​តារា​សិច​ស៊ី យ៉ា​យ៉ា​ឃ្វី​ន និង អ៊ឹម ជីវ៉ា ជួប​គ្រោះថ្នាក់​ចរាចរ​ក្រឡាប់​រថយន្ត​

4692
ចែករម្លែក
  • 629
    Shares

ដោយៈ បូ​រិ​ន / ភ្នំពេញៈ តារា​សិច​ស៊ី យ៉ា​យ៉ា​ឃ្វី​ន និង អ៊ឹម ជីវ៉ា បាន​ជួប​គ្រោះថ្នាក់​ចរាចរ ក្រឡាប់​រថយន្ត នៅ​ស្រុក​ស្រែអំបិល ខេត្តកោះកុង កាលពី​ព្រឹក​ព្រលឹម​ថ្ងៃទី​១៤ ខែធ្នូ ២០១៨ ។​តែ​សំណាងល្អ​មិន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​អាយុជីវិត​ឡើយ​។ ប៉ុន្តែ​មាន​សមាជិក​ម្នាក់​ក្នុង​ក្រុម​របស់លោក​ដែលជា​អ្នកបើក​បរបាន​ស្លាប់​ភ្លាមៗ​នៅពេល​ក្រឡាប់​រថយន្ត​នោះ​។​


​លោក អ៊ឹម ជីវ៉ា បាន​សរសេរ​សារ​ឱ្យដឹងថា “​បងប្អូន​អើយ​ពេលនេះ​ខ្ញុំ​មាន​បញ្ហា​ធំ​ហើយ ឡាន​ខ្ញុំ​ជួ​បញ្ហា​គ្រោះថ្នាក់​ចរាចរ ក្រឡាប់​ឡាន​នៅ​ស្រុក​ស្រែអំបិល ពេលធ្វើ​ដំណើរ ទៅ​ចូលរួម​បុណ្យ​សមុទ្រ​នៅ​ខេត្តកោះកុង បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ម្នាក់​។​តែ​ខ្ញុំបាទ​និង​ក្រុមការងារ​បួន​នាក់​ទៀត​មិន​អី​ទេ​។ លើក​ទី​១​ហើយ ខ្ញុំ​ជួប​រឿង​រន្ធត់​បែបនេះ​។ ព្រះ​អើយ​ជួយ​ខ្ញុំ​ផង​។ ខ្ញុំ​មាន​ឡាន​តែមួយ​គ្រឿង​នឹង​ទេ​ទុក​សំរាប់​ទៅណា​មក​ណា ពេលនេះ​ជាពិសេស​កម្មវិធី​សិល្បៈ ។​ពេលនេះ​ចប់​ហើយ​”​។

​ជួប​ជាមួយគ្នា​នោះ រស្មី​កម្ពុជា តាម​ទូរស័ព្ទ​លោក អ៊ឹម ជីវ៉ា បានឱ្យដឹងថា កាលពី​ថ្ងៃទី​១៣ ខែធ្នូ លោក និង យ៉ា​យ៉ា ឃ្វី​ន ព្រមទាំង​សមាជិក​ពីរ​នាក់​ទៀត បានធ្វើ​ដំណើរ​ទៅកាន់​ក្រុងព្រះសីហនុ ជាមុនសិន ដោយមាន​ភារកិច្ច​នៅ​ទីនោះ ទើប​ត្រឡប់មក​ខេត្តកោះកុង​វិញ ដើម្បី​ចូលរួម​បុណ្យ​សមុទ្រ ប៉ុន្តែ​ជា​អក​សុល​ជួប​គ្រោះថ្នាក់​ចរាចរ ដល់​ចំណុច​ស្រុកស្រែ​អំបិល​។ លោក​បញ្ជាក់ថា លោក​មិន​របួស​អ្វី​ច្រើន​ឬ​ធ្ងន់ធ្ងរ​ឡើយ ប៉ុន្តែ​លោក​នៅ​រវល់​ដោះស្រាយ​បញ្ហា​រថយន្ត​ក្រឡាប់ និង សព​អ្នកបើកបរ​របស់លោក​។ ចំណែក តារា​ស្រី យ៉ា​យ៉ា ឃ្វី​ន ព្រមទាំង​សមាជិក​ពីររូប​ទៀត មិនមាន​គ្រោះ​ធ្ងន់​ដូចគ្នា​។​

​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា កាលពី​ម៉ោង​៣​និង​៣០​នាទី​ទៀបភ្លឺ ឈានចូល​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែធ្នូ ឆ្នាំ មាន​ករណី​គ្រោះថ្នាក់​ចរាចរ រថយន្ត​ពីរ​គ្រឿង​សន្ដោង​អូស​គ្នា ស្រាប់តែ​បើក​ធ្លាក់​ផ្លូវ បណ្ដាល​ឲ្យ​ក្រឡាប់​មួយគ្រឿង នៅលើ​ផ្លូវជាតិ​លេខ​៤៨ ចន្លោះ​បង្គោល​គីឡូ​លេខ ២២-២៣ ស្ថិតក្នុង​ភូមិ​ជីខ ឃុំ​ជីខ​លើ ស្រុកស្រែ​អំបិល ខេត្តកោះកុង​។ រថយន្ត​ទី​១ ម៉ាក LEXUS ពាក់​ស្លាក​លេខ​ភ្នំពេញ 2H-9069 ពណ៌​ខ្មៅ និង​រថយន្ត​ទី​២ ម៉ាក​LEXUS ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AP-9487 បាន​សណ្តា​ង​អូស​គ្នា​ពី​កោះកុង ទៅ​ភ្នំពេញ ពេលមកដល់​ចំណុច​ខាងលើ ស្រាប់តែ​រថយន្ត​ទាំងពីរ​បាន​ធ្លាក់​ថ្នល់ បណ្ដាល​ឲ្យ​ក្រឡាប់​មួយគ្រឿង ពណ៌​ទឹកមាស បណ្តាល​ឲ្យ​ស្លាប់​បុរស​ម្នាក់ ឈ្មោះ ញន ប្រុស​ភេទ​ប្រុស​អាយុ ៤៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​៤ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង (​អ្នកបើកបរ​រថយន្ត​ទឹកមាស​) រីឯ​អ្នកបើកបរ​រថយន្ត ពណ៌​ខ្មៅ គេចខ្លួនបាត់ ។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច បាន​ចុះ​វាស់វែង និង​ស្ទូច​យក​រថយន្ត​ទាំងពីរ​គ្រឿង ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុកស្រែ​អំបិល ដើម្បី​រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ​។ ចំណែក​សាកសព ត្រូវបាន​យកមក​រក្សាទុក​នៅ​មន្ទីរពេទ្យបង្អែក​ស្រុកស្រែ​អំបិល ដើម្បី​រង់ចាំ​សាច់ញាតិ មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម