រីករាយ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៧ ជុំ​ទី​២ ថ្ងៃទី​១​នៅ​ខេត្តកោះកុង​

1536
ចែករម្លែក

ដោយ​: បាយ័ន / កោះកុង​: នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៨​នេះ គឺជា​ថ្ងៃទី​១ នៃ​ការចាប់ផ្ដើម​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ ដែល​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​រៀបចំ​ជាប្រចាំ​រៀងរាល់ឆ្នាំ​តាម​ខេត្ត ដែល​ស្ថិត​ជាប់​នឹង​តំបន់ឆ្នេរ​សមុទ្រ ហើយ​សម្រាប់​ឆ្នាំនេះ ខេត្តកោះកុង​ត្រូវ​ទទួល​រៀបចំ​ធ្វើ​សម្រាប់​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៧ ជុំ​ទី​២ ឆ្នាំ​២០១៨​នេះ​។

​ឆ្នាំនេះ​ក៏​មិន​ខុសពី​រៀងរាល់ឆ្នាំ​ដែរ ព្រឹត្តិការណ៍​សំខាន់ៗ នៅក្នុង​ពិធីបុណ្យ​សមុទ្រ​នេះ គឺមាន​ការតាំង​ពិ​ព័រ​ណ៌​ទំនិញ​, ផលិតផល​ក្នុងស្រុក និង​ក្រៅ​ស្រុក​, ពិ​ពរ​ណ៌​មុខម្ហូប​, ភេសជ្ជៈ​, ព្រឹត្តិការណ៍​កីឡា​, ប្រគំ​តន្ត្រី ជាមួយនឹង​ឈុត​ឆាក​សិល្បៈ​ផ្សេងៗ​ជាច្រើន​ទៀត​។

​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៧ ជុំ​ទី​២​នេះ បាន​រៀបចំឡើង​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤-១៦ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ទី​រួម​ខេត្តកោះកុង ហើយ​នៅ​ថ្ងៃស្អែក​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹង​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​បើកផ្លូវ​ការ​នៃ​ពិធីបុណ្យ​សមុទ្រ​ឆ្នាំនេះ​។

​ដោយសារ​កម្ពុជា​ទទួល​បាន​សុខសន្តិភាព​ពេញ​ផ្ទៃ​ប្រទេស ដូច​សព្វថ្ងៃ ទើប​យើង​មានឱកាស​បាន​ប្រារ​ពនូវ​កម្មវិធី​បុណ្យ​សមុទ្រ ជា​រៀងរាល់ឆ្នាំ ក៏ដូចជា​ពិធីបុណ្យ​ជាតិ​ធំៗ​ជាច្រើន​ទៀត ដើម្បីអោយ​បងប្អូន​ប្រជាពលរដ្ឋ​ទទួលបាន​ភាពសប្បាយ​រីករាយ ជាពិសេស​ធ្វើ​ឲ្យ​ភ្ញៀវ​អន្តរជាតិ កាន់តែ​ស្គា​ល់ពី​កម្ពុជា​កាន់តែខ្លាំង​ឡើង​បន្ថែមទៀត​។

​សូម​បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ មកលេង​កម្សាន្ត​ក្នុង​ពិធីបុណ្យ​សមុទ្រ​ឆ្នាំនេះ​អោយបាន​ច្រើន​កុះករ ជាពិសេស សូម​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់ ការពារ​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែល​មកលេង​បុណ្យ​សមុទ្រ​ក្នុង​រយៈពេល​០៣​ថ្ងៃនេះ​។

​សូមឱ្យ​ប្រជាពលរដ្ឋ​និង ភ្ញៀវទេសចរ​ទាំងអស់​ទទួលបាន​នូវ​ភាព​រីករាយ នៅក្នុង​ឱកាស នៃ​ការចូលរួម​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ នៅ​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ឆ្នាំនេះ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម