អតីត​ប្រមុខ​ការទូត​កម្ពុជា​នឹង​ទៅ​ចូលប្រជុំ​រដ្ឋមន្ត្រីការបរទេស​លើក​ទី​៤ នៅ​ឡាវ ពីថ្ងៃ​ទី​១៦-១៧​ធ្នូ​

814
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង អតីត​ប្រមុខ​ការទូត​កម្ពុជា នឹង​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​លើក​ទី​៤ នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ១៦-១៧ ខែធ្នូ ឆ្នាំ ២០១៨ នៅ​ទីក្រុង​ហ្លួង​ប្រា​បា​ង្គ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័​ត៍​មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កាលពី​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៨​។​

លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង អតីត​ប្រមុខ​ការទូត​កម្ពុជា (​រូប​ថ​តៈ​ឯកសារ​)​

​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​បន្តថា កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​លើក​ទី​៤ នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ក្រោម​មូលបទ “​ពង្រឹង​ភាពជា​ដៃគូ ដើម្បី​វិបុលភាព​រួម​” មាន​គោលបំណង​ពិនិត្យឡើងវិញ​នូវ​វ​ឌ្ឍ​ភាព​នៃ​កិច្ច​សហ​-​ប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង និង​លទ្ធផល​ស្តីពី​ការអនុវត្ត​ផែនការ​សកម្មភាព​ប្រាំ​ឆ្នាំ​នៃ​កិច្ច​សហ​-​ប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង (២០១៨-២០២២) និង​ពិភាក្សា​ពី​ទិសដៅ​នាពេល​អនាគត​របស់ កិច្ចសហប្រតិបត្តិការ​នេះ ដើម្បី​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព នៅក្នុង​អនុតំបន់​ទន្លេមេគង្គ​។​

​នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​លើក​ទី​៤ នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង នេះ មាន​ឯកសារ​ចំនួន​ពីរ​ដែល​រំពឹងថា​នឹងត្រូវ​អនុម័ត​គឺ​៖ សេចក្តីប្រកាស​រួម​របស់​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​លើក​ទី​៤ នៃ​កិច្ចសហប្រតិបត្តិការ មេគង្គ​-​ឡាន​ឆាង​។ របាយការណ៍​វឌ្ឍនភាព ស្តីពី​ការអនុវត្ត​ផែនការ​សកម្មភាព​៥​ឆ្នាំ របស់​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ឆ្នាំ​២០១៨​។​

​ក្នុងអំឡុងពេល​ស្នាក់នៅ​ប្រទេស​ឡាវ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នឹងមាន​ជំនួប​ទ្វេភាគី​ជាមួយ​លោក វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម