បង្ក្រាប​រថយន្ត​ដឹកឈើ​ប្រណីត​មួយគ្រឿង​ឃាត់ខ្លួន​មនុស្ស​ពីរ​នាក់​

1116
ចែករម្លែក

(​ស្ទឹងត្រែង) ​: កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ស្ទឹងត្រែង បាន​ស្ទាក់ចាប់​រថយន្ត​ដឹកឈើ​ប្រណីត​មួយគ្រឿង នៅតាម​ដងផ្លូវ​ជាតិ​លេខ​៧ ស្ថិតក្នុង ភូមិ​រាជា​នុ​កូ​ល​សង្កាត់ ក្រុង​ស្ទឹងត្រែង កាលពី​ម៉ោងជាង​១១​យប់​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៧​។ បន្ទាប់ពី​បង្ក្រាបបាន​ភ្លាមៗ សមត្ថកិច្ច​ក៏បាន​បញ្ជូន​រថយន្ត​ទាំង​មនុស្ស មកកាន់​ទីបញ្ជាការ​ក​ង​រាជ​អាវុធហត្ថ ខេត្តស្ទឹងត្រែង ទាំងយប់​។​

​នៅ​ព្រឹក​ថ្ងៃទី​៩​ខែសីហា សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង បានប្រគល់​រថយន្ត​ដឹកឈើ​ទៅឱ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។ សមត្ថកិច្ច​បានឱ្យដឹង​ថា ជុំវិញ​ការចុះ​បង្ក្រាប​បទល្មើសរ​ថ​យន្ត​ដឹកឈើ​នោះ ក៏មាន​ការឃាត់ខ្លួន​មនុស្ស​ពីរ​នាក់​ផងដែរ ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​គ្មាន​ការអនុញ្ញាត​ពី​ជំនាញ​។​

​មន្ត្រីរដ្ឋបាល​ព្រៃឈើ​បាន​និយាយ​ឱ្យដឹងថា រថយន្ត​ដឹកឈើ​ដែល​សមត្ថកិច្ច កងរាជអាវុធហត្ថ​បង្ក្រាបបាន​នោះ គឺជា​រថយន្ត​ប្រភេទ​សាំង​យ៉ុង​ផ្ទុក​ឈើ​ពេញ មិនទាន់បាន​វាស់​ម៉ែត្រគូប​នៅឡើយ​ទេ​។ តែ​គ្រាន់តែ​ដឹងថា ឈើ​ផ្ទុក​ក្នុង​រថយន្ត​ទាំងអស់​មាន​ចំនួន​២៥៨​ដុំ ជា​ប្រភេទ​ធ្នង់​ប្រណីត​។ ចំពោះ​មនុស្ស​ជាប់​ពាក់ព័ន្ធ​ពីរ​នាក់ សមត្ថកិច្ច​កំពុង​សាកសួរ ដើម្បី​ដាក់បន្ទុក​៕L ដោយ : សុខុម​