បវរកញ្ញា​អេ​ស្ប៉ា​ញ​ក្លាយជា​បុរស​កែ​ភេទ​ទី​១​ដែល​មក​ប្រឡង​បវរកញ្ញា​ចក្រវាល​

1269
ចែករម្លែក

​បវរកញ្ញា​អេ​ស្ប៉ា​ញ នាង អ៊ែន​ជែ​ឡា ផុន (Angela Ponce) កំពុង​ប្រកួតប្រជែង​ក្នុងនាម​ជា​បេ​ក្ខ​នារី​កែ​ភេទ​ទីមួយ​ក្នុង​ប្រវត្តិសាស្ត្រ ៦៦ ឆ្នាំ​របស់​បវរកញ្ញា​ច​ក្រ​វាល​។​

​កំពូល​សម្រស់​អេ​ស្ប៉ា​ញ​រូបនេះ​កំពុង​បង្កើត​ប្រវត្តិសាស្ត្រ ចាប់តាំងពី​កម្មវិធី​ប្រឡង​បវរកញ្ញា​ចក្រវាល​បាន​ផ្លាស់ប្តូរ​គោលនយោបាយ​ចាស់វស្សា​របស់ខ្លួន​ក្នុង​ឆ្នាំ ២០១២ ដែល​ចែងថា អ្នកចូលរួម​ប្រឡង​ត្រូវតែ​ជា “​ស្ត្រីភេទ​ពី​កំណើត​ធម្មជាតិ​ពិតៗ​”​។ ការកែប្រែ​នេះ​បានផ្តល់​សិទ្ធិ​ដល់​បុរស​កែ​ភេទ​ចូល​ប្រឡង​និង​ដូចជា​ការរិះគន់​ខ្លាំងៗ​មួយ​ចំពោះ​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ ដែល​បំបិទ​សិទ្ធិ​អ្នក​កែ​ភេទ​។​

​ពន្យល់​ពី​ការ​រអ៊ូរទាំ​របស់​នាង បវរកញ្ញា​វ័យ ២៧ ឆ្នាំ​រូបនេះ និយាយថា “​តើ​អ្នកណា​ដែល​មិន​ធ្លាប់​រងគ្រោះ​ពី​ការរើសអើង​? តើ​អ្នកណា​ដែល​មិនត្រូវ​ប្រឈម​ទប់ទល់​នឹង​ការ​សម្លុត​កំហែង​?”​។​

​នៅ​ខាងក្រៅ​ជញ្ជាំង​នៃ​ទីតាំង​ប្រឡង​បវរកញ្ញា​ចក្រវាល កន្លែង​ដែល​វគ្គ​ផ្ដាច់ព្រ័ត្រ​នឹងត្រូវ​ធ្វើ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​នៅ​ទីក្រុង​បាងកក​របស់​ថៃ សហគមន៍​អ្នក​កែ​ភេទ​នៅតែ​ត្រូវគេ​រឹតត្បិត​សិទ្ធិ​និង​យល់​ខុស​មកលើ​ពួកគេ​រហូត ជាមួយ​អត្រា​នៃ​ការធ្វើអត្តឃាត​កើនឡើង​យ៉ាងខ្ពស់​។​

​របាយការណ៍​លេច​ធ្លាយ​មួយ​របស់​សេត​វិមាន​បាន​និយាយថា រដ្ឋបាល​របស់លោក​ប្រធានាធិបតី​ត្រាំ​កំពុង​ពិចារណា​ជំរុញ​កែ​ច្បាប់​ដែល​កំណត់​ភេទ​ពី​កំណើត ខណៈ​ព្យាយាម​រារាំង​មនុស្ស​កែ​ភេទ​មិន​ឱ្យចូល​បម្រើ​យោធា​។​

​នាង​ផុន​ក៏បាន​ឆ្លើយតប​ផងដែរ​ទៅ​លោក​ត្រាំ អតីត​ម្ចាស់​កម្មវិធី​ប្រឡង​បវរកញ្ញា​និង​អ្នក​ផ្សេងទៀត​ដែល​ព្យាយាម​បំបិទ​សិទ្ធិ​នាង ដោយសារតែ​រូបរាង​ពី​កំណើត​របស់​នាង​។​

​នាង​ផុន​និយាយថា “​ខ្ញុំ​តែងតែ​និយាយថា ការ​មាន​យោនី​មិនបាន​ប្រែក្លាយ​ខ្ញុំ​ទៅជា​នារី​ម្នាក់​បានទេ​។ ខ្ញុំ​ជាម​នុស្ស​ស្រី​រួចទៅហើយ​តាំងពី​កំណើត ពីព្រោះ​អត្តសញ្ញាណ​របស់ខ្ញុំ​គឺ​នៅទីនេះ​”​។​

​នាង​ផុន​បន្តថា “​អ្នក​ខាងក្រៅ​និយាយ​នូវ​អ្វីដែល​ខ្ញុំ​អាចធ្វើ​បាន​និង​អ្វីដែល​ខ្ញុំ​មិនអាច​ធ្វើបាន និង​និយាយ​ពីអ្វី​ដែលជា​ខ្ញុំ និង​ពីអ្វី​ដែល​មិនមែនជា​ខ្ញុំ​។ អត់​ទេ ខ្ញុំ​សុំទោស​។ ដើម្បី​ក្លាយជា​ស្ត្រី​គឺ​ត្រូវ​ស្គាល់​អត្តសញ្ញាណ​របស់​អ្នក​។ វា​មិន​សំខាន់​ទេ​ថា​តើ​អ្នកមាន​ពណ៌​សម្បុរ​ស ឬ ខ្មៅ មាន​ទ្វារមាស ឬ​លិង្គ​នោះ​”៕ ដោយ៖ កញ្ញាដាលីស

បវរកញ្ញា​អេ​ស្ប៉ា​ញ នាង អ៊ែន​ជែ​ឡា ផុន


ទីតាំងផ្សាយពាណិជ្ជកម្ម