ជនសង្ស័យ​ម្នាក់​ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន ករណី​ប្លន់​ម៉ូតូ​នៅ​ស្រុក​ឧដុង្គ​

772
ចែករម្លែក

ដោយ​: សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​: នៅ​ព្រឹក​ថ្ងៃទី​១៥​ខែធ្នូ​ឆ្នាំ​២០១៨ តុលាការ​បានសម្រេច​ឃុំខ្លួន​ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​បក្ខពួក​បីនាក់ ដាក់ពន្ធនាគារ​បណ្តោះអាសន្ន ករណី​ប្លន់​ម៉ូតូ​នៅ​ស្រុក​ឧដុង្គ​។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ អ៊ុ សុខ​ជាតិ អាយុ​២៤​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ពាម ឃុំ​រកា​កោង ស្រុក​មុខកំពូល ខេត្តកណ្តាល​។ និង​បក្ខពួក​ពីរ​នាក់​ទៀត ១.​ឈ្មោះ អ៊ុ សុខ​ចេង ហៅ​ស្វិត អាយុ​២១​ឆ្នាំ ២.​ឈ្មោះ ស្វិ​ច អាយុ​ប្រហែល​ជាង​២០​ឆ្នាំ ទីលំនៅ​មិន​ច្បាស់លាស់​។​

​គួរ​រំលឹក​ផង​ដែលថា កាលពី​ថ្ងៃទី​១១​ខែធ្នូ​ឆ្នាំ​២០១៨ នៅ​ចំណុច​កា​រ៉ា​ស​សាំង​តេ​លា ស្ថិត​ក្នុងភូមិ​ត្រពាំង​ខ្នារ​ឃុំ​យុទ្ធ​សាមគ្គី​ស្រុក​ឧដុង្គ ជនសង្ស័យ​និង​បក្ខពួក​បានធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ​ពី​ជនរងគ្រោះ​ឈ្មោះ​ស៊ិន​សោភា​ភេទ​ស្រី​អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ ខណៈ​ជនរងគ្រោះ​ឈប់​ម៉ូតូ​មិនបាន​ដក​សោ​ចេញពី​ម៉ូតូ ហើយ​ជនសង្ស័យ​បាន​ប្រើល្បិច​ចូល​ចាក់​សាំង រួច​ឆ្លៀតឱកាស​ប្លន់​យកតែ​ម្តង​។​

​ប្រភព​ដដែល​បន្តថា ម៉ូតូ​ដែល​ជនសង្ស័យ​ប្លន់​បាន​ម៉ាក​ស្គុ​ប​ពី​ពណ៌​ខៀវ​គ្មាន​ស្លាក​លេខ ហើយ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​និង​បក្ខពួក​ធ្លាប់ធ្វើ​សកម្មភាព​ប្លន់​នៅ​ឃុំ​វិហារ​សួគ៌​ចំនួន​ពីលើ​ក និង​កំពង់ស្ពឺ​ចំនួន​ពីរលើក​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​តាម​ដីកា​លេខ​១០០០ ចុះ​ថ្ងៃទី​១៣​ខែធ្នូ​ឆ្នាំ​២០១៨ របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​លោក​ថៃ​គឹម​មុនី​៕