ក្រសួងកសិកម្ម​រម្លឹក​ដល់​អ្នកនេសាទ​ថា អាច​នេសាទ​ត្រី​បាន​រយៈពេល​ប្រាំពីរ​ថ្ងៃ​ប៉ុណ្ណោះ​

1246
ចែករម្លែក

​ដោយ​: ពៅ និមល / ភ្នំពេញ​: ក្នុង​សេចក្តីជូនដំណឹង ស្តីពី​រដូវ​ធ្វើ​ប្រហុក ផ្អក របស់​រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ បានបញ្ជាក់​ជូណ​ដល់​ប្រជា​នេសាទ​ថា ឆ្នាំនេះ​កំពស់​ទឹកទន្លេ​សាប​ស្រក​ចុះ​លឿន​ជាង​ឆ្នាំមុន ជាហេតុ​ធ្វើ​ឲ្យ​ដាយ​នៅតាម​ដង​ទន្លេសាប​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​អាច​នេសាទ​ត្រី​បាន ក្នុង​ចន្លោះ​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​២០ ខែធ្នូ​។​

​លោក អេង ជា​សាន្ត ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ជលផល​ក្រសួងកសិកម្ម បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៨​ថា ផល​ត្រី​នៅតាម​បណ្តា​ឡូ​ត៌​នេសាទ ពិសេស​នៅតាម​ដង​ទន្លេសាប នឹង​ចាប់ផ្តើម​ប្រមូល​ផល​ត្រី​ច្រើន​បំផុត ហើយ​ការ​ចែកចាយ​នឹងមាន​តំលៃថោក​បំផុត ដែល​បញ្ហា​នេះ​ក្រសួង​ក៏បាន​អំពាវនាវ​ប្រជាពលរដ្ឋ​នៅ​ទីជិត​ទី​ឆ្ងាយ ទៅ​ប្រមូល​ត្រី​ធ្វើ​ប្រហុក ផ្អក​ដើម្បី​រក្សាទុក​ធ្វើជា​អាហារ​រយៈពេល​វែង​។

​លោក​បាន​ឲ្យ​ដឹង​ទៀតថា នៅ​ថ្ងៃ​ចន្ទ​ខាងមុខ​ត្រី​នៅ​គ្រប់​ឡូត៍​នេសាទ​ទាំង​តាម​ដង​ទន្លេសាប នឹង​ប្រមូល​ផល​បាន​ច្រើន​ជា​បណ្តា​ថ្ងៃ​កន្លងមក ខណៈ​បច្ចុប្បន្ន​នៅ​តំបន់​ឡូត៍​នេសាទ​ផ្នែក​ខាងលើៗ កំពុង​ប្រមូល​ផល​ត្រី​បាន​ប្រមាណ​ពី​០៣ ទៅ​០៤​តោន ក្នុង​មួយដងៗ​។ ទន្ទឹមនេះ លោក​រំពឹងថា ផល​ត្រី​ឆ្នាំ​២០១៨ នឹងមាន​កើនឡើង​ខ្លាំង​ជាង​បណ្តា​ឆ្នាំកន្លងមក គ្រា​ដែល​ការប្រមូល​ផល​ត្រី​ទឹកសាប​នៅ​ឆ្នាំ​២០១៧ ទទួលបាន​ប្រមាណ​ជាង​៥៣០​ពាន់​តោន កើន​ជាង​ឆ្នាំ​២០១៦​ជាង​០២​ម៉ឺន​តោន​។​

​ពាក់ព័ន្ធ​នឹង​រឿង​ខាងលើ កាលពី​កន្លងទៅ​ថ្មីៗ​នេះ ក្នុងឱកាស​អញ្ជើញ​ចុះ​ពិនិត្យ​ការប្រមូល​ផល​ត្រី​នៅ​រដូវ​នេសាទ​ឆ្នាំ​២០១៨ របស់​ប្រជា​នេសាទ​ស្ថិតនៅ​ស្រុក​ពញា​ឭ ខេត្តកណ្តាល លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ និង​លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បានប្រកាស​រួមគ្នា​ជា​ផ្លូវការ ស្តីពី​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​ពី​សហគមន៍​អឺរ៉ុប ដែលមាន​ទឹកប្រាក់​សរុប​៨៧​លាន​អឺរ៉ូ ដែល​គ្រោង​នឹង​ចុះហត្ថលេខា​ក្នុងពេល​ឆាប់ៗ​នេះ សម្រាប់​អភិវឌ្ឍន៍​វិស័យ​ជលផល​ប្រកបដោយ​ចីរភាព​និង​បរិ​យា​ប័ន្ន CAPFISH – Capture​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ កាលពី​ខែវិច្ឆិកា​កន្លងទៅ ក៏មាន​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រាង​ហិរញ្ញប្បទាន​ប្រតិបត្តិការ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ជាមួយ​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ (AFD) ដែល​ក្នុងនោះ​មួយ​មាន​ចំនួន​ទឹកប្រាក់​២៥​លាន​អឺរ៉ូ សម្រាប់​កម្មវិធី​ជំរុញ​វិស័យ​ជន​ផល​ប្រកបដោយ​ចីរភាព​និង​បរិ​យា​ប័ន សំដៅ​ដល់​ការអភិវឌ្ឍន៍​វិស័យ​វារីវប្បកម្ម​ទាំង​ទឹកសាប និង​សមុទ្រ​ផងដែរ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម