ត្រាក់ទ័រ​និង​ម៉ូតូ​បុក​គ្នា​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​នៅនឹងកន្លែង​

699
ចែករម្លែក

ដោយ​: បាយ័ន / សៀមរាប​: កាលពី​វេលា​ម៉ោង​១៨​និង​៣០​នាទី​ល្ងាច ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ខាងជើង​ភូមិ​ត្រាំសសរ ឃុំ​ប្រិ​យ៍ ស្រុក​ស្រីស្នំ ខេត្តសៀមរាប ចម្ងាយ​ប្រហែល​១៥០​ម៉ែត្រ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​រវាង​ម៉ូតូ​និង​ត្រាក់​ទ​រ័​ដឹក​ម៉ាស៊ីន​ច្រូតស្រូវ ដែល​ធ្វើ​ការបើកបរ​បញ្ច្រាស​គ្នា ហើយ​ប៉ះ​ជាមួយ​ម៉ូតូ​មួយគ្រឿង បណ្តាល​ឲ្យ​ភាគី​ខាង​ម៉ូតូ​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​។

​សមត្ថកិច្ច​នគរបាល​ស្រុក​ស្រីស្នំ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​អ្នកបើកបរ​ត្រាក់ទ័រ​ដឹក​ម៉ាស៊ីន​ច្រូតស្រូវ​នោះ បានធ្វើ​ការបើក​បរដែ​ល​មាន​ទិសដៅ​ពី​លិចទៅ​កើត ដែល​បញ្ច្រាស​គ្នា​ជាមួយនឹង​ម៉ូតូ​។ លុះដល់​កន្លែងកើតហេតុ ស្រាប់តែ​ភាគី​ទាំងពីរ​បាន​បុក​មួយ​ទំហឹង បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​របួសធ្ងន់​បាក់ជើង​ខាងឆ្វេង​និង​ក្បាល​ខាងឆ្វេង ហើយ​បែក​មួកសុវត្ថិភាព និង​ស្លាប់​ភា្ល​មៗ​នៅនឹងកន្លែង​កើតហេតុ​។​

​សមត្ថកិច្ច​ក៏បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀតថា អ្នកបើកបរ​ម៉ូតូ​មានឈ្មោះ ឡាន់ ចូ​វ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ប្រិ​យ៍​១ ឃុំ​ប្រិ​យ៍ ស្រុក​ស្រីស្នំ ខេត្តសៀមរាប មុខរបរ​បុគ្គលិក​ធ​នាគា​ហត្ថា​កសិករ​។ ដោយឡែក​អ្នកបើកបរ​ត្រាក់​ទ​រ័​ឈ្មោះ ភ​ណ្ឌ័ សា​វឿ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ធា​ស្នា ឃុំ​ស្នួល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប មិនបាន​រងរបួស​អ្វី​នោះទេ​។​

​បច្ចុប្បន្ន​សាកសព​ត្រូវបាន​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី និង​វត្ថុតាង​ផ្សេងៗ​ត្រូវ​បញ្ជូនទៅ​អធិការនគរបាល​ស្រុក​ស្រីស្នំ ដើម្បី​ចាំ​ចាត់ការ​បន្ត​តាម​នីតិវិធី​នៃ​ច្បាប់​៕ បាយ័ន​