អ្នកជំនាញ​ថា​ក្នុងសម័យ​កាលណា​ក៏​វប្បធម៌​ប្រវត្តិសាស្ត្រ​នៅតែ​សំខាន់​

1263
ចែករម្លែក

ដោយៈ មេសា​/ភ្នំពេញៈ ក្នុង​សម័យកាល​ជឿនលឿន ទាំង​បច្ចេកវិជ្ជា ទាំង​សេដ្ឋកិច្ច នា​សតវត្សរ៍​ទី ២១ នេះ វិទ្យាសាស្ត្រ ហាក់ដូចជា​ត្រូវបាន​គេ​ចាត់ទុកថា​សំខាន់​ខ្លាំងណាស់ ចំណែក សិល្បៈ ប្រពៃណី​វប្បធម៌ អក្សរសាស្ត្រ និង ប្រវត្តិសាស្ត្រ​ជាតិ​វិញ ហាក់ដូចជា មិនសូវ​សំខាន់​នៅក្នុង​ចិត្ត​របស់​មនុស្ស​ក្នុងសង្គម ។ ប៉ុន្តែ​អ្នកជំនាញ​ខាង​វិស័យ​អប់រំ បាន​លើកឡើងថា ទោះ​ក្នុងសម័យ​កាលណា ក៏​ប្រពៃណី វប្បធម៌ អក្ស​សាស្ត្រ និង ប្រវត្តិសាស្ត្រ​ជាតិ នៅតែ​សំខាន់ ហើយ​វា​កាន់តែ​សំខាន់​ថែមទៀត​នៅក្នុង​សម័យកាល​ជឿនលឿន ។
​លោក​បណ្ឌិត ដុំ វណ្ណៈ ឧបការី​ព្រឹទ្ធបុរស​សាលា​បណ្តុះបណ្តាល​ថ្នាក់​ក្រោយ​ឧ​ត្ត​មសិ​ក្សា បានលើកឡើង​អំពី​សារសំខាន់ នៃ សិ​លប្បៈ វប្បធម៌ និង ប្រវត្តិសាស្ត្រ​ជាតិ​ថា  មិន​ថា​ក្នុងសម័យ​កាលណា ជាតិ​សាសន៍​ណា ឬ ក្នុងករណី​ណា​ឡើយ សិល្បៈ វប្បធម៌ អក្សរសាស្ត្រ និង ប្រវត្តិសាស្ត្រ​ជាតិ នៅតែ​សំខាន់ និង ចាំបាច់​ជានិច្ច ហើយ​អាច​និយាយថា ក្នុងសម័យ​កា​លាន់​ទំនើប សម័យកាល​កាន់តែ​ជឿនលឿន អត្តសញ្ញាណ​របស់​ជាតិ​សាសន៍​នីមួយៗ ក៏​កាន់តែ​សំខាន់ និង ចាំបាច់​ដែរ ហើយ​រឿង​ទាំងអស់នេះ សុទ្ធតែ​ឆ្លើយបំភ្លឺ​តាមរយៈ​សិល្បៈ វប្បធម៌ និង ប្រវត្តិសាស្ត្រ​របស់​ជាតិ​សាសន៍​នីមួយៗ  ។


​លោក​បណ្ឌិត ដុំ វណ្ណៈ បាន​លើក​ឧទ្ទាហរណ៍​ជាក់ស្តែង​ថា ករណី​ដែល​ខ្មែរ​បាន​ឈ្នះក្តី​លើ​ប្រាសាទព្រះវិហារ ក៏ដូចជា​អំពី​ល្ខោនខោល នាពេល​ថ្មី​នេះ​ជាដើម គឺ​សុទ្ធតែ​ពឹង​ផ្អែកលើ​ចំណេះដឹង​ផ្នែក​ប្រវត្តិសាស្ត្រ ជាសំខាន់ និង ជា​មូលដ្ឋាន ប្រសិនបើ​ខ្មែរ​មិន​ច្បាស់លាស់​អំពី​ប្រវត្តិសាស្ត្រ​របស់ខ្លួន​ទេនោះ ទោះ​ខំប្រឹង​ប្តឹងផ្តល់​យ៉ាងណា ក៏​មិនអាច​ឈ្នះ​បានដែរ ។


​លោក​បណ្ឌិត ដុំ វណ្ណៈ ទទួលស្គាល់ថា ជំនាញ​ផ្សេងទៀត ដូចជា គណិតវិទ្យា វិទ្យាសាស្ត្រ បច្ចេកទេស និង វិស្វកម្ម​ជាដើម ដែល​ហៅ​កាត់​ថា STEM នោះ គឺ​ពិត​ជាមាន​សារសំខាន់​សម្រាប់​ឆ្លើយតប​ទៅនឹង​តម្រូវការ នៃ រីកចម្រើន​ក្នុង​សតវត្សរ៍​ទី ២១ នេះ ក៏ពិតមែន​ហើយ ប៉ុន្តែ​គេ​មិនអាច​មើលរំលង ឬ ភ្លេចខ្លួន​ចំពោះ​សិល្បៈ ប្រពៃណី វប្បធម៌ និង ប្រវត្តិសាស្ត្រ ដែលជា​អត្តសញ្ញាណ​របស់ខ្លួន​ឡើយ ។​


​មិនតែប៉ុណ្ណោះ លោក​បណ្ឌិត ដុំ វណ្ណៈ បាន​លើកឡើងថា សម្រាប់​ខ្ញុំ មើលឃើញថា សតវត្សរ៍​ទី ២១ នេះ គឺជា​សតវត្សរ៍ នៃ ការរុករក​អត្តសញ្ញាណ នៃ ជាតិ​សាសន៍​នីមួយៗ​ទៀតផង ដោយហេតុថា ពេលនេះ ជាតិ​សាសន៍​នីមួយៗ ហ៊ាន និង បាន​ចំណាយធនធាន​ច្រើនឡើងៗ ដើម្បី ស្វះ​ស្វែងរក​អត្តសញ្ញាណ​របស់​ជាតិ​សាសន៍​គេ​រៀងៗ​ខ្លួន និង ស្វែងរក​អត្តសញ្ញាណ នៃ អត្តសញ្ញាណ​របស់​ជាតិ​សាសន៍​ដទៃ ព្រោះថា ជាតិ​សាសន៍​មួយ អាច​រួមរស់​សុខសាន្ត​ជាមួយគ្នា រហូត​ក្លាយជា​អ្នកមាន​ឥទ្ធិពល​ទៅលើ​ជាតិ​សាសន៍​ណា​ផ្សេងទៀត​បាន គឺ​សុទ្ធតែ​ត្រូវការ​ជា​ចាំបាច់​នូវ​ការ​ស្គាល់​ព្រលឹង ឬ អត្ត​សញ្ញា​របស់​ជាតិ​សាសន៍​ទាំងនោះ ។ ក្នុងន័យនេះ ខ្ញុំ​អាច​និយាយបានថា ទោះ​ក្នុងសម័យ​កាលណា ក៏​សិល្បៈ វប្បធម៌ ប្រវត្តិសាស្ត្រ និង អក្សរសាស្ត្រ​ជាតិ នៅតែ​សំខាន់ ហើយ​អាច​និយាយ​កាន់តែ​សំខាន់​ទៀតផង  ។​


​ចំពោះ​ប្រវត្តិសាស្ត្រ​វិញ ត្រូវបាន​ទទួលស្គាល់​ជាទូទៅ​ថា ទីទៃ​ពី​ជា​វត្ថុ​ចង្អុល​ផ្លូវ​ឱ្យគេ​ស្គាល់​ពី​អតីតកាល​ទៅ ប្រវត្តិសាស្ត្រ គឺជា​គ្រឿង​ជំនួយស្មារតី​ដ៏​សំខាន់​មួយ ដើម្បី កុំ​ឱ្យគេ​ធ្វើឱ្យ​កំហុស ដូច​ពី​អតីតកាល​ផងដែរ ៕Kh

​ប្រាសាទព្រះវិហារ និង ល​ក្ខោ​ន​ខោល គឺជា​សមិទ្ធផល​ដ៏​សំខាន់​ចំនួន ២ ដែល​លោក​បណ្ឌិត ដុំ វណ្ណៈ លើក​ឡើងជា​ឧទ្ទាហរណ៍​ថា ខ្មែរ​អាច​ឈ្នះ​បាន​ដោយសារ​កត្តា​វប្បធម៌ និង ប្រវត្តិសាស្ត្រ​ជា​មូលដ្ឋាន​សំខាន់បំផុត ( ​រូបៈ ឯកសារ​ )

ទីតាំងផ្សាយពាណិជ្ជកម្ម