ប៉ូលិស​ចាប់ខ្លួន​អ្នក​បង្ហោះ​វិ​ដេ​អូ​កាត់ត​ក្រុម​ជនជាតិ​ចិន​មួយក្រុម​កាប់​គ្នា​

862
ចែករម្លែក
  • 466
    Shares

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ប៉ូលិស​ចាប់ខ្លួន​ជនសង្ស័យ​ឈ្មោះ អ៊ីង ហ៊ុម ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ស្នាក់នៅ ភូមិ​តា​ង៉ូ​វ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ដែល​ពាក់ព័ន្ធ​កាត់ត​វិ​ដេ​អូ​ក្រុម​ជន​ជាតិចិន​មួយក្រុម​កាប់​គ្នា បង្ហោះ​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ធ្វើ​ឲ្យ​មានការ​ភ័ន្តច្រឡំ​។ ការចាប់ខ្លួន​ជនសង្ស័យ​រូបនេះ កាលពី​យប់​ថ្ងៃទី​១៥ ខែធ្នូ យកមក​សាកសួរ​នៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​។​

​ការចាប់ខ្លួន​នេះ គឺ​បន្ទាប់ពី​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជា​បើក​ការស្រាវជ្រាវ និង​ស៊ើបអង្កេត​ជន​ដែល​បង្ហោះ​វីដេអូ​កាត់ត ជនជាតិ​ចិន​កាប់​គ្នា នៅ​រាជធានី​ភ្នំពេញ ក្នុង​ចេតនា​ដើម្បី​បំពុលបរិយាកាស ឬ​ចេតនា​អាក្រក់​ណាមួយ ចំពោះ​រាជរដ្ឋាភិបាល​។

​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក៏បាន​បដិសេធចោល​ទាំងស្រុង នូវ​ខ្សែ​វីដេអូ​ឃ្លី​ប​មួយ ដែល​បាន​បង្ហោះ​ចែកចាយ​គ្នា ក្នុង​បណ្ដាញ​សង្គម នូវ​រូបភាព​ឃោរឃៅ​កាប់​ចាក់​គ្នា ដែល​អះអាងថា កើត​នៅ​រាជធានី​ភ្នំពេញ​។​

​អ្នកនាំពាក្យ​បញ្ជាក់ថា វីដេអូ​ដែល​បង្ហោះ​តាម​បណ្ដាញ​សង្គម​នេះ មិនមែន​ជាការ ពិត​ដូច​កើតមាន តាម​ខ្សែ​វីដេអូ​នេះឡើយ​។ តាម​ការពិនិត្យ​របស់​សមត្ថកិច្ច នៃ​ក្រុម​ជំនាញ បាន​បញ្ជាក់ថា វីដេអូ​នេះ មានការ​កាត់ត​រូបភាព​ក្នុង​ចេតនា​បំពុល បរិយាកាស​សង្គម បង្ក​ឲ្យ​មានការ​ភ័ន្តច្រឡំ និង​បង្កើត​ឲ្យ​មានការ​រើសអើង​ពូជសាសន៍​ក្នុងប្រទេស​កម្ពុជា​៕

ទីតាំងផ្សាយពាណិជ្ជកម្ម