញ​ផ្កា​ក្ដិ​ប និង​អោយ​ផ្លែ​ធំ ម្ដងទៀត ៕ ប្រភព​: អ៊ាង សុផល្លែត​

ទីតាំងផ្សាយពាណិជ្ជកម្ម